ភ្នំពេញ៖ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា នឹងបើកកម្មវិធី តាំងពិព័រណ៍រូបថត «ឯណាទៅ យុត្តិធម៌ខ្ញុំ?» ដើម្បីបង្ហាញពីការប្រឈម និងបទពិសោធន៍ដែល ជនរងគ្រោះនៃ និទណ្ឌភាព នៅកម្ពុជាបានជួបប្រទះ មុនទិវាសិទ្ធិមនុស្សអន្តរជាតិ១០ធ្នូ។
សេចក្តីប្រកាសព័ត៌មាន របស់CCHR នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៤នេះ បានឲ្យដឹងថា កម្មវិធីធ្វើឡើងនៅថ្ងៃទី៩ ខែធ្នូចាប់ពីម៉ោង៦ល្ងាច នៅផ្ទះមេត្តា ផ្ទះលេខ៣៧ មហាវិថីសុធារស សង្កាត់ទន្លេបាសាក់។
ខណៈដែលជនរងគ្រោះនៃនិទណ្ឌភាពមានទម្រង់ផ្សេងៗគ្នា ហើយរាប់បញ្ចូលទាំង អ្នកកាសែត ជនរងគ្រោះនៃបញ្ហាដីធ្លី បាតុករ សហជីពកម្មករ ដែលបានចូលរួមបាតុកម្ម និងអ្នកស្រឡាញ់ភេទដូចគ្នា ដែលពួកគេទាំងអស់សុទ្ធតែ មិនអាចទទួលបាន យុត្តិធម៌ក្នុង បទល្មើស ដែលរងការរំលោភបំពាន។ ការតាំងពិព័រណ៍នឹងប្រមូល ការគាំទ្រពីសាធារណជន ឲ្យបានកាន់តែច្រើនបន្ថែមទៀត ដើម្បីឲ្យរាជរដ្ឋាភិបាលកម្ពុជា ចាត់វិធានការណ៍ ក្នុងការបញ្ចប់និទណ្ឌភាព៕