Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

លោក ចាន់ សុវ៉េត សកម្មជនសំខាន់ មួយរូប ជួយស្រោច ស្រង់ស្ថានភាព សិទ្ធិមនុស្សនៅកម្ពុជា

$
0
0

ភ្នំពេញ៖ លោក ចាន់ សុវ៉េត សកម្មជនការពារសិទ្ធិមនុស្ស នៃអង្គការអាដហុក បានលាចាកមាតុភូមិកម្ពុជាជារៀងរហូតកាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ម្សិលមិញនេះ ក្នុងជន្មាយុ ៥១ឆ្នាំ ដោយសារជំងឺលើសឈាម បន្ទាប់ពីរូបលោកបានបំពេញបេសកកម្មបង្ហាញការ លើកកម្ពស់សិទ្ធិជនរួមជាតិកម្ពុជាជាចុងក្រោយ ដោយការដើរដង្ហែក្បួនអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ។ ជាការនឹកស្មានមិនដល់មួយ មន្រ្តីដែលបូជាអស់កម្លាំងកាយចិត្តសម្រាប់សិទ្ធិរបស់ពលរដ្ឋកម្ពុជា ត្រូវបានទទួលមរណៈនៅចំថ្ងៃទិវាសិទ្ធិមនុស្សផងដែរ។

លោក ចាន់ សុវ៉េត ត្បិតវិញ្ញាណរូបកាយរបស់លោក បានឃ្លាតចាកឆ្ងាយទៅហើយក្តី តែអ្វីដែលធ្វើឲ្យប្រជាពល  រដ្ឋខ្មែរជាច្រើននាក់ ជាពិសេសពលរដ្ឋក្រីក្រតាមទីជនបទ អ្នកមានជម្លោះដីធ្លី បូករួមទាំងអ្នកព័ត៌មានផងដែរ នៅ តែចងចាំរូបលោកជារៀងរហូត។ ក្នុងមួយជន្មាយុរបស់លោក ចាន់ សុវ៉េត បានបូជាអស់កម្លាំងកាយចិត្ត ដើម្បី ស្រោចស្រង់ស្ថានភាពសិទ្ធិរបស់ពលរដ្ឋកម្ពុជា ឲ្យមានស្ថានភាពល្អប្រសើរឡើង និងជួយបង្ហាត់បង្ហាញពន្យល់ ពលរដ្ឋខ្មែរតាមទីជនបទឲ្យយល់ពិសិទ្ធិរបស់ខ្លួន និងចេះប្រើប្រាស់នូវសិទ្ធិរបស់ខ្លួន ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ  នៃព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីរូបលោក បានចូលបម្រើការងារជាអ្នកការពារសិទ្ធិមនុស្សនាឆ្នាំ ១៩៩៥។

លោក ចាន់ សុវ៉េត ក្នុងតួនាទីជាអ្នកការពារសិទ្ធិពលរដ្ឋកម្ពុជា លោកតែងតែបង្ហាញវត្តមានរាល់កន្លែងតវ៉ារបស់ ប្រជាពលរដ្ឋ ឬសហគមន៍រងគ្រោះដោយការបញ្ហាដីធ្លី។ លោក ជាសកម្មជនការពារសិទ្ធិមនុស្សមួយរូប ដ៏អង់  អាច និងហ៊ានរិះគន់លើមន្រ្តីរាជរដ្ឋាភិបាលលើបញ្ហាសិទ្ធិមនុស្ស ដោយមិនសំចៃមាត់ឡើយ។

លោក ចាន់ សុវ៉េត ក៏ធ្លាប់បានរត់ភៀសខ្លួនជាច្រើនលើក ពីការតាមចាប់របស់សមត្ថកិច្ច ក្នុងសំណុំរឿងការពារ  ប្រជាពលរដ្ឋមានជម្លោះដីធ្លី។

លោក ចាន់ សុវ៉េត បានលះបង់ពេលវេលា បម្រើប្រជាពលរដ្ឋកម្ពុជា ស្ទើរគ្រប់ករណីរំលោភសិទ្ធិមនុស្ស និងរឿង អយុត្តិធម៌សង្គម នៅក្នុងប្រទេសកម្ពុជា ចាប់ពីលោកចូលបម្រើក្នុងវិស័យសិទ្ធិមនុស្សនេះ រហូតរៀងមកប្រកប  ដោយឆន្ទៈដ៏ខ្ពង់ខ្ពស់បំផុត។ លោកត្រូវបានប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន អង្គការជាតិ-អន្តរជាតិ ចាត់ទុកជាមនុស្ស ដ៏សំខាន់ម្នាក់ ដែលគួរឲ្យគោរពរាប់អាន។

លោក ចាន់ សាវ៉េត បានកើតនៅឆ្នាំ១៩៦៣ ក្នុងភូមិកណ្តាល ឃុំព្រៃរ៉ៃ ស្រុកល្វាឯម ខេត្តកណ្តាល ជាកូនកសិ  ករ មានឪពុកឈ្មោះ និត ពាន (ស្លាប់សម័យប៉ុលពត) និងម្តាយឈ្មោះ ចាន់ សារឿន ស្លាប់ឆ្នាំ១៩៨០ ដោយ  សារការធ្វើអំពើទារុណកម្មក្នុងសម័យប៉ុលពត។ មរណភាពអ្នកមានគុណទាំងពីរ បានបន្សល់ទុកកុមារា ចាន់ សុ វ៉េត និងបងប្អូនប្រុសស្រី ៤នាក់ផ្សេងទៀត ក្លាយជាកុមារកំព្រា រស់នៅជាមួយម្តាយមីងជាស្រ្តីមេម៉ាយ ឈ្មោះ  និត ស៊ី ម៉ន ( ប្តីស្លាប់សម័យប៉ុលពត) និងជាមួយម្តាយធំឈ្មោះ និត អឿន ពួកគាត់ជាស្រ្តីទាំង២នាក់ ចាប់តាំងពី ទសវត្សរ៍ឆ្នាំ ៨០។

កុមារា ចាន់ សុវ៉េត បានបញ្ចប់ការសិក្សាថ្នាក់ទី៨ ក្នុងរបប លន់ នល់។ ការសិក្សារបស់លោក ត្រូវបានបញ្ចប់ក្នុង របស់ខ្មែរក្រហម។ ក្រោយរបបខ្មែរក្រហមដួលរលំនៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ លោក ចាន់ សុវ៉េត បានរស់ ជាកុមារកំព្រានៅសំណង់កូឡាបក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ។ នៅឆ្នាំ១៩៨០-១៩៨៥ លោក ចាន់ សូវ៉េត  ចូលរៀនសាលាបឋមសិក្សាវត្តកោះ ហើយឆ្នាំ១៩៨៥-១៩៨៨ បន្តការសិក្សានៅអនុវិទ្យាល័យបឹងត្របែក។ ឆ្នាំ ១៩៨៨-១៩៩០ ទទួលបានសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។ ក្រុមគ្រួសារ មិត្តភក្តិរបស់លោក ចាន់ សុវ៉េត  បានបញ្ជាក់ថា កុមារា ចាន់ សុវ៉េត ជាសិស្សសរសរទ្រូងប្រទេសជាតិ និងរៀនពូកែម្នាក់។

បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បាក់ឌុប លោក ចាន់ សុវ៉េត មើលឃើញពីជីវភាពគ្រួសារខ្វះខាត ក៏ចាកចេញទៅ រកការងារធ្វើនៅជាយដែនជំរុំខាវអីដាងនាឆ្នាំ១៩៩០ ដោយបានបម្រើការងារជាគ្រូបង្រៀន និងទទួលបានអាហា រូបករណ៍បន្តការសិក្សាថ្នាក់បរិញ្ញាបត្រនៅមហាវិទ្យាល័យជូឡាឡុងកន លើជំនាញច្បាប់ និងចំណេះដឹងលើសិទ្ធិ មនុស្សផងដែរ។

លោក ចាន់ សុវ៉េត បានវិលមកប្រទេសកម្ពុជាវិញនិងបានធ្វើជាគ្រូបង្រៀនភាសាអង់គ្លេសនៅសាលាបឋមសិក្សា សំពៅមាសនាឆ្នាំ១៩៩៣-១៩៩៤ ហើយក៏បានធ្វើជាមន្ត្រីបម្រើការងារបោះឆ្នោតជាមួយអាជ្ញាធរបណ្តោះអាសន្ន អង្គការសហប្រជាជាតិ ហៅកាត់ថាអ៊ុនតាក់។ នៅឆ្នាំ ១៩៩៨-២០០១ លោក ចាន់ សុវ៉េត បានរៀនបន្តយកបរិ  ញ្ញាបត្រច្បាប់ និងឆ្នាំបន្តបន្ទាប់ទៀតលោកខិតខំរៀនយកថ្នាក់អនុបណ្ឌិតច្បាប់ នៅសាកលវិទ្យាល័យមួយក្នុង រាជធានីភ្នំពេញ។

លោក ចាន់ សុវ៉េត បានរៀបអាពាហ៍ពិពាហ៍នៅឆ្នាំ១៩៩៨ ជាមួយអ្នកស្រី ប៊ី សុភាព បច្ចុប្បន្នអាយុ ៤៥ឆ្នាំ មិន មានមុខរបរទេ នៅមើលថែរកូនៗ។ ចំណងអាពាហ៍ពិពាហ៍នេះ លោក ចាន់ សុវ៉េត ទទួលបានកូន ៣នាក់។

កូនប្រុសទី១. ឈ្មោះ ចាន់ សុវិសាល អាយុ ១៦ឆ្នាំ ទើបតែបញ្ចប់ថ្នាក់បាក់ឌុបថ្មីៗក្នុងឆ្នាំនេះ។ កូនប្រុសទី២. ឈ្មោះ ចាន់ សុវុទ្ធី អាយុ ១៣ឆ្នាំ រៀនថ្នាក់ទី៨ អនុវិទ្យាល័យទួលទំពូង។ កូនស្រីពៅ ឈ្មោះ ចាន់ សុលីកា អាយុ ៩ឆ្នាំ រៀនថ្នាក់ទី៣ បឋមសិក្សាទួលទំពួង។

លោក ឆាយ ធី អ្នកសម្របសម្រួលរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ខេត្តរតនគិរី បានរៀបរាប់លើទំព័រ  ហ្វេសប៊ុករបស់លោកថា លោក ចាន់ សុវ៉េត ជាអតីតប្រធានដ៏ល្អ តែងតែមានចិត្តសន្តោសប្រណី ជាពិសេស ពេលដឹងថា រូបលោកជាកូនកំព្រា លោក ចាន់ សុវ៉េត តែងតែផ្តល់នូវអនុសាសន៍ល្អៗ និងជួយជំរុញលើកទឹកចិត្ត  និងបង្រៀនជារៀងរហូត។ «ខ្ញុំចាំមិនភ្លេចនូវពាក្យពេចន៍ ដែលគាត់ធ្លាប់ប្រាប់ ធ្លាប់បង្រៀន ណែនាំខ្ញុំឲ្យធ្វើជា មនុស្សល្អ.... មិនត្រឹមតែប៉ុណ្ណោះ គាត់ក៏បានចែករំលែកនូវបទពិសោធន៍ខ្លះៗ (ការងារ និង គ្រួសារ) ដែលគាត់ មានមកឲ្យខ្ញុំដឹង ដើម្បីយកទៅអនុវត្តនៅជីវិតប្រចាំថ្ងៃ»។ «ពាក្យសរសើរពាក្យផ្តល់កម្លាំងចិត្ត គឺខ្ញុំចាំ ហើយនិង ចាំជារៀងរហូតផងដែរ»។

លោក ឆាយ ធី បានបន្តថា លោក ចាន់ សុវ៉េត តែងតែជួយដល់ប្រជាពលរដ្ឋក្រីក្រគ្រប់មជ្ឈដ្ឋាន និង មិនដែល រើសអើង ប្រកាន់នូវបក្ខពួក ឬនយោបាយអ្វីទាល់តែសោះ គាត់បានលះបង់ច្រើនណាស់ សូម្បីតែកិច្ចការខ្លះមាន ហានិភ័យ ក៏គាត់នៅតែប្រយុទ្ធ ដើម្បីជួយរកដំណោះស្រាយដល់ប្រជាជនក្រីក្រ។

បេសកកម្មការពារសិទ្ធិមនុស្សរបស់លោក ចាន់ សុវ៉េត ត្រូវបានបិទបញ្ចប់ជារៀងរហូត ត្រឹមម៉ោងប្រមាណ ២  និង៥៥នាទីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ បន្ទាប់រូបលោកបានវិលត្រឡប់ពីការដើរដង្ហែក្បួនអបអរសាទរទិវា  សិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ខួបឆ្នាំលើកទី៦៦។ លោកបានលាចាកលោក ដោយសារជំងឺលើសឈាម។

ភរិយារបស់លោក ចាន់ សុវ៉េត បានរៀបរាប់ទាំងក្តុកក្តួលថា ក្រោយត្រឡប់ពីដង្ហែក្បួន លោក ចាន់ សុវ៉េត បាន  រអ៊ូថា មិនស្រួលខ្លួន គាត់ជាភរិយាក៏បានកោសខ្យល់ឲ្យ។ ក្រោយពេលកោសខ្យល់រួច លោក ចាន់ សុវ៉េត បាន រអ៊ូថា ឈឺដើមទ្រូង ហើយក៏បាត់មាត់បាត់ករហូតតែម្តងនៅលើគេហដ្ឋាន របស់លោកក្នុងសង្កាត់បឹងកេងកង  ខណ្ឌចំការមន។

នៅមុនពេលលាចាកលោកនេះ លោក ចាន់ សុវ៉េត បានបន្សល់នូវបណ្តាំចុងក្រោយ ដោយចង់ឲ្យកូនប្រុសរបស់  លោកក្លាយជាអ្នកព័ត៌មាន។ អ្នកព័ត៌មានភ្នំពេញប៉ុស្តិ៍ លោក ម៉ៃ ទិត្យធារ៉ា បានប្រាប់ឲ្យដឹងថា នៅមុនពេលស្លាប់  លោក ចាន់ សុវ៉េត បានជួបជាមួយរូបលោក ដែលជាអ្នកធ្លាប់ស្គាល់ចិត្តថ្លើមគ្នាច្រើននោះ ហើយបានផ្តាំផ្ញើឲ្យ  ជួយយកកូនប្រុសរបស់លោកទើបជាប់បាក់ឌុប ឲ្យបានចូលបម្រើការងារស្ម័គ្រចិត្ត ឬធ្វើការក្រៅម៉ោង ក្នុងស្ថាប័ នព័ត៌មានភ្នំពេញប៉ុស្តិ៍។

សពរបស់លោក ចាន់ សុវ៉េត ត្រូវបានតម្កល់ធ្វើបុណ្យនៅវត្តទួលទទឹង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។ ថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី លោក កឹម សុខា មន្រ្តីអង្គការជាតិ អន្តរជាតិ មិត្តភក្តិរួមអាជីព ក្រុមអ្នកព័ត៌មានជាតិ អន្តរជាតិ ព្រមទាំងតំណាងប្រជាពលរដ្ឋធ្លាប់រង គ្រោះដោយសារដីធ្លីជាច្រើនទៀត បានចូលរួមរំលែកមរណទុក្ខ បង្ហាញអារម្មណ៍ក្តុកក្តួលជាមួយអនុស្សាវរីយ៍ជា  ច្រើន ដែលបានបន្សល់ទុកពេលរូបលោកនៅមានជន្មាយុ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>