ភ្នំពេញ៖ ប្រធានគណបក្សសង្រ្គោះជាតិ លោក សម រង្ស៊ី នៅក្នុងឱកាសទៅជួបសកម្មជនរបស់ខ្លួន កាលពីរាត្រី១០ ខែធ្នូ ដែលជាថ្ងៃសិទ្ធិមនុស្សអន្តរជាតិ បានបញ្ចេញយោបល់ និងថ្លែងពាក្យឌឺដង ទៅគណបក្សដែលគ្រោងបង្កើតថ្មី ដោយក្រុមអង្គការសង្គមស៊ីវិល ថាជា គណបក្សមួយមានប្រភពមិនច្បាស់លាស់ និងមិនដឹងថា រើសពូជមកពីណា។
លោក សមរង្ស៊ីបានមានប្រសាសន៍ថា ដោយសារតែគេឃើញគណបក្ស របស់លោក ទើបបង្កើតឡើងមានអ្នកគាំទ្រច្រើន និងទទួលការស្វាគមន៍ពីប្រជាពលរដ្ឋនៅ ទូទាំងប្រទេសនោះ បានជាមានអ្នកចង់បង្កើត គណបក្សថ្មីដើម្បីប្រកួតប្រជែង។ ប៉ុន្តែទោះបីជាយ៉ាងណាក៏លោក សម រង្ស៊ី មិនបានបញ្ចេញឈ្មោះឲ្យចំអ្នកណាម្នាក់នោះទេ។
លោកបានបញ្ជាក់ថា «អ្នកគេមិនសប្បាយចិត្ត គេឃើញដើមឈើយើងដាំរើសពូជ សង្រ្គោះជាតិ ដាំបាន៤ទៅ៥ខែ ស្រាប់តែលូតលាស់ធំៗចេញជាផ្លែ គេថាអត់ទេ គាបចោល ហើយគេដាំថ្មី តែមិនដឹងរើសពូជពីណាមកទេ ដើមឈើយើងធំហើយសូមជួយថែរក្សា»។
សូមបញ្ជាក់ថា គណបក្សដែលមានគម្រោង បង្កើតថ្មីនេះមានឈ្មោះ «បណ្តាញពលរដ្ឋសកម្ម ដើម្បីអភិវឌ្ឍមូលដ្ឋាន» ដែល មានសមាសភាពជនល្បីៗជាច្រើនរូបនៅកម្ពុជា មកពីបណ្តាអង្គការសង្គមស៊ីវិល បានរួមគ្នាបង្កើតឡើង ដែលក្នុងនោះគេដឹងច្បាស់ជាងគេ គឺមានលោក កែម ឡី ជាជនបង្គោលធំ។
បើតាមលោក កែម ឡី បានបញ្ជាក់ថា គម្រោង ដែលលោកបង្កើតឡើងនេះ គឺស័ក្តិសមបំផុត សម្រាប់ស្ថានភាពសង្គម កម្ពុជានាពេលបច្ចុប្បន្ន៕