ភ្នំពេញ៖ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល បានទទួលលិខិតមិត្តអ្នកអានម្នាក់ ដែលជាអ្នកស្រាវជ្រាវប្រវត្ដិ សិល្បករ អ្នកចម្រៀង កវីនិពន្ធ តន្ដ្រីករ ផលិតករ និងតារាភាពយន្ដ... ជំនាន់ដើម និងបានចេញមុខអះអាងថា “កវី វ៉ោយ ហូរ ពិតប្រាកដបានស្លាប់បាត់ទៅហើយក្នុងរបប ប៉ុល ពត ឯបុរសលេចមុខកាលពីខែមុន តាមរយៈ កញ្ចក់ទូរទស្សន៍នោះ គឺជាមនុស្សក្លែងបន្លំទេ ពោលគាត់គ្រាន់តែជាគ្រូទាញ និងជាគ្រូស្នេហ៍ តែប៉ុណ្ណោះ” ។ សូមប្រិយមិត្តអានលិខិតបំភ្លឺនេះទាំងស្រុងដូចខាងក្រោម៖
សូមបំភ្លឺជូនមហាជន
“កវី វ៉ោយ ហូរ ពិតប្រាកដបានស្លាប់បាត់ទៅហើយក្នុងរបប ប៉ុល ពត ឯបុរសលេចមុខខែមុន គឺជាមនុស្សក្លែង បន្លំទេ”
គោរពផ្ញើជូន លោកចាងហ្វាងកាសែត “ដើមអម្ពិល” ជាទីគោរព !ខ្ញុំបាទ សេង តារា ជាអ្នកស្រាវជ្រាវប្រវត្ដិ សិល្បករ អ្នកចម្រៀង កវីនិពន្ធ តន្ដ្រីករ ផលិតករនិងតារាភាពយន្ដ... ជំនាន់ដើម ហើយដែលកាលពីខែ មុនត្រូវបានអ្នកសារព័ម៌ានចោមរោមសួរនាំ ហើយខ្ញុំឆ្លើយមិនទាន់ច្បាស់លាស់ ទាក់ទងទៅនឹងការលេចមុខ របស់បុរសចំណាស់ម្នាក់មកពីខេត្ដបាត់ដំបង ដែលអះអាងថាគាត់ជាកវី វ៉ោយ ហូរ អ្នកនិពន្ធបទចម្រៀង ដ៏ល្បី ល្បាញកាលពីជំនាន់លោក ស៊ីន ស៊ីសាមុត នាអំឡុងទ.វឆ្នាំ ១៩៦០-៧០ នោះ ពេលនេះខ្ញុំបាទសូម “លាត ត្រដាងការពិត” ក្នុងនាមជាអ្នកធ្វើការខាង ផ្នែកស្រាវជ្រាវ និងតំណាងឱ្យក្រុមគ្រួសារ និងសាច់ញាតិរបស់ លោកវ៉ោយ ហូរទាំងអស់ថា បុរសចំណាស់ដែលគេអញ្ជើញ ឡើងសម្ភាសន៍តាមទូរទស្សន៍ ក្នុងស្រុកមួយចំនួន កាលពីខែមុននោះ ហើយគាត់ប្រាប់គេថា ជាលោក វ៉ោយ ហូរនោះ គឺជាមនុស្សក្លែងក្លែងមួយរយភាគរយ ។
ខ្ញុំបាទ សូមរំឮករឿងដើមមន្ដិចថា កាលពីល្ងាចថ្ងៃអាទិត្យ ទី ៩ ខែ កញ្ញា ឆ្នាំ ២០១២ កន្លងទៅ បុរសម្នាក់នេះ
បានចុចទូរសព្ទ័មកខ្ញុំ ហើយប្រាប់ខ្ញុំថា គាត់ឈ្មោះ វ៉ោយ ហូរប៉ុន្ដែថ្ងៃនោះ ខ្ញុំមិនបានចាប់អារម្មណ៍ទេ ហើយក៏ មិនសួរវែងឆ្ងាយដែរ ដោយខ្ញុំគិតថា គឺជាមនុស្សចង់បានមុខមាត់ចង់ ឱ្យគេអួតសរសើរ ហើយចង់ឱ្យខ្ញុំ សម្ភាសន៍ មកសរសេរក្នុងសៀវភៅ “មាសស្រោបនគរ” ខ្ញុំប៉ុណ្ណោះ ព្រោះកន្លងមកមានមនុស្សជាច្រើន បានចុចទូរសព្ទ័មក ប្រាប់ខ្ញុំថារូបគេជា លោកស៊ីន ស៊ីសាមុត ចាប់ជាតិជាច្រើនគ្នា មកពីខេត្ដផ្សេងៗគ្នា ហើយមិនមែនជាមនុស្ស សាមញ្ញធម្មតាទេ គឺមានទាំងព្រះសង្ឃទៅទៀតផង ដែលអះអាងថា ខ្លួនជាលោក ស៊ីន ស៊ីសាមុត ចាប់ជាតិ ឬជាកវីនេះ កវីនោះចាប់ជាតិ តែខ្ញុំមិនដែលចាប់អារម្មណ៍ឡើយ ព្រោះដឹងថា មនុស្សចង់បានមុខមាត់ ខុស របៀបបែបនេះ មានច្រើនណាស់សព្វថ្ងៃ ។
និយាយពីបុរសនោះវិញ ក្រោយពេលខ្ញុំមិនជឿ និងមិនបានអញ្ជើញមកសម្ភាសន៍ ក្រោយមកខ្ញុំស្រាប់តែឮ ដំណឹងថា មានទូរទស្សន៍មួយបានចុះទៅសម្ភាន៍ផ្ទាល់ដល់ផ្ទះជួលរបស់គាត់ឯខេត្ដបាត់ដំបង និងក្រោយមកទៀតអ្នករៀប
ចំកម្មវិធីថែមទាំងអញ្ជើញគាត់មកភ្នំពេញដើម្បីសម្ភាសន៍ផ្ទាល់តាមទូរទស្សន៍ទៀត។ ពេលនោះ មានរៀមច្បងអ្នក
និពន្ធជំនាន់ដើមខ្លះ បានហៅខ្ញុំទៅមើ់លមុខលោកតានោះជាមួយគាត់។ហើយថ្ងៃនោះ(ថ្ងៃសុក្រ ៩ វិច្ឆិកា ២០១២) ខ្ញុំបានទៅជួបលោកតានោះហើយ ខ្ញុំថែមទាំងអញ្ជើញតន្ដ្រីករ មួយចំនួនទៀត ទៅជួបលោកតានោះដែរ តែរៀមច្បង ដែលខ្ញុំនាំទៅជាមួយ ពេលឃើញភ្លាម ក៏បានខ្សឹបប្រាប់ខ្ញុំថា “មិនមែនកវី វ៉ោយ ហូរ មិត្ដភក្ដិរបស់ ពួកគាត់ទេ”...ព្រោះពួកគាត់ស្គាល់មុខ លោក វ៉ោយ ហូរច្បាស់ណាស់។ បានជាពួកគាត់ បដិសេធបែបនេះដោយ សារគាត់មានការសង្ស័យ និងភាពប្រាកដនិយម ដូចខាងក្រោម ៖
១- បើលោក វ៉ោយ ហូរនៅរស់មែន ហេតុអ្វីរយៈពេលជាង៣០ឆ្នាំហើយ មិនចេញមុខ? ទើបតែចេញពេលនេះ ?២- បុរសនោះប្រាប់គេថា បានជាគេមិនស្គាល់ ព្រោះមកពីគាត់មានជំងឺ បណ្ដាលឱ្យខូចមុខខូចស្បែក... តែរៀម ច្បងដែលខ្ញុំនាំទៅជួប ដូចជាលោក ហេ ជុនសិ លោក អ៊ុំ ដរ៉ា និងលោក អ៊ុក សំអាត (អ្នកខ្លះមើលតាម ទូរទស្សន៍) បានប្រាប់ខ្ញុំថា ទោះបីជាមានស្លាកស្នាមខ្លះក៏ដោយ ក៏គាត់អាចចំណាំបានដែរ ដូចជាត្រេ (ទម្រង់) មុខ ចរិតលក្ខណៈ និងសម្តីសំដៅ...ជាដើម ប៉ុន្ដែមិនដូចសូម្បីប៉ុនក្រចកដៃ ។
៣- បើជាលោកវ៉ោយ ហូរមែន ពេលឃើញពួកគាត់ ក៏គួរសួរនាំ ឬរំភើបភ្ញាក់ផ្អើលមិនខាន ប៉ុន្ដែបុរសនោះ មិនស្គាល់រៀមច្បងណាមួយ ដែលខ្ញុំនាំទៅជាមួយឡើយ ...។
លុះស្អែកឡើង ពេលគេសម្ភាសន៍គាត់ តាមទូរទស្សន៍ ក៏គាត់ឆ្លើយតាមសំណួរ របស់អ្នករៀបចំកម្មវិធី មិនត្រូវដែរ
ជាពិសេសអំពីប្រភព ដែលនាំឱ្យនិពន្ធបទចម្រៀងនីមួយៗ គឺនិយាយខុសមួយរយភាគរយ។ រីឯប្រវត្ដិឯកជន ផ្ទាល់ខ្លួនដូចជា ឈ្មោះ ប្រពន្ធដើម ឪពុកម្ដាយ និងបងប្អូនបង្កើតផងនោះ ក៏មិនត្រូវដែរ ។ តែយ៉ាងណាក៏ដោយ អ្នកទស្សនាជាច្រើនដែលមិនដឹងរឿងពិត បូករួមទាំងអ្នកកាសែតផង បាននាំគ្នាចុចទូរសព្ទ័មកសួនាំខ្ញុំ អំពីរឿង នេះស្ទើរគ្មានពេលសម្រាក ដោយម្នាក់ៗចង់ឱ្យខ្ញុំបញ្ជាក់បន្ថែមថា តើបុរសចំណាស់នោះ ពិតជាលោកវ៉ោយ ហូរ ឬក្លែងក្លាយ ?
ពេលនោះខ្ញុំបកស្រាយថា ខ្ញុំជឿតែ១ភាគរយទេ រីឯ៩៩ភាគរយ ខ្ញុំមិនជឿឡើយ ។ ១ភាគរយដែលខ្ញុំជឿ គឺ
ដោយសារខ្ញុំគិតថា ក្រែងលោជាវាសនារបស់លោក វ៉ោយហូរ អាចឆ្លងរួចពីទ្វារមជ្ចុរាជរបស់ប៉ុល ពត មែន ។ យ៉ាងណាក៏ដោយ ពេលនោះខ្ញុំប្រាប់អ្នកកាសែតថា ខ្ញុំនឹងស្រាវជ្រាវរឿងនេះបន្ថែម ដើម្បីរកការពិតមកបញ្ជាក់ នៅពេលណាមួយ ។ គ្រានោះ ខ្ញុំបានប្រកាសតាមទូរទស្សន៍ CTN ជាបន្ដបន្ទាប់ជម្រាបរឿងនេះ ទៅសាច់ ញាតិលោក វ៉ោយ ហូរនៅក្រៅប្រទេស ឱ្យបានដឹងនៅក្នុងកម្មវិធី សំណូមពរបទចម្រៀងមួយ ដែលគេតែងតែ អញ្ជើញខ្ញុំ ចូលរួមជាវាគ្មិនប្រចាំសបា្ដហ៍ ។ ហើយក្រោយមក ខ្ញុំបានជួបសាច់ញាតិរបស់ លោក វ៉ោយ ហូរ ជាបន្ដបន្ទាប់ ទាំងអ្នកនៅក្នុងស្រុក និងនៅបរទេសតាមទូរសព្ទ័ផង និងជួបមុខផ្ទាល់ផង ដូចជាអ្នក
ស្រីណារី (ប្អូនជីដូនមួយ) អ្នកស្រីរីណា (ក្មួយ) និងតាមនាំពាក្យ របស់អ្នកស្រី វ៉ោយ សុផារី ប្អូនស្រីបង្កើត លោកវ៉ោយហូរ នៅប្រទេសបារាំងផង ដោយពួកគាត់បានប្រាប់ខ្ញុំថា ពួកគាត់សូមបដិសេធទាំងស្រុង ចំពោះ បុរសចំណាស់នោះ គឺពិតជាមិនមែនលោក វ៉ោយ ហូរ ទេ ។
ពិសេសកាលពីប៉ុន្មានថ្ងៃមុន អ្នកស្រី រីណា ដែលត្រូវជាក្មួយលោក វ៉ោយហូរ បានធ្វើដំណើរ មកពីសហរដ្ឋ អាមេរិកតែម្ដង ហើយបានទៅជួបលោកតានោះ ដល់ផ្ទះឯខេត្ដបាត់ដំបង ដើម្បីមើលមុខផ្ទាល់ និងសួរនាំ ប្រវត្ដិដើម។ នៅពេលនោះហើយ ដែលគាត់ដឹងថា បុរសនោះក្លែងក្លាយ ដូចខ្ញុំសង្ស័យពីដំបូងមែន។ លោកតា នោះ តាមការពិតជាគ្រូទាយ និងគ្រូស្នេហ៍ទេ ។ ដូច្នេះក្នុងនាមខ្ញុំ ជាអ្នកស្រាវជ្រាវ និងត្រូវបានមហាជន នាំគ្នា បាញ់ឆ្ពោះមករកគ្រប់ៗគ្នា ដើម្បីឱ្យធ្វើសក្ខីកម្ម ខ្ញុំបាទសូមអះអាង តាមរយៈសាច់ញាតិ បងប្អូន គ្រួសារលោក វ៉ោយ ហូរ ព្រមទាំងតាមរយៈការបដិសេធ របស់រៀមច្បងជំនាន់មុនផង គឺបុរសនោះ គឺជាមនុស្សក្លែងបន្លំពិត មែន ។
ដូច្នេះ សូមអង្គភាពសារព័ត៌មាននានា ដែលបានចុះផ្សាយរឿងនេះកន្លងមក សូមជួយចុះផ្សាយបំភ្លឺព័ត៌មាន នេះជាថ្មី ដើម្បីឱ្យប្រជាពលរដ្ឋ ពិសេសអ្នកតាមដានរឿងនេះ បានជ្រាបច្បាស់ លែងយល់ច្រឡំ ហើយនាំឱ្យ ខាតបង់លុយកាក់ទៀត ។
សូមលោកចាងហ្វាងកាសែត មេត្ដាទទួលនូវការគោរពដ៏ខ្ពង់ខ្ពស់អំពីខ្ញុំ ។
ភ្នំពេញ ថ្ងៃទី ១៤ ធ្នូ ឆ្នាំ ២០១២
សេង តារា