ភ្នំពេញ ៖ ប្រជាពលរដ្ឋខ្មែរ ដែលមានអាយុចាប់ពី ៤០ឆ្នាំឡើងទៅ ពិតជាបានដឹងច្បាស់ អំពីអ្នកនយោបាយខ្មែរ សម័យមុនៗ បានធ្វើការចោទប្រកាន់គ្នា ដោយថា អ្នកនោះ ឬក្រុមនោះជាខ្មែរក្រហម អ្នកនេះ ឬក្រុមនេះជាខ្មែរខៀវ ហើយអ្នក ឬក្រុមមួយទៀត ជាខ្មែរស៊ីជម្ពូជាដើម ។ ក្រៅពីល្បិចកលលាបពណ៌នេះ អ្នកនយោបាយមុនៗ ក៏បាន ចោទប្រកាន់ថា អ្នកនេះ អ្នកនោះ ជាចារកម្មបង្កប់ស៊ើបយកការណ៍ ឲ្យចក្រពត្តិអាម៉េរិក, សហភាពសូវៀត និងយួនជា ដើម។
ការលាបពណ៌ និងចោទប្រកាន់ ពុំមានភស្តុតាងច្បាស់លាស់ គ្រប់គ្រាន់ ឲ្យតែចំណេញនយោបាយរបស់ខ្លួននេះហើយ ទើបបណ្ដាលឲ្យប្រទេសខ្មែរ កើតជាសង្គ្រាម និងស្លាប់ប្រជាជនខ្មែរ អស់ជាច្រើនលាននាក់ ជាពិសេស សម័យកម្ពុជា ប្រជាធិបតេយ្យ (ខ្មែរក្រហម)។ ចំពោះ លោក សម សារី ជាអ្នកនយោបាយសម័យមុនៗ ដែលត្រូវជាឪពុករបស់ លោក សម រង្ស៊ី ជាប្រធានគណបក្សសង្គ្រោះជាតិបច្ចុប្បន្ន ក៏ត្រូវគេចោទប្រកាន់ថា ជាជនក្បត់ជាតិដែរ រហូតមានចារ នៅក្នុងប្រវត្តិសាស្ត្រទៀតផង ។ ដូច្នេះ យើងជឿថា ក្នុងនាមជាកូនមានកតញ្ញូតាធម៌ ចំពោះបិតារបស់ខ្លួន ពិតជានៅ មិនសុខឡើយ នៅពេលឮគេនិយាយ ឬអានចំពាក្យ ថា «លោក សម សារី ជាមនុស្សក្បត់ជាតិខ្មែរ»។
រឿងរ៉ាវលាបពណ៌ ចោទប្រកាន់ទាំងទទឹងទិស ជាប្រវត្តិសាស្ត្រទៅហើយនេះ គួរតែលោក សម រង្ស៊ី យកជាមេរៀន ហើយជៀសឲ្យឆ្ងាយ កុំឲ្យមានការឈឺចាប់តទៀត ប៉ុន្តែផ្ទុយទៅវិញ លោក សម រង្ស៊ី នៅតែរើសយកមកដាក់ខ្លួន និង អនុវត្តដោយចោទប្រកាន់ទៅលើក្រុមមួយ ដែលមានបំណងបង្កើតគណបក្សនយោបាយ នាពេលខាងមុខ។ ខាង ក្រោមនេះ យើងសូមលើកយកប្រសាសន៍ របស់ប្រធានគណបក្សសង្រ្គោះជាតិ គឺលោក សម រង្ស៊ី ដែលបានថ្លែងពាក្យ ឌឺដង នៅក្នុងឱកាស ទៅជួបសកម្មជនរបស់ខ្លួន កាលពីយប់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ ដែលជាថ្ងៃទិវាសិទ្ធិមនុស្ស អន្តរជាតិថា ៖
ដោយសារតែគេឃើញ គណបក្សរបស់លោក ទើបបង្កើតឡើងមានអ្នកគាំទ្រច្រើន និងទទួលការស្វាគមន៍ ពីប្រជាពល រដ្ឋនៅទូទាំងប្រទេសនោះ បានជាមានអ្នកចង់បង្កើត គណបក្សថ្មី ដើម្បីប្រកួតប្រជែង។ ប៉ុន្តែទោះបីជាយ៉ាងណាក៏ លោក សម រង្ស៊ី មិនបានបញ្ចេញឈ្មោះឲ្យចំអ្នកណាម្នាក់នោះទេ ។
លោកបានបញ្ជាក់ថា « អ្នកគេមិនសប្បាយចិត្ត គេឃើញដើមឈើយើងដាំរើសពូជ សង្រ្គោះជាតិ ដាំបាន៤ទៅ៥ខែ ស្រាប់តែលូតលាស់ធំៗចេញជាផ្លែ គេថាអត់ទេ កាប់ចោល ហើយគេសូមដាំថ្មី តែមិនដឹងរើសពូជពីណាមកទេ ស្រាប់ តែចេញទៅជាបន្លាយួនឆ្កុយទៅវិញ, ដើមឈើយើងធំហើយ សូមជួយថែរក្សាណាបងប្អូន!»។
សូមបញ្ជាក់ថា ទោះបីលោក សម រង្ស៊ី មិនបានបញ្ចេញឈ្មោះ ក្រុមមានបំណងបង្កើតគណបក្សនយោបាយ នាពេល ខាងមុខនោះក៏ដោយ ប៉ុន្តែមហាជនខ្លះអាចបានដឹងថា គឺជាក្រុមរបស់លោកបណ្ឌិត កែម ឡី ប្រធានក្រុមអ្នកស្រាវជ្រាវ ជាន់ខ្ពស់ និងលោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានអង្គការសេដាក ដែលមាន «បណ្តាញពលរដ្ឋសកម្ម ដើម្បីអភិវឌ្ឍ មូលដ្ឋាន (CAN) ឬហៅថា ខ្មែរ ដើម្បីខ្មែរ» ដោយមានសមាសភាពជនល្បីៗជាច្រើនរូបនៅកម្ពុជា មកពីបណ្តាអង្គ ការសង្គមស៊ីវិលមួយចំនួន ។
ឥឡូវនេះ យើងធ្វើការពិចារណាទៅលើពាក្យសំដីមួយចំនួនរបស់លោក សម រង្ស៊ី ជាប្រធានគណបក្ស សង្គ្រោះជាតិ ដែលយើងបានបង្ហាញខាងលើរួចមកហើយនោះមាន ៖ ដោយសារគេមើលឃើញ គណបក្សសង្គ្រោះជាតិ ទើបបង្កើត ឡើងថ្មី ហើយមានអ្នកគាំទ្រច្រើន និងទទួលការស្វាគមន៍ពីប្រជាពលរដ្ឋ នៅទូទាំងប្រទេសនោះ, គេឃើញដើមឈើ យើងដាំរើសពូជគឺ សង្រ្គោះជាតិ ដាំបាន៤ទៅ៥ខែ ស្រាប់តែលូតលាស់ធំៗចេញជាផ្លែ, គេថាអត់ទេ កាប់ចោល ហើយ គេសូមដាំថ្មី តែមិនដឹងរើសពូជពីណាមកទេ ស្រាប់តែចេញទៅជាបន្លាយួនឆ្កុយទៅវិញ...។
តាមខ្លឹមសារពាក្យសំដីរបស់លោក សម រង្ស៊ី ខាងលើ យើងអាចនិយាយបានថា ទាំងលោក សម រង្ស៊ី, ទាំងលោក កឹម សុខា និងទាំងមន្ត្រីជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិមួយចំនួនទៀត មិនគួរភ័យខ្លាចចលនាថ្មី ស្របច្បាប់របស់ ក្រុមលោកបណ្ឌិត យ៉ង សាំងកុមារ និងលោកបណ្ឌិត កែម ឡី នេះទេ ពីព្រោះគណបក្សសង្គ្រោះជាតិ មានភាពរឹងមាំ ខ្លាំងក្លា ដោយសារមានអ្នកគាំទ្រ ស្វាគមន៍យ៉ាងច្រើន មានពូជល្អគឺសង្គ្រោះជាតិ (ប្រហែល ជាគេចង់អួតថា បក្ស របស់ខ្លួនជាពូជខ្មែរ ចំណែកបក្សដែលប្រុងបង្កើតថ្មី គឺជាពូជយួន), និងមានផ្លែផ្កាច្រើនរួចទៅហើយ។ អ្វីគួរឲ្យកត់ សម្គាល់ គឺលោក សម រង្ស៊ី បានចាត់ទុកគណបក្សថ្មី ដែលនឹងបង្កើតខាងមុខ គឺជាគណបក្សរបស់យួន ឬក៏យួនឲ្យ បង្កើតរួចទៅហើយ ។ នេះហើយជាការលាបពណ៌ ដែលនៅក្នុងសង្គមខ្មែរ ធ្លាប់រងគ្រោះជាច្រើនជំនាន់មកហើយ ហើយដែលលោក សម រង្ស៊ី នៅតែចង់ឲ្យសង្គមខ្មែរ រងគ្រោះតទៅទៀត ឬយ៉ាងណា?
ក្រុមរបស់លោកបណ្ឌិត យ៉ង សាំងកុមារ និងលោកបណ្ឌិត កែម ឡី អាចសួរទៅលោក សម រង្ស៊ី វិញថា បើសិនគណ បក្សរបស់ក្រុមខ្លួនបង្កើតឡើងមែន ហើយលោក សម រង្ស៊ី បានចោទជាមុនថា ជាគណបក្សយួន ដូច្នេះមានន័យថា មនុស្សដែលស្ថិតនៅក្នុងគណបក្សនេះ គឺសុទ្ធតែយួន ។ អញ្ចឹង លោកបណ្ឌិត យ៉ង សាំងកុមារ ជាយួន, លោកបណ្ឌិត កែម ឡី ជាយួន, អ្នកស្រី ប្រុក វ៉ាន្នី ទីប្រឹក្សាផ្នែកយេនឌ័រ និងអភិវឌ្ឍសង្គម ជាយួន, ព្រមទាំងបណ្ឌិត និងមនុស្សនានា នៅក្នុងក្រុមនេះ គឺសុទ្ធតែយួនទាំងអស់ ដែលអ្នកទាំងអស់នោះ បានបំរើប្រជាជនខ្មែរ សង្គមខ្មែរជាច្រើនឆ្នាំមកហើយ ថែមទាំងទទួលបានការពេញចិត្ត ពីប្រជាជនខ្មែរទៀតផង ដូចជាកសិករ កម្មករ និស្សិត បញ្ញវន្ត មន្ត្រីរាជការ អាជីវករ ព្រះសង្ឃ រហូតដល់ប្រជាពលរដ្ឋសាមញ្ញ ។ ហេតុនេះ ក្រុមរបស់លោកបណ្ឌិត យ៉ង់ សាំងកុមារ និងលោក បណ្ឌិត កែម ឡី ជាយួននោះ សមហេតុសមផលដែរឬទេ? រួចមនុស្សដែលជាបុគ្គលិក និងជាសមាជិកនៃអង្គការ សមាគម ទាំងអស់នោះ សុទ្ធតែយួនដែរឬយ៉ាងណា ? ឬចាត់ទុកអ្នកទាំងនោះ ជាខ្មែរល្ងង់ខ្លៅ មិនដឹងខ្យល់អី ដើរតាមយួន? មិនតែប៉ុណ្ណោះ ក្រុមអង្គការសង្គមស៊ីវិលទាំងអស់នេះ ក៏ក្រុមមន្រ្តីថ្នាក់លើរបស់គណបក្សសង្គ្រោះជាតិ ធ្លាប់បាន ចាត់ទុកថា ជាក្រុមរបស់ខ្លួនដែរ ចុះហេតុអ្វីបានជានៅពេលនេះ បែរជាងាកមកវាយប្រហារគេទៅវិញ? នេះជា សំណួរ។
ចម្លើយយ៉ាងខ្លី គឺមកពីខ្លាចបាត់បង់ផលប្រយោជន៍ផ្ទាល់ខ្លួនតែម្តង ហើយបែរជាចោទប្រកាន់គេ គ្មានមូលដ្ឋានច្បាស់ លាស់ ។ ជាច្រើនរយឆ្នាំមកហើយ សង្គមខ្មែររងគ្រោះដោយសារចរិតអន់បែបនេះ របស់អ្នកនយោបាយខ្មែរ បណ្ដាល ឲ្យបាត់បង់ទឹកដី ប្រទេសជិតខាងមើលងាយមើលថោក កិត្តិយសជាតិខ្មែរត្រូវអាប់ឱនលើឆាកអន្តរជាតិ បញ្ហាសង្គម រាប់ម៉ឺនរាប់សែនបញ្ហា មិនត្រូវបានដោះស្រាយជាច្រើនដំណមកហើយ ។
អ្វីដែលក្រុមរបស់លោកបណ្ឌិត យ៉ង់ សាំងកុមារ និងលោកបណ្ឌិត កែម ឡី ចង់បាន គឺឲ្យមានប្រជាធិបតេយ្យផ្ទៃក្នុង បក្ស, មានប្រជាធិបតេយ្យចេញពីមូលដ្ឋាន (ភូមិ ឃុំ) ដែលជាម្ចាស់ទឹកដី ស្គាល់បញ្ហាពិតប្រាកដរបស់ខ្លួន, ចង់បាន នីតិរដ្ឋ, និងដោះស្រាយបញ្ហាសង្គម ។ មិនមែនចង់បានអំណាចគ្រប់គ្រងរដ្ឋ ដើម្បីបម្រើផលប្រយោជន៍ខ្លួន គ្រួសារខ្លួន និងបក្ខពួកខ្លួននោះទេ ដូច្នេះជាស្វ័យប្រវត្តិ អ្នក ឬក្រុមដែលគិតគូរពីផលប្រយោជន៍ជាតិ តែងតែប្រឈមមុខ ឬទទួល រងការវាយប្រហារពីអ្នក ឬក្រុម គិតគូរតែផលប្រយោជន៍សួនតួនោះហើយ។ បើខ្លួនជាមនុស្សល្អស្រឡាញ់ជាតិ និង គិតគូរពីរឿងជាតិដូចគ្នា គួរផ្តល់ ឱកាសដល់អ្នកមានសមត្ថភាព ចំណេះដឹង និងចំណេះធ្វើ មកគ្រប់គ្រងថែរក្សា ប្រទេសជាតិ ដើម្បីជាតិរស់ក្នុងសេចក្តីថ្លៃថ្នូរ មិនគួរយកល្បិចចាស់គំរិល មកលាបពណ៌ខ្មែរគ្នាឯង និងអនុវត្តនយោ បាយក្ដិចត្រួយនោះទេ។ ប៉ុន្តែកុំភ្លេចថា បច្ចុប្បន្នអ្នកនយោបាយខ្មែរ ដើរនៅពីក្រោយចំណេះដឹង ប្រជាជនខ្មែរឆ្ងាយ ណាស់ មិនអាចភូតភរបោកប្រាស់បន្តទៀតបានឡើយ ពិសេសសន្លឹកឆ្នោត គឺស្ថិតនៅលើប្រជាពលរដ្ឋជាអ្នក សម្រេច ៕