-កន្លងមកគេរិះគន់ លោក ឡាយ វណ្ណៈ រឿងចេញលិខិតកោះហៅ ប្រធានតុលាការ និងព្រះរាជអាជ្ញាខេត្តទៅបំភ្លឺ !
ភ្នំពេញៈ លោកស ខេង នាយករដ្ឋមន្ត្រីស្ដីទី បានថ្លែងធ្វើការរិះគន់ ទៅលើលោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវ ថា ជាមន្ត្រីធ្វើការគ្មានដឹងទិស គ្មានដឹងតំបន់ ធ្វើការអត្តនោម័តតែខ្លួនឯង គ្មានសុំយោបល់ថ្នាក់លើ ដែលក្នុងចំណោមអភិ បាលខេត្ត រាជធានីទាំង ២៤ គឺមានតែអភិបាលខេត្តតាកែវមួយប៉ុណ្ណោះ ធ្វើការខុសគេ ។
លោកនាយករដ្ឋមន្ត្រីស្ដីទី បានថ្លែងរិះគន់ លោកអភិបាលខេត្តតាកែវយ៉ាងដូច្នេះ នៅក្នុងឱកាស ដែលលោកអញ្ជើញ ចូលរួមប្រជុំបូកសរុបការងារប្រចាំខែវិច្ឆិកា និងលើកទិសដៅការងារខែធ្នូ នាព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤ នេះនៅក្រសួងមហាផ្ទៃ ។
ថ្លែងទៅកាន់អង្គប្រជុំ លោក ស ខេង បានលើកឡើងថា ក្នុងចំណោមអភិបាលខេត្តទូទាំងប្រទេស មានតែខេត្តតាកែវ មួយប៉ុណ្ណោះ គាត់មានរឿងចម្លែកៗ ដោយលោកនាយករដ្ឋមន្ត្រីស្ដីទី បានថ្លែងថា « ខេត្តតាកែវហ្នឹង គាត់មានរឿងចម្លែកៗ មានពេលមួយនោះ គាត់ហៅតុលាការ មកសួរចម្លើយតែម្ដង, ធ្វើការអត់សុំយោបល់នរណាទេ គាត់ឃាត់ តែម្ដង ក្បួនធម្មយាត្រាមានព្រះសង្ឃ មានតាជី យាយជី មានប្រជាពលរដ្ឋ » ក្នុងនោះលោកក៏បានបន្ថែមថា មានតែ ខេត្តតាកែវមួយទេ ធ្វើការគ្មានទិស គ្មានតំបន់អីចឹងមិនបានទេ ។ មិនត្រឹមតែលោកនាយករដ្ឋមន្រ្តីស្តីទី ស ខេង ធ្វើការ រិះគន់ និងស្តីបន្ទោសទៅលើលោក ឡាយ វណ្ណៈ អភិបាលខេត្តតែប៉ុណ្ណោះទេ សូម្បីតែនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ក៏សម្តែងចេញនូវការមិនពេញចិត្តចំពោះអភិបាលខេត្តតាកែវ ក្នុងការប្រើកម្លាំង ប្រដាប់អាវុធទៅដាក់បារ៉ាស់រារាំង ប្រជាពលរដ្ឋ ព្រះសង្ឃ ដើរហែក្បួនធម្មយាត្រាខាងលើនេះផងដែរ ដោយលោក នេត សាវឿន ថ្លែងសំណូមពរនៅក្នុងអង្គប្រជុំថា ថ្ងៃក្រោយៗកុំឲ្យដាក់កម្លាំងអីចឹងតទៅទៀត ដូចជាករណីខេត្តតាកែវ វាមិនល្អនោះទេ ធ្វើឲ្យប្រជាពលរដ្ឋមានការថ្នាំងថ្នាក់ ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០១៤ កន្លងទៅនេះ មានព្រះសង្ឃ តាជី យាយជី និងប្រជាពលរដ្ឋជាច្រើន បាននាំគ្នាដង្ហែក្បួនធម្មយាត្រា ធ្វើដំណើរចេញពីស្រុកគីរីវង្ស ខេត្តតាកែវ ឆ្ពោះមកកាន់រាជធានីភ្នំពេញ ដើម្បីចូលរួម ក្នុងទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ ធ្នូ ។ ប៉ុន្តែ ក្បួនធម្មយាត្រាខាងលើនេះ ត្រូវបានកម្លាំងអាជ្ញាធរ សមត្ថកិច្ច ខេត្តតាកែវ ប្រើកម្លាំងប្រដាប់អាវុធ រួមមានទាំងទាហាន ប្រដាប់ដោយកាំភ្លើងវែងចេញទៅធ្វើការរារាំង និងដាក់បារ៉ាស់ ទប់ស្កាត់ មិនឲ្យក្បួនធម្មយាត្រាធ្វើដំណើរឆ្ពោះមកកាន់រាជធានីភ្នំពេញបានឡើយ តែចំណាត់ការរបស់អភិបាលខេត្តតាកែវខាង លើនេះ ត្រូវបានបរាជ័យ បន្ទាប់ពីថ្នាក់លើបានដឹងនូវចំណាត់ការខាងលើក៏បានបញ្ជាឲ្យដកកម្លាំងប្រដាប់ អាវុធចេញ វិញ ដើម្បីបើកផ្លូវឲ្យក្បួនធម្មយាត្រាធ្វើដំណើរតាមសម្រួល ខណៈដែលបណ្តាខេត្តផ្សេងៗទៀតនៅទូទាំងប្រទេស មិន មានខេត្តណាមួយបញ្ចេញចំណាត់ការរារាំងដូចករណីខេត្តតាកែវនោះឡើយ ព្រោះតែជាគោលការណ៍ របស់រាជរដ្ឋា ភិបាល មិនបានអនុញ្ញាតឲ្យធ្វើការរារាំងក្បួនធម្មយាត្រានោះទេ ។
នេះមិនមែនជាលើកទី១នោះទេ ដែលលោក ឡាយ វណ្ណៈ អភិបាលខេត្តតាកែវវ័យក្មេង ឡើងតួនាទីទំនងដោយសារតែខ្សែហោខ្លួន ត្រូវជាកូនប្រសារលោក ស៊ូ ភិរិន្ទ អតីតអភិបាលខេត្តសៀមរាប និងបច្ចុប្បន្នជារដ្ឋលេខាធិការទីស្តីការ គណៈ រដ្ឋមន្រ្តីធ្វើការងារអត្តនោម័ត និងខុសទៅនឹងនីតិវិធីនៃច្បាប់ ។ កន្លងមកលោក ឡាយ វណ្ណៈ ក៏ធ្លាប់ត្រូវបាន ក្រុមអ្នក ច្បាប់ធ្វើការរិះគន់ម្តងរួចមកហើយ ខណៈដែលរូបលោកក្នុងនាមអភិបាលខេត្ត បានសរសេរលិខិតកោះហៅ ប្រធាន សាលាដំបូង និងព្រះរាជអាជ្ញា អមសាលាដំបូង ខេត្តតាកែវ ឲ្យចូលខ្លួនទៅបំភ្លឺពាក់ព័ន្ធទៅនឹងករណីសំណុំរឿងព្រហ្មទណ្ឌមួយ ដែលយោងតាមច្បាប់ និងនីតិវិធី អាជ្ញាធរ សមត្ថកិច្ច មិនមានសិទ្ធិអំណាចកោះហៅស្ថាប័នតុលាការ ឲ្យចូល ខ្លួនទៅបំភ្លឺបាននោះទេ ដោយយោងតាមរដ្ឋធម្មនុញ្ញបានចែកដាច់ពីគ្នា រវាងអំណាចនីតិប្រតិបត្តិ និងអំ ណាចតុលាការ ។
ជាការកត់សម្គាល់ លោក ឡាយ វណ្ណៈ ត្រូវបានគេចាត់ទុកថា ជាអភិបាលខេត្តមានវ័យក្មេងជាងគេ ជាមួយនឹងអភិ បាលខេត្តមួយរូបទៀត គឺលោក ថង សាវុន អភិបាលខេត្តរតនគីរី ដែលទើបឡើងថ្មី ក៏មានវ័យក្មេងស្របាៗគ្នាផងដែរ ប៉ុន្តែ គេមិនដឹងថា លោក ឡាយ វណ្ណៈ មានចំណេះដឹង សញ្ញាបត្រ និងបទពិសោធន៍ការងារកម្រិតណានោះទេ បាន ជាមិនយល់ពីនីតិវិធីនៃច្បាប់ ក៏ដូចជាឋានានុក្រមការងារជាដើមនោះ ៕
{mp3remote} http://image.dap-news.com:81/dap-news/dap-images/2014/December/id-009/soundsorkheng.mp3{/mp3remote}