Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ទស្សនៈ និងមតិ ៖ អាមេរិក កម្ទេចសូវៀត ប្រើគន្លឹះ ៤យ៉ាង តើនេះទុកជាការ បំបែកបំបាក់ ដើម្បីត្រួតត្រាទេឬ?

$
0
0

ដោយ៖ សយ សុភាព

ភ្នំពេញ៖ ហេតុអ្វីបានជាលើកយក រឿងរ៉ាវអតីតកាល អាមេរិកបំបែកសូវៀត ដែលបានកើតឡើងកន្លងទៅ យកមកផ្សាយ នៅពេលនេះ ។

ដើម្បីយល់ច្បាស់ពីប្រវត្ដិសាស្ដ្រ និងសម្រាប់មេរៀននាពេលបច្ចុប្បន្ន ក៏ដូចទៅអនាគត ចាំបាច់អ្នកជំនាន់ក្រោយ (អ្នកនយោបាយ អ្នកសេដ្ឋកិច្ច អ្នកវិភាគ ) ត្រូវស្វែងយល់។ ម្យ៉ាងទៀត នៅ ក្នុងប្រទេសកម្ពុជារបស់យើង គេតែងតែឮអ្នកវិភាគមួយចំនួន តែងតែចោទសម្ដេចតេជោ ហ៊ុន សែន ថាជាអ្នកបំបែកបំបាក់ គណបក្សផ្សេង ជាពិសេសអ្នកប្រជាធិបតេយ្យ ដើម្បីត្រួតត្រានិងឱ្យគេកោតខ្លាច ។

តើសម្ដេចតេជោ ហ៊ុន សែន តែម្នាក់ឯងទេឬ ដែលជាអ្នកបំបែកបំបាក់ដើម្បី ត្រួតត្រា ចុះ មេដឹកនាំខ្មែរផ្សេងទៀត? និយាយដោយឡែក តើពិភពលោកនេះ ពិតជាគ្មានការប្រកួត ប្រជែង ដើម្បីយកប្រៀបយកឈ្នះ រៀងៗខ្លួនទេឬ? កុំថាឡើយតែអ្នកនយោបាយ សូម្បីតែប្រទេស មហាអំណាច ក៏ប្រកួតប្រជែង រិះរកគ្រប់យុទ្ធវិធី ដើម្បីបំបែកបំបាក់ និងត្រួតត្រាផង ដែរ ។

និយាយត្រួសៗ អាមេរិក រុស្ស៊ី និងចិនតែប៉ុណ្ណោះ សង្កេតឃើញថា អ្នកទាំងបី កំពុងប្រកួតប្រជែងបំបែកបំបាក់ និងទប់ទល់។ និយាយឱ្យកាន់តែចង្អៀត យើងឃើញអាមេរិកនិងចិន កំពុងតែបំបែកបំបាក់ និងទប់ទល់ ដើម្បីត្រួតត្រាលើពិភពលោកទៅវិញទៅមក។ គន្លងមក សម្រាប់ប្រទេសកម្ពុជា យើងបានឃើញ សហរដ្ឋអាមេរិក ចាប់ដៃជាមួយនឹងចិន វាយបកទៅនឹងអតីត សហភាពសូវៀត ដែលជាអតីតគូប្រជែងស្លាប់រស់ កំពុងគ្របលើអតីតឥណ្ឌូចិន ក្រោយពីសហរដ្ឋ អាមេរិកបានបរាជ័យ នៅក្នុង សង្គ្រាមឥណ្ឌូចិនឆ្នាំ១៩៧៥ ។

ជាការសងសឹក សហរដ្ឋអាមេរិកនៅដើមឆ្នាំ១៩៧៩ ចាប់ដៃជាមួយនឹង ប្រទេសចិន រួមជាមួួយនឹងអាស៊ាន ៦ ប្រទេស គាំទ្រឱ្យអ្នកតស៊ូជាយដែន បង្កើត រដ្ឋាភិបាលនិរទេសខ្មែរ ដោយយកភាគីខ្មែរក្រហមប្រល័យពូជសាសន៍ ធ្វើជាត្រីមុខ ដើម្បីប្រឆាំង រដ្ឋាភិបាល អតីតសហភាពសូវៀត ដែល ជាអ្នកឧបត្ថម្ភគំាទ្រឱ្យប្រទេសវៀតណាម ឱ្យមករំលំរបបខ្មែរក្រហមពីអំណាច ក្នុងនោះអតីតរដ្ឋាភិបាលត្រីភាគី យកជាចំណុចស្នូលនៃការតស៊ូ រំលំរដ្ឋាភិបាលសាធារណរដ្ឋ ប្រជាមានិតកម្ពុជា ក្រោមលេសវាយបណ្ដេញ កងទ័ពវៀតណាម ចូលឈ្លានពានកម្ពុជា ដោយខុសច្បាប់។

ឥឡូវនេះ អតីតសហភាពសូវៀត បានរលត់រលាយទៅហើយ ដូច្នេះសហរដ្ឋអាមេរិក ជាអ្នកឈ្នះនៅក្នុង ល្បែងខាងលើ ប៉ុន្ដែសហរដ្ឋអាមេរិកបានចាប់ផ្ដើម វាយបកទៅលើប្រទេសចិនវិញម្ដង តាមរយៈជំរុញជា អន្ដរជាតិ ឱ្យមានសាលាក្ដីខ្មែរក្រហម កាត់ទោសតែអតីតអ្នកដឹកនាំជាន់ខ្ពស់នៃរបបនេះ ដែលធ្លាប់គាំទ្រ ដោយប្រទេសចិន រួចហើយបន្ដជួយក្រុមប្រជាធិបតេយ្យខ្មែរ ឱ្យប្រឆាំងនឹងចិន ក្រោមលេសថា រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន ងាកទៅរកប្រទេសចិន ។

ធាតុពិតសហរដ្ឋអាមេរិក គ្មានគំនិតជាយុទ្ធសាស្ដ្រ ជួយកម្ពុជាដោយពិតប្រាកដ ក្រៅតែពីផលប្រយោជន៍របស់អាមេរិកផ្ទាល់ នៅក្នុងតំបន់ នៅក្នុងយុទ្ធ សាស្ដ្រ និងយុទ្ធវិធីទប់ទល់ទៅនឹងឥទ្ធិពលរបស់ចិនតែប៉ុណ្ណោះ។ ឥឡូវនេះយើងកំពុងតែមើលឃើញថា អាមេរិកនិងវៀតណាម កំពុងតែល្អូកល្អិនចាក់ទឹកមិនលិច ខណៈ ដែលអាមេរិកធ្លាប់ជួយចលនាត្រីភាគី ខ្មែរ ឱ្យប្រឆាំងការឈ្លានពានរបស់វៀតណាម ចុះឥឡូវនេះអ្នកទាំងពីរកំពុងល្អូកល្អិនគ្នា តើអាមេរិកមាន បានអាណិតអាសូរខ្មែរ ដែលបានរងគ្រោះដោយសារតែនយោបាយរបស់ខ្លួន ចាប់តាំងពីឆ្នាំ១៩៧០មក ឬទេ? តើអ្នកវិភាគដែលនិយមសហរដ្ឋអាមេរិក មានយោបល់យ៉ាងណា នៅពេលដែល អាមេរិកលេង នយោបាយបំបែកបំបាក់ ដើម្បីត្រួតត្រានេះ តើគេអាចនិយាយថា សម្ដេចតេជោ ហ៊ុន សែន ជាអ្នកខ្លាំង តែម្នាក់ឯងបានដែរឬទេ? តើសម្ដេច ហ៊ុន សែន ត្រូវបានគេចាត់ទុកថា ជាអ្នកបំបែកបំបាក់ដើម្បីត្រួតត្រាដែរឬទេ បើប្រៀបធៀបទៅនឹងសហរដ្ឋអាមេរិក?  កន្លងទៅអ្នកណា ជាអ្នកអនុវត្ដន៍ទឹកឡើងត្រីស៊ីស្រមោច ទឹកហោចស្រមោចស៊ីត្រី? ប៉ុន្ដែយើងទទួលស្គាល់នយោបាយ របស់សម្ដេចតេជោ ហ៊ុន សែន ឌីហ្វីត ពិតជាបានធ្វើឱ្យអង្គការចាត់តាំងនយោបាយ និងយោធារបស់ខ្មែរក្រហម រលាយទាំងស្រុងមែន នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៩៨។

តទៅនេះ យើងសូមដកស្រង់និវេទនកថា ចេញពីសៀវភៅក្រោមចំណងជើងថា “សមុទ្រចិនខាងត្បូង ក្នុងចក្ខុនយោបាយ របស់ពួកអ្នកវិភាគយុទ្ធសាស្ដ្រអន្ដរជាតិ ”  និពន្ធដោយ ហើស សិរីធន បច្ចុប្បន្នជាអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព ប្រចាំសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមាតិឡាវ ដែលបានបោះពុម្ពផ្សាយកាលពី ឆ្នាំ២០១២។ នៅក្នុងនិវេទនកថានោះ អ្នកនិពន្ធបានលើកយកយុទ្ធសាស្ដ្រ សង្ខេបរបស់សហរដ្ឋអាមេរិក នៅក្នុងការរំលាយអតីតសហភាពសូវៀត ៤ចំណុច ដែល យើងខ្ញុំសូមដក ស្រង់ខ្លឹមសារទាំងនោះមកផ្សាយដូចតទៅ ៖

ជាច្រើនឆ្នាំកន្លងផុតទៅ ចាប់តាំងពីសហភាពសូវៀត ចាប់អានុវត្ដន៍ដំណើរការកែទម្រង់ Perestroika រហូតដល់ការកែទម្រង់នេះ បានរុញឱ្យរដ្ឋសូវៀតដ៏មហិមា ឆ្ពោះទៅរកភាព ធនក្ស័យ រលំរលាយ! ហើយការដួលរលំរបស់សហភាពសូវៀតមកដល់ថ្ងៃនេះ នៅតែជាបច្ច័យមួយ បង្កប់ទៅដោយហេតុនិងផល ក្នុងការបន្ដធ្វើឱ្យ តំបន់នេះនៅមានអស្ថិរភាព ព្រមទាំងមានការទទួលយក នូវចំហាយអំណាច នៃសម្ពាធអរូបិយមួយ ទាំងក្នុងនិងក្រៅតំបន់មិនឈប់ឈរនោះ? ការដួលរលំនូវ រដ្ឋសូវៀត មានកត្ដាគន្លឹះ៤យ៉ាង ដោយទី១ ៖ សហរដ្ឋអាមេរិក បានប្រើប្រាស់នូវគ្រប់ មធ្យោបាយ ក្នុងការផ្ដល់ជំនួយទៅឱ្យសហជីពសាមគ្គីភាព របស់ប៉ូឡូញនូវថវិកា ព័ត៌មានសម្ងាត់ ដោយ ធ្វើយ៉ាងណា ក្នុងការចិញ្ចឹមឱ្យអង្គការសហជីពនេះ រស់រានមានជីវិត បន្ដការតស៊ូមិនរាថយក្នុងបេះដូង របស់សង្គមនិយម ដែលមានសហភាព សូវៀតជាប្រធាន។ ទី២ ៖ ផ្ដល់ជំនួយគ្រប់វិស័យ ដែលគ្មាន ទីកំណត់ទៅឱ្យពួកប្រឆាំង បះបោរនៅអាហ្គានីស្ថាន រួមទាំងតាមរយៈពួកឥស្លាមនិយមជ្រុលទាំងនេះ ក្នុងការជំរុញនិងនាំភ្លើងសង្គ្រាម ចូលទៅក្នុងដែនដីសូវៀតកណ្ដាល ជាទីកន្លែងដែលរដ្ឋសំបូរទៅដោយ សហគមន៍ម៉ូស្លីម។ ទី៣ ៖ មានវិធានការគ្រប់បែបយ៉ាង ដោយឆ្លងតាមរយៈការឃុបឃិតជាមួយ Saudi Arabia ក្នុងការបន្ទាបបន្ថោកតម្លៃប្រេងលើទីផ្សារអន្ដរជាតិ រួមទាំងការកំហិតនូវ ការនាំចេញឧស្ម័នរបស់សូវៀត ទៅកាន់ពួកប្រទេសខាងលិច ក្នុងគោលបំណងកាត់បន្ថយនូវចំណូល រូបិយប័ណ្ណពីការលក់ប្រេង-ឧស្ម័ន ធ្វើឱ្យសូវៀតខ្វះរូបិយវត្ថុ ជួបការលំបាកលើផ្នែក សេដ្ឋកិច្ច-សង្គម នាំ ដល់មានវិបត្ដិជាទូទៅក្នុងប្រទេស និងទី៤ ៖ បង្កើនចលករហ៊ុំព័ទ្ធសូវៀតលើផ្នែកបច្ចេកវិទ្យា ធ្វើយ៉ាងណាក្នុងការ រត់ប្រណាំងបច្ចេកទេសសព្វាវុធ ដែលក្នុងនោះមានផែនការយុទ្ធសាស្ដ្រ “សង្គ្រាម ផ្កាយ-Star War” គឺធ្វើឱ្យអាមេរិក មានឧត្ដមភាពជានិច្ច តែងតែនាំមុខ មានប្រៀបលើ សូវៀត ធ្វើឱ្យសូវៀតខាតបង់ ទាំងធនធានមនុស្ស ទាំងធនធានសម្បត្ដិជាតិឱ្យខ្សោះអស់ពីខ្លួនដួលរលំ ដោយឯកឯង។

អ្វីដែលបានអត្ថាធិប្បាយខាងលើ គ្រាន់តែចង់បញ្ជាក់ថា នយោបាយរបស់សម្ដេចតេជោ ហ៊ុន សែន មិនមែនបំបែកបំបាក់ ដើម្បីត្រួតត្រាជានយោបាយអាក្រក់ ដូចអ្នកវិភាគតែងតែលើកឡើងនោះទេ ផ្ទុយទៅវិញ បើយើងប្រៀបនយោបាយ ៤គន្លឹះ របស់អាមេរិក និងនយោបាយ ឌីហ្វីត របស់សម្ដេច តេជោ ហ៊ុន សែន មានលក្ខណៈខុសគ្នា ដោយថា នយោបាយសម្ដេច ហ៊ុន សែន បញ្ចប់សង្គ្រាមរ៉ាំរៃ ក្នុងប្រទេស បង្កើតសន្ដិភាព ឆ្ពោះទៅរកការអភិវឌ្ឍន៍ (ខ្មែរជាអ្នកឈ្នះ) ។ នយោបាយសហរដ្ឋអាមេរិក គឺធ្វើឱ្យសូវៀតរលំ ព្រមទាំងអតីតប្រទេសនៅក្នុងសហភាពសូវៀត ងាកមករណបអាមេរិក អាមេរិក បានផលប្រយោជន៍ពីប្រទេស ទាំងនោះ ខណៈដែលប្រទេសទាំងនោះកំពុងតែឆ្លងកាត់ការលំបាកនៅ ឡើយ។ ដូច្នេះសួរថាតើអាមេរិក មិនអនុវត្ដន៍នយោបាយបំបែកបំបាក់ដើម្បីត្រួតត្រាទេឬ ? ចុះអ្នកវិភាគដែលគាំទ្រអាមេរិក ម្ដេចក៏មិនមើលគោលនយោបាយនេះផង ចុះហេតុអ្វីបានជាមើលកំហុស និងឈ្នានីសទៅលើនយោបាយរបស់សម្ដេច ហ៊ុន សែន តែម្នាក់ទៅវិញ ? ជារួមវាមិនមានអ្វីខុសទេ បើ បំបែកបំបាក់អ្នកដទៃ ដើម្បីត្រួតត្រា និងធ្វើឱ្យខ្លួនមានអំណាចនេះ អ្នកដឹកនាំទាំងនេះត្រូវបានចាត់ទុក ថា ពិតជាខ្លាំង ប្រសើរជាងអ្នកដែលគ្មានយុទ្ធសាស្ដ្រ ហើយចង់មកធ្វើជាអ្នកដឹកនាំនោះ៕

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>