កំពង់ចាម៖ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤នេះ មានជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធនឹងការភ្ជង់ប្លន់យកម៉ូតូ ក្នុងទឹកដីស្រុកព្រៃឈរ និងស្រុកចំការលើ បានចងក ស្លាប់នៅក្នុងមន្ទីរឃុំឃាំង ជាបណ្តោះអាសន្ន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ។
សមត្ថកិច្ច បានឱ្យដឹងថា អ្នកស្លាប់ម្នាក់នេះមាន ឈ្មោះយ៉ាវ យ៉ាំង អាយុ៣៨ឆ្នាំ រស់នៅភូមិប្រសើរ ឃុំបុសខ្នុរ ស្រុកចំការលើ។
សូមជំរាបថា កាលពីថ្ងៃទី១១ ខែធ្នូ សមត្ថកិច្ច បានឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់ ដែលក្លែងបន្លំឯកសណ្ឋានយោធា ហើយធ្វើសកម្មភាពលួចនិងប្លន់ម៉ូតូ ប្រជាពលរដ្ឋ ។
អធិការនគរបាលស្រុកព្រៃឈ លោកកែវ ស៊ាងហ៊ាន់ បានបញ្ជាក់ថា ជនសង្ស័យទី១ ឈ្មោះ យ៉ាវ យ៉ាំង អាយុ ៣៨ឆ្នាំ រស់នៅភូមិប្រសើរ ឃុំបុសខ្នុរ ស្រុកចំការលើ ហើយមុខសញ្ញានេះ ធ្លាប់ពាក់ព័ន្ធក្នុងសំណុំរឿង លួចម៉ូតូនៅស្រុកព្រៃឈរ និងប្លន់ម៉ូតូនៅ ស្រុកចំការលើ ទី២ ឈ្មោះមុំ ស៊ីថា អាយុ ៤៥ឆ្នាំ រស់នៅភូមិប្រសើរ ឃុំបុសខ្នុរ ស្រុកចំការលើ ដែលជា មុខសញ្ញាក្លែង បន្លំឯកសណ្ឋានយោធា ៕