ភ្នំពេញ ៖នៅក្នុងកិច្ចប្រជុំ និយាយពីច្បាប់ បោះឆ្នោតរវាង ក្រុមការងារ គណបក្ស ប្រជាជនកម្ពុជា (CPP) និងគណបក្ស សង្រ្គោះជាតិ (CNRP) នៅរសៀលថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤នេះ CPP បានកំណត់យក ១២៣អាសនៈ ប៉ុន្តែ CNRP ចង់ឲ្យមានការកើនឡើង នូវអាសនៈក្នុងរដ្ឋសភា ។
ថ្លែងបន្ទាប់ពីបញ្ចប់កិច្ចពិភាក្សា ស្តីពីសេចក្តីព្រាងច្បាប់បោះឆ្នោត នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៤ ប្រធាន ក្រុមការងារ និងជាសមាជិកសភាមកពី CPP លោក ប៊ិន ឈិន បានលើកឡើងថា នៅក្នុងច្បាប់បោះឆ្នោតរបស់ អ៊ុនតាក់ កាលពីឆ្នាំ១៩៩៣ កន្លងមកនឹង ចង់ឲ្យកម្ពុជា មានអាសនៈនៅក្នុងរដ្ឋសភាត្រឹមតែ ១២០អាសនៈ ប៉ុន្តែនៅក្នុងច្បាប់រដ្ឋធម្មនុញ្ញ បានចែងថា អាសនៈ នៅក្នុងរដ្ឋសភាអាចមាន លើក១២០អាសនៈ ហើយឥឡូវ មានដល់១២៣អាសនៈ ដូច្នេះ គឺសមល្មម។
លោកថា “យើងគិតថា គួរកំណត់អាសនៈហ្នឹងត្រឹមតែ ១២៣ហ្នឹងទៅ កុំឲ្យវាមានបញ្ហាអ្វីតទៅទៀត។ ហើយយើងទី១. ថវិកាជាតិវាមិនចំណាយ ទៅលើតំណាងរាស្ត្រច្រើនទេ, ទី២អស់លោក លោកស្រីត្រូវគិត កន្លែងអង្គុយ របស់តំណាងរាស្ត្រ បើបង្កើនៗ ទីបំផុតអត់មានកន្លែងអង្គុយទេ សភាត្រូវវាយកន្លែងអង្គុយទៀត”។
លោក ប៊ិន ឈិន បានបន្ថែមថា ក្នុងអាណត្តិក្រោយ គឺដាក់អាសនៈក្នុងខេត្តកំពង់ចាម ចំនួន ១០អាសនៈ និង ខេត្តត្បូងឃ្មុំ ចំនួន ៨អាសនៈ ពីខេត្តទាំងនេះ កាលពីមុននៅជុំគ្នា មានចំនួន១៨អាសនៈ អីចឹងដាក់ទៅតាម ប្រជាជនខេត្តណា ច្រើនជាង អាសនៈក៏កើតច្រើនជាង។
ប្រធានក្រុមការងារ និងជាសមាជិករដ្ឋសភា របស់CNRP លោក គួយ ប៊ុនរឿន បានមានប្រសាសន៍ថា នៅក្នុង ពេលនេះ ក្រុមការងារទាំងពីរមិនទាន់ សម្រេចថា ត្រូវតំឡើងអាសនៈ ឬយ៉ាងណានោះទេ ដែលក្នុងពេល បច្ចុប្បន្ន កំពុងឋិតនៅក្នុងការពិចារណាទាំងអស់គ្នាសិន។
លោកថា “ជាគោលការណ៍ក្នុងស្មារតីមួយទេ ក្នុងស្មារតីគឺថា ចង់ឲ្យអ្នកតំណាងរាស្ត្របំពេញកាតព្វកិច្ចរបស់ខ្លួន ក្នុងការជួយប្រជាពលរដ្ឋ ហើយយើងឃើញថា បើសិនមានករណី មានតំណាងរាស្ត្រ នៅតាមមណ្ឌល មិនគ្រប់គ្រាន់ ឧទាហរណ៍នៅខេត្តសៀមរាបចឹង ដល់ជិត១លាននាក់ ហើយអ្នកតំណាងរាស្ត្រមានតែ ៦រូប ” ៕