តាកែវ៖ អភិបាលស្រុកអង្គបូរីលោក ឃុន បូ បានកោះហៅលោក សុខ ឡេះ មេបញ្ជាការកងរាជអាវុធហត្ថ (អ. ហ) ស្រុកអង្គបូរី ឲ្យចូលខ្លួនបំភ្លឺជុំវិញការបង្រ្កាបបទល្មើសនេសាទដោយស្ងាត់ៗ មិនសុំយោបល់ពីគណៈបញ្ជា ការឯកភាពស្រុក។
ការកោះហៅ លោក សុខ ឡេះ បំភ្លឺបទល្មើសនេសាទនេះ បានធ្វើឡើងកាលពីថ្ងៃ១៥ ខែធ្នូ បន្ទាប់ពីមេ អ.ហ រូប នេះ បានដឹកនាំមន្រ្តីក្រោមឱវាទចុះបង្រ្កាបបទល្មើសនេសាទ នៅលើផ្ទៃបឹងស្រុកអង្គបូរី កាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៤កន្លងទៅ។
លោក ឃុន បូ បានមានប្រសាសន៍ឲ្យដឹងថា លោកពិតជាបានកោះហៅ លោកមេ អ.ហ ស្រុកអង្គបូរីឲ្យចូលខ្លួន បំភ្លឺពិតប្រាកដមែនពាក់ព័ន្ធទៅនិងកម្លាំង អ.ហ ស្រុក ដឹកនាំដោយលោក សុខ ឡេះ បានចុះបង្ក្រាបបទល្មើស នេសាទ ដោយមិនមានការជូនដំណឹងដល់គណៈបញ្ជាការឯកភាពស្រុក ដែលលោកជាប្រធានគណៈបញ្ជការ ឯកភាព ក៏ប៉ុន្តែលោក សុខ ឡេះ មិនបានចូលខ្លួនមកឆ្លើយបំភ្លឺនោះទេ ដោយលោកបានបញ្ជូនមេបញ្ជាការរង ម្នាក់ មកឆ្លើយបំភ្លឺជំនួសវិញ។
លោកអភិបាលស្រុកបានថ្លែងថា «ខ្ញុំគាំទ្ររាល់សកម្មភាពបង្រ្កាបបទល្មើសនេសាទ ក៏ប៉ុន្តែសកម្មភាពបង្រ្កាបនេះ មិនត្រូវធ្វើឡើងដោយរំលងគណៈបញ្ជាការឯកភាពស្រុកនោះទេ»។
សូមបញ្ជាក់ថា កាលពីថ្ងៃទី១៣ ខែធ្នូ លោក សុខ ឡេះ បានដឹកនាំកម្លាំងរបស់លោក ចុះទៅបង្រ្កាបបទល្មើស នេសាទ នៅចំណុចអតីតឡូតិ៍លេខ១៣ ស្ថិតក្នុងឃុំគោកធ្លក ស្រុកអង្គរបូរីខេត្តតាកែវ ដោយចាប់បានស្បៃមុង សាយ៉ឺនមួយចំនួន។
យោងតាមមន្រ្តីរដ្ឋបាលជលផលស្រុកអង្គរបូរីម្នាក់ ដែលបានប្រាប់ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ បានឲ្យដឹង ផងដែរថា ការដែលលោក សុខ ឡេះ មេបញ្ជាការប៉េអឹមស្រុកអង្គរបូរី ដឹកនាំកូនចៅចុះទៅបង្រ្កាបបទល្មើសនេ សាទនៅចំណុចខាងលើ មន្រ្តីជលផលស្រុកអត់បានដឹងនោះទេ ហើយមកទល់ពេលនេះរដ្ឋបាលជលស្រុក ក៏ មិនទាន់ទទួលរបាយការណ៍ណាមួយស្ដីពីការចុះបង្ក្រាបនេះដែរ។
លោកបានថ្លែងថា «រឿងនេះ អាចលោក សុខ ឡេះ កំពុងតែចចារស្ថាត់ៗជាមួយពួកអ្នកនេសាទខុសច្បាប់ទាំង អស់នោះហើយ បានជាមិនមានរបាយការណ៍បញ្ជូនមកខាងមន្រ្តីជំនាញ»។
ដោយឡែកនគរបាលស្រុកអង្គរបូរី បានឲ្យដឹងថា បច្ចុប្បន្នរាល់បទល្មើសនានា គឺខាងកម្លាំងកងរាជអាវុធហត្ថធ្វើ ទាំងទទឹងទិស ដោយគ្មានការឆ្លងយោបល់ពីអភិបាលស្រុកដែលជាគណៈបញ្ជាការឯកភាពស្រុកនោះទេ ដោយ ពួកគេចាត់ទុកអភិបាលស្រុកដូចជាទីងមោង និងគ្មានតម្លៃអ្វីទាំងអស់។
ពាក់ព័ន្ធទៅនិងបញ្ហានេះអ្នកយកព័ត៌មានមិនអាចសុំការបំភ្លឺពីលោកសុខ ឡេះ បានទេ ដោយទូរស័ព្ទមិនចូល។
លោកមេបញ្ជការ អ.ហ ស្រុកអង្គបូរី សុខ ឡេះ ជាអ្នករកស៊ីខុសច្បាប់ខាងប្រព្រឹត្តបទល្មើសនេសាទដុះស្លែរាប់ ឆ្នាំមកហើយនៅក្នុងខេត្តតាកែវ ពោលតាំងពីរូបលោក នៅជាមន្រ្តី អ.ហ តូចតាចម្នាក់ម្ល៉េះ។ ដោយសារលោក សុខ ឡេះ មានប្រាក់ច្រើននោះហើយ ទើបលោកអាចរត់ការឆ្វេងស្ដាំ ក្រឡាខ្លួនក្លាយជាមេបញ្ជាការស្រុកកោះ អណ្ដែត បានមួយរយៈ ស្រាប់តែ បានឡើងកាន់តំណែងជាមេបញ្ជាការកងរាជអាវុធហត្ថស្រុកអង្គបូរីតែម្ដង៕