Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

អរគុណ​ លោកអ៊ុំ អៀង​ មូលី ចំពោះសៀវភៅ “ជីវិតលើផ្លូវបត់បែន ទៅរកសន្ដិភាព”

$
0
0

ភ្នំពេញ៖ ជាបឋមអនុញ្ញាតឱ្យខ្ញុំ សូមថ្លែងអំណរគុណលោកអ៊ុំ អៀង មូលី (ជាពាក្យដែលខ្ញុំ បានប្រើចំពោះលោក អៀង មូលី ចាប់តាំងពីខ្ញុំ បានជួបដោយផ្ទាល់ នៅក្នុងអំឡុងខែកក្កដា ឆ្នាំ១៩៩៣  ។ នោះពាក្យ ដំបូងដែលខ្ញុំប្រើ គឺលោកអ៊ុំ អៀង មូលី មិនមែនឯកឧត្ដម អៀង មូលី ទេ ព្រោះខ្ញុំគិតថា ការប្រើពាក្យ ពេចន៍នេះ បង្ហាញពីការគោរពរាប់អាន ជាលក្ខណៈគ្រួសារ) ដែលបានសរសេរសៀវភៅ កម្រាស់ ៧០០ទំព័រ ចែកចេញជា ៩វគ្គ នៃខ្លឹមសារក្នុងសៀវភៅ ក្រោមចំណងជើងថា “ជីវិតលើផ្លូវបត់បែនទៅ រកសន្ដិភាព ”  ដែលសៀវភៅនេះ បានបោះពុម្ព កាលពីឆ្នាំ២០១៣។ ខ្ញុំបានទិញសៀវភៅនេះ កាលពី ថ្ងៃអាទិត្យ ទី២០ ខែមេសា ឆ្នាំ២០១៤ ប៉ុន្ដែខ្ញុំទើបតែបានអាន កាលពីថ្ងៃអាទិត្យ ទី១៤ ខែធ្នូ វេលា ម៉ោង ១១នាទី រហូតមកដល់ថ្ងៃអង្គារ ទី១៦ ខែធ្នូ វេលាម៉ោង ១និង៣០នាទីរសៀល (ខ្ញុំបានទិញ សៀវភៅ មួយចំនួន ទាក់ទងទៅនឹងប្រវត្ដិសាស្ដ្រផ្សេងៗ ក៏ដូចជាអ្នកនយោបាយល្បីៗសម្រាប់អាន ហើយទើបតែបញ្ចប់សៀវភៅទាំងនោះ ក៏ចាប់ផ្ដើមអានសៀវភៅ របស់ លោកអ៊ុំ ឃើញថាល្អនិងជក់ចិត្ដ ចាប់អារម្មណ៍យ៉ាងខ្លាំងបំផុត)  ។

នៅក្នុងការ អានរបស់ខ្ញុំ នៅវេលាខាងលើនេះ ខ្ញុំចាប់ផ្ដើមអានពី អារម្ភកថា បន្ទាប់ទៅខ្ញុំបន្ដអានពីវគ្គទី៩ ចុះមក ទី៧ ទី៦ ទី៥ និងទី៤ ដោយឡែកសម្រាប់វគ្គ១ វគ្គ២ វគ្គ៣ និងវគ្គ៨ ខ្ញុំមិនទាន់បានអាននៅឡើយទេ  ដោយនៅក្នុងវគ្គ ទាំងនោះ លោកអ៊ុំ អៀងមូលី សរសេររៀបរាប់ពីជីវិតផ្ទាល់ខ្លួន ដោយរង់ចាំទុកអានបន្ដទៀត។ ប៉ុន្ដែ ចាប់ពីវគ្គ៤ ដល់វគ្គ៩ ខ្ញុំបានអានចប់ ដោយការអានយកចិត្ដទុកដាក់ជាទីបំផុត។ ជាសរុប ក្រោយពីបាន អាននូវស្នាដៃ របស់អ្នកនិពន្ធ ក៏ដូចជាអ្នកប្រឡូកផ្ទាល់ក្នុង កិច្ចការទាំងនេះ បានធ្វើឱ្យខ្ញុំដឹងរឿងរ៉ាវមួយ ចំនួនបន្ថែមទៀត ទាក់ទិនទៅនឹងការតស៊ូ របស់អតីតរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរ ហៅកាត់ថា រជរបខ ឬភាសាអង់គ្លេស KPLNF បន្ទាប់ពីខ្ញុំបានអានសៀវភៅ ដែលសរសេរដោយលោក ឧត្ដមសេនីយ៍ គង់ ថាន់ ដែលបានសរសេរអំពីរឿងរ៉ាវនៅក្នុងរណសិរ្សនេះ ។ តែយ៉ាងណាក៏ដោយ លោក អ៊ុំ អៀង មូលី មិនបានចាត់ទុកការសរសេរសៀវភៅរបស់លោក  គង់ ថាន់ ថាត្រឹមត្រូវទាំងអស់នោះទេ ជាពិសេសទាក់ទិនទៅនឹង តួនាទីរបស់លោកអ៊ុំ អៀង មូលី នៅពេលដែលសម្ដេច សឺន សានបានតែងតាំង  រូបលោក ឱ្យក្លាយទៅជាអគ្គលេខាធិការ រណសិរ្សរំដោះជាតិប្រជាពលរដ្ឋខ្មែរ នៅឆ្នាំ១៩៨៨ ក្រោយ ពេលដែលលោក នាង ជិនហន ត្រូវបានបង្ខំ ឱ្យលាចេញពីមុខតំណែង ចេញពីអគ្គលេខាធិការ រណសិរ្ស នេះ។ ការតែងតាំងនេះ បន្ទាប់ពីសម្ដេចសឺនសាន ទើបតែបានបញ្ចប់ការដោះស្រាយ ទំនាស់ការបែកបាក់ផ្ទៃក្នុងជាមួយ ក្រុមឧត្ដមសេនីយ៍ សក់ ស៊ុតសាខន និងឧត្ដមសេនីយ៍ ឌៀន ឌែល ។ ក្រោយពីខ្ញុំបានអាន ខ្ញុំមិនត្រឹមតែ ទទួលបាននូវព័ត៌មាន ដែលវាបានក្លាយទៅជាអតីតកាលនោះទេ ក៏ប៉ុន្ដែវាបានឱ្យខ្ញុំ ស្វែងយល់សម្រាប់ បច្ចុប្បន្ន និងទៅអនាគត ថែមទៀតផង។

ក្រោយពីខ្ញុំបានអានសៀវភៅនេះភ្លាម ខ្ញុំមិនបានបង្អង់យូរ ក៏ ចាប់ផ្ដើមសរសេរអត្ថបទផ្ទាល់ ថ្លែងអំណរគុណចំពោះលោកអ៊ុំ អៀង មូលី និងសហការីរបស់លោកអ៊ុំ ដែលបានខិតខំសរសេរចងក្រងនូវរឿងរ៉ាវទាំងនេះ និងការសម្រិតសម្រាំង ព្រមទាំងសុក្រិតភាពនៃ អក្ខរាវិរុទ្ធខ្មែរ តាមគេហទំព័រដើមអម្ពិល របស់ខ្ញុំ ។ ពិតមែនតែខ្ញុំ បានស្គាល់លោកអ៊ុំ អៀង មូលី ចាប់ តាំងពីពេលលោកអ៊ុំ ទើបទទួលតំណែងជាអគ្គនាយកស៊ីម៉ាក់ និងក្រោយមកជារដ្ឋមន្ដ្រីក្រសួងព័ត៌មាន ប៉ុន្ដែខ្ញុំពុំបានយល់ដឹង អំពីព្រឹត្ដិការណ៍នៅក្នុងរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរឡើយ។ ទើបតែពេល នេះក្រោយពីខ្ញុំបានអាន ទើបខ្ញុំយល់ដឹងច្រើនបន្ថែមទៀត ក្រោយពីខ្ញុំបានអានចប់ នូវការសរសេររបស់ ឧត្ដមសេនីយ៍ គង់ ថាន់ កាលពីជិតពីរឆ្នាំកន្លងទៅ ។

ក្រោយពីខ្ញុំបានអាននិងយល់សេចក្ដីនៅក្នុងសៀវភៅ នេះ ធ្វើឱ្យខ្ញុំនឹកទៅដល់លោក ប៊ុន ចាន់ម៉ល់ អតីតអ្នកដឹកនាំមួយនៃចលនាខ្មែរឥស្សរ ដែលបានសរសេរ សៀវភៅទុកមកដល់បច្ចុប្បន្ន ក្រោមចំណងជើងថា “ចរិតខ្មែរ” ដែលសៀវភៅនេះ លោក ប៊ុន ចាន់ម៉ល់ បានបង្ហាញពីចរិតអ្នកដឹកនាំខ្មែរ មិនថាតែក្នុងស្រុក និងចូល ទៅព្រៃតស៊ូទេ គឺមានគំនិតផ្ដួល ដណ្ដើមមុខ ដណ្ដើមមាត់... នៅពេលដែលខ្ញុំបានអានសៀវភៅ របស់លោកអ៊ុំ ពិតជាបានបង្ហាញឱ្យឃើញថា ចលនា នោះបានរត់ ទៅដល់ជាយដែនខ្មែរ-ថៃហើយ ក្រោមរូបភាពនៃការបណ្ដេញបរទេសឈ្លានពាន ប៉ុន្ដែអ្នក ដឹកនាំទាំងនោះ នៅបន្ដឈ្លោះដណ្ដើមតំណែង និងពឹងពាក់បរទេសឱ្យ ជួយទៀត ។ ហើយនេះមិនមែនតែ នៅក្នុងរណសិរ្សជាតិរំដោះប្រជាពលរដ្ឋខ្មែរប៉ុណ្ណោះទេ សូម្បីតែនៅក្នុងចលនាហ្វ៊ុនស៊ិនប៉ិច ក៏មានជម្លោះ ដណ្ដើមអំណាច រវាងព្រះអង្គម្ចាស់ នរោត្ដម រណឫទ្ធិ តំណាងផ្ទាល់របស់សម្ដេចឪ ជាមួយឧត្ដមសេនីយ៍ ទៀប បែន ផងដែរ ។ តើកត្ដាទាំងនោះ អ្នកណាជាអ្នកបំបែកបំបាក់? ក្រោយមកទៀត ការបែកបាក់ នោះ បានមានឃើញនៅក្នុងប្រទេស ក្រោយពីចលនាទាំងនោះ ក្លាយទៅជាបក្សនយោបាយ ឧទារហណ៍ ក្រុមលោក សក់ ស៊ុតសាខន , ឈឹម ឱមយ៉ន់... បណ្ឌិត ហេង វង្សប៊ុនឆាត  បានបង្កើតគណបក្សប្រជា ធិបតេយ្យសេរី ខណៈដែលក្រុមសម្ដេច សឺន សាន បង្កើតគណបក្ស ប្រជាធិបតេយ្យសេរី និយមព្រះពុទ្ធ សាសនា និងក្រោយមកបានបែកមួយក្រុមបន្ថែមទៀត គឺក្រុមលោកអ៊ុំ អៀង មូលី តែម្ដង ដែលមាន សមាជិកសភា ៥រូប ក្នុងចំណោម១០ ដែលមាន អាសនៈនៅក្នុងរដ្ឋសភាឆ្នាំ១៩៩៣ រួមជាមួយអ្នកដែល គាំទ្រលោកអ៊ុំ បានដើរចេញ ហើយបានធ្វើសមាជ យកគណបក្សនេះមកដឹកនាំ នៅក្នុងអំឡុងឆ្នាំ១៩៩៤ ។

ដោយឡែកចលនាហ្វ៊ុនស៊ិនប៉ិច ក្រោយមកក្លាយជា គណបក្សនយោបាយឈ្នះឆ្នោត ឆ្នាំ១៩៩៣ ក៏បាន ចាប់ផ្ដើមបែកបាក់ទៅជាគណបក្សផ្សេងៗ មិនតិចជាង១០ ខណៈដែលគណបក្សប្រជាជនកម្ពុជា ដែល តែងតែលឺក្រុមប្រឆាំងឃោសនាថា មានទំនាស់បែកបាក់ រវាងក្រុមសម្ដេច ជា ស៊ីម និងសម្ដេច ហ៊ុន សែន។ ប៉ុន្ដែនៅក្នុង ឆាកនយោបាយកម្ពុជា ចាប់តាំងពីឆ្នាំ១៩៧៩ រហូតមកដល់ពេលនេះ គណបក្ស ប្រជាជនកម្ពុជា នៅតែបន្ដដឹកនាំប្រទេស ហើយសម្ដេចទាំងបី នៅតែជាឥស្សរជន កំពូលគណបក្ស ប្រជាជន ព្រមទាំងកំពុងដឹកនាំប្រទេសដដែល (សម្ដេច ហ៊ុន សែន បានត្រូវអ្នកនិពន្ធ ហារី មេត្ដា ស្រិទ្ធនាមថា “បុរសខ្លាំង ហ៊ុន សែន ” ទៀតផង។

ជាទីបញ្ចប់ ខ្ញុំសូមគាំទ្រនិងលើកទឹកចិត្ដ ឱ្យលោកអ៊ុំបន្ដការសរសេររឿងរ៉ាវប្រវត្ដិពិតខាងលើ នៅក្នុង ភាគ២បន្ដទៀត ហើយខ្ញុំពិតជាទទួលបាននូវព័ត៌មានសំខាន់ៗ បើទោះបីជារឿងរ៉ាវទាំងនោះ បានក្លាយ ទៅជាប្រវត្ដិសាស្ដ្រក៏ដោយ៕

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>