បាងកក៖នៅព្រឹកថ្ងៃពុធនេះ មេបញ្ជាការ កងទ័ពថៃលោក Udomdej Sitabutr បានធ្វើការបំពេញ ទស្សនកិច្ចរយៈពេល ២ថ្ងៃ ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបពិភាក្សា ស្ដីពីកិច្ចសហប្រតិបត្តិការ ទ្វេរភាគី ជាពិសេសក្នុងការ អភិវឌ្ឍន៍តំបន់ព្រំដែន និងការរត់ពន្ធគ្រឿងញៀន។
ទីភ្នាក់ងារសារព័ត៌មាន បាងកកប៉ុស្ដិ៍ ចេញផ្សាយថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៤ នេះឲ្យដឹងថា មុនពេលចេញ ដំណើរទៅកាន់ ទីក្រុងណៃពិដោរ ប្រទេសមីយ៉ាន់ម៉ា នាយឧត្តមសេនីយ៍ Udomdej បាននិយាយថា កងកម្លាំងរបស់មីយ៉ាន់ម៉ា បាន អញ្ជើញរូបលោក ដើម្បីបំពេញទស្សនកិច្ចផ្លូវរដ្ឋ ស្របពេលដែលរូបលោក នាពេលថ្មីៗនេះ ត្រូវបានតែងតាំងតំណែងជា មេបញ្ជាការកងទ័ពថ្មី។
នៅក្នុងដំណើរទស្សនកិច្ចនេះដែរ លោក នឹងជួបពិភាក្សាជាមួយនឹងបណ្ដាមេបញ្ជាការ កងទ័ពមីយ៉ាន់ម៉ា ដែលអ្នក ទាំងអស់គ្នានឹងពិភ្សា លើបញ្ហាព្រំដែន ដំណោះស្រាយដីកោះ រួមទាំងការរត់ពន្ធគ្រឿងញៀន ជាពិសេសគម្រោង អភិវឌ្ឍន៍រវាងភាគីទាំងពីរ ទីលើតំបន់ព្រំដែន និងការដាំដើមឈើឡើងវិញនៅតាម បន្ទាត់ព្រំដែនថៃ មីយ៉ាន់ម៉ា៕