Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ការប្រើប្រាស់ កម្លាំង ពលកម្មកុមារ ក្នុងវិស័យកាត់ដេរ នៅតែព្រមាន ដល់ការនាំចេញ សម្លៀកបំពាក់ ពីកម្ពុជា

$
0
0

ភ្នំពេញ៖ សមាគមរោងចក្រ កាត់ដេរកម្ពុជា បានសម្តែងការព្រួយ បារម្ភខ្លាំង ចំពោះការប្រើប្រាស់ កម្លាំងពលកម្មកុមារ នៅតាមរោងចក្រ កាត់ដេរ ដែលមានផល ប៉ះពាល់ធ្ងន់ធ្ងរ ដល់ការនាំចេញ សម្លៀកបំពាក់ ពីកម្ពុជា ទៅកាន់ទីផ្សារ ពិភពលោក ។

លោក វ៉ាន ស៊ូអៀង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានថ្លែងក្រោយចុះកិច្ចព្រមព្រៀង រវាង GMAC និង គម្រោងរោងចក្រ កាន់តែប្រសើរ នៅកម្ពុជា របស់ អង្គការពលកម្មអន្តរជាតិ (ILO) ស្តីពីការប្តេជ្ញា ក្នុងការលុបបំបាត់ ពលកម្មកុមារ នៅក្នុង វិស័យកាត់ដេរ នៅរសៀលថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០១៤នេះថា ការប្រើប្រាស់កម្លាំងពលកម្មកុមារ នៅតែត្រូវបានរកឃើញមាន នៅតាមរោងចក្រ ដោយសារតែកុមារទាំងនោះ និងក្រុមគ្រួសារ បានក្លែងបន្លំ ឯកសារផ្ទាល់ខ្លួន ដើម្បីទទួលបានការងារធ្វើ ប៉ុន្តែខាងនិយោជក មិនមានចេតនា ក្នុងការប្រើប្រាស់កម្លាំងពលកម្មកុមារនោះទេ ។

លោកថា៖ «ទាក់ទងនឹង ការប្រើប្រាស់ពលកម្មកុមារនេះ យើងមានបញ្ហាប្រឈមមួយ គឺការក្លែងបន្លំឯកសារ របស់បុគ្គលិកកម្មករ នៅពេល គាត់ដាក់ពាក្យចូលធ្វើការ ការនិយោជកគ្មានចេតនាជ្រើសរើសពលកម្មកុមារ ដើម្បីចូលមកធ្វើការ នៅក្នុងរោងចក្រទេ ប៉ុន្តែយើងមានបញ្ហា ការក្លែងឯកសារ ការក្លែងសៀវភៅគ្រួសារ ការក្លែងអត្ត សញ្ញាណបណ្ណ ពីព្រោះពួកគាត់(កុមារ) ចង់បានការងារធ្វើ ប៉ុន្តែជាចេតនា របស់និយោជក គឺយើងមិនចង់ ប្រើប្រាស់ កម្លាំងពលកម្មកុមារ នោះទេ»។

លោកបានបន្ថែមថា «បើរោងចក្រ ផ្តល់ការងារឱ្យកុមារប៉ុន្មាន រោងចក្រនោះ នាំចេញទៅស្រុកក្រៅ គេនឹងមិនទទួល នោះទេ ច្បាស់ជាគេអត់ទទួលហើយ យើងខូចខាតច្រើនណាស់ អញ្ចឹងរោងចក្រ ដែលប្រើប្រាស់កម្លាំងពលកម្មកុមារ គាត់នឹងនាំចេញមិនបាននោះទេ ។ ឥឡូវមានប៉ុន្មានភាគរយហើយ ដែលយើងបានរកឃើញ ការប្រើប្រាស់កុមារ នៅតាមរោងចក្រ  ប៉ុន្តែខ្ញុំមិនទាន់ដឹងច្បាស់ថា មានប៉ុន្មាននោះទេ ប៉ុន្តែតាមអាយឡូ បានឱ្យដឹងថា ក្នុង១ឆ្នាំៗ ការប្រើប្រាស់ កម្លាំងពលកម្មកុមារ នៅកម្ពុជាបានថយចុះ» ។

របាយការណ៍របស់ វិទ្យាស្ថានស្ថិតិ នៃក្រសួងផែនការ ដែលបង្ហាញដោយ រដ្ឋមន្រ្តីក្រសួងការងារ នៅក្នុងកិច្ចប្រជុំ រវាងគំរោង រោងចក្រកាន់តែប្រសើរនៅកម្ពុជា និងអន្តរក្រសួង   ស្តីពីពលកម្មកុមារក្នុងវិស័យ កាត់ដេរ សំលៀកបំពាក់កម្ពុជា ឆ្នាំ២០១៤ កាលពីខែមិថុនាកន្លងទៅ បានបញ្ជាក់ថា ការប្រើប្រាស់ កម្លាំងពលកម្មកុមារ នៅកម្ពុជា មានការថយ ចុះជាង ពាក់កណ្តាល កាលពីឆ្នាំ២០១៣ កន្លងទៅ។ ចំនួនពលកម្មកុមារ នៅកម្ពុជា មានការធ្លាក់ចុះពីចំនួន ៧៥០.០០០នាក់ មកនៅត្រឹម ៤២៩.៣៨០នាក់ និងទម្រង់ ធ្ងន់ធ្ងរ នៃពលកម្មកុមារ  បានថយចុះពី២៥៣.០០០នាក់ មកត្រឹម ២៣៦.៤៩៨នាក់ បើទោះបីជាកំណើន ប្រជាពលរដ្ឋបានកើនឡើងពី ១០លាន នាក់ នៅឆ្នាំ២០០១ ដល់ជាង ១៤លាននាក់នៅឆ្នាំ២០១៣  ក៏ដោយ។

លោក អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ បានបញ្ជាក់កាលពីពេលថ្មីៗថា រាជរដ្ឋាភិបាល បានប្តេជ្ញាចិត្ត ប្រឆាំងពលកម្មកុមារ រួមទាំងគោលដៅកាត់បន្ថយរូបភាព នៃពលកម្មកុមារ  ក្នុងវិស័យទាំងអស់ នៅទូទាំង ប្រទេសពី១៦,៥ភាគរយ នៅឆ្នាំ១៩៩៩មកត្រឹម ៨ភាគរយ នៅឆ្នាំ២០១៥ ហើយលុបបំបាត់ឲ្យអស់ទាំងស្រុង នៅឆ្នាំ២០១៦ក្នុងទម្រង់ធ្ងន់ធ្ងរ។

លោក អ៉ិត សំហេង ៖ «ស្ថានភាព នៃពលកម្មកុមារ នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង គឺយើងអនុវត្តទៅតាមអនុវត្ត ទៅតាមផែនការជាតិលើកទី២ របស់យើង  ហើយក៏កំពុង ទទួលបាន ជោគជ័យ មានន័យថា ការរំដោះ ក្មួយកុមារ ចេញពីពលកម្មកុមារ នៃក៏បានច្រើន ហើយខ្ញុំសង្ឃឹមថា នៅឆ្នាំ២០១៥-២០១៦នេះ  យើងនឹង អាចសម្រេចបាន គោលដៅ នឹងលុបបំបាត់ ទម្រង់ធ្ងន់ធ្ងរ នៃពលកម្មកុមារ»។

លោក អ៉ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលបញ្ជាជីវៈ បានមានប្រសាសន៍ថា «កម្ពុជាមានការ ប្តេជ្ញាចិត្តខ្ពស់ណាស់ នៅក្នុងការលុបបំបាត់ទម្រង់ធ្ងន់ធ្ងរ  នៃពលកម្មកុមារ ជាពិសេស នៅក្នុងរោងចក្រ ដែលផលិតសម្លៀកបំពាក់សម្រាប់ ការនាំចេញ អញ្ចឹង គេនឹងអាច ជឿជាក់ថា ផលិតផលនៅកម្ពុជា មិនមានការប្រើប្រាស់  ពលកម្មកុមារទេ» ។

ទោះជាយ៉ាងនេះក្តីរហូតមកដល់ពេលនេះ មិនទាន់មានរបាយការណ៍ច្បាស់លាស់ណាមួយ ដែលបង្ហាញថា ការប្រើប្រាស់កម្លាំងពលកម្មកុមារ ក្នុងវិស័យកាត់ដេរ ដែលកើតឡើង តាមរយៈការបន្លំឯកសារនេះ មានចំនួនប៉ុន្មាននោះទេ ប៉ុន្តែបើតាមការអះអាង របស់លោកស្រី  ចានីកាស៊ីមស៊ិន ប្រធានគ្រប់គ្រងគម្រោងស្តីទី គម្រោងរោងចក្រ កាន់តែប្រសើរ នៅកម្ពុជា បានឱ្យដឹងថា តាមរយៈការត្រួតពិនិត្យ ទៅលើរោងចក្រកាត់ដេរ ចំនួន៥០០ ក្នុងចំណោមរោងចក្រកាត់ដេរទាំងអស់ ៩៦០ នៅកម្ពុជា ក្នុងនោះឆ្នាំ២០១៤ មានចំនួន៣៤ករណី  ហើយឆ្នាំ២០១៣ មានចំនួន៦៧ករណី ដែលចំនួននេះបានថយចុះច្រើន ។ លោកស្រីបានមានប្រសាសន៍ថា «យើងគ្របដណ្តប់ តែទៅលើរោងចក្រណា ដែលគាត់ធ្វើការនាំចេញ ក្នុងចំណោមរោងចក្រជាង៥០០ ដែលយើងបានត្រួតពិនិត្យ»។

សូមជំរាបថា ដើម្បីទប់ស្កាត់ការប្រើប្រាស់ កម្លាំងពលកម្មកុមារនៅតាមរោងចក្រកាត់ដេរនេះ GMAC និង គម្រោងរោងចក្រ កាន់តែប្រសើរ នៅកម្ពុជា នឹងធ្វើការត្រួតពិនិត្យ រោងចក្រ ដែលជាដៃគូរបស់ខ្លួន ដើម្បីស្វែងរកកុមារ ដែលកំពុងបំពេញការងារតាមរោងចក្រទាំងនោះ ដើម្បីផ្តល់ថវិកា ឱ្យពួកគេបានសិក្សាជំនាញវិជ្ជាជីវៈវិញ ដោយឡែក ខាងGMAC នឹងផ្តល់ប្រាក់ខែឱ្យពួកគេដូចធម្មតា ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>