ខេត្តក្រចេះ សាលាខេត្តក្រចេះ បើកកិច្ចប្រជុំពង្រឹងវិធានការ អនុវត្តការបង្ក្រាបបទល្មើសព្រៃឈើ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១២ ក្រោមវត្តមាន លោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍ វិស័យកសិកម្មនិង ជនបទ ។
ក្នុងនោះ ក៏មានអញ្ជើញចូលរួមមាន លោកអភិបាល អភិបាលរងខេត្ត លោករដ្ឋលេខាធិការ មកពីក្រសួងពាក់ព័ន្ធ មេបញ្ជាការកងកម្លាំងប្រដាប់អាវុធ និងមន្រ្តីរដ្ឋបាលព្រៃឈើ ចំនួន ៨៩នាក់ ដែលមកពីបណ្តាខេត្តរតនៈគិរី មណ្ឌលគិរី ស្ទឹងត្រែង កំពង់ចាម និងខេត្តក្រចេះ ។
ក្នុងរបៀបវរអង្គប្រជុំ គឺបានលើកយកចំណុចសំខាន់ចំនួនបី មកធ្វើការពិភាក្សា ទាក់ទិននិងការទប់ស្កាត់បទល្មើស ដែលកើតមានឡើង ក្នុងខេត្ត ទាំង៥ខាងលើនេះ រួមមាន បទល្មើសជលផល បទល្មើសព្រៃឈើ និងជញ្ជីងថ្លឹងទម្ងន់រថយន្ត ។
លោក ឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី មានប្រសាសន៍ចំៗ សង្កាត់ធ្ងន់ទៅលើ បញ្ហាបទល្មើសទាំងបីនេះ ដោយស្នើសុំឲ្យក្រសួង មន្ទីរទាំងប៉ុន្មានដែលមានការពាក់ព័ន្ធ ពិនិត្យឡើងវិញ នូវបទល្មើសមួយចំនួន ដែលកើតឡើងនាពេលកន្លងមក គឺភាគច្រើនមានការបើកដៃ ពីមន្ត្រីជំនាញ ។
ក្នុងនោះ លោកឧបនាយករដ្ឋមន្រ្តី បានលើកបញ្ជាក់ពីបញ្ហា បទល្មើសជលផល ជាក់ស្តែងកើតមានឡើង ដោយមានការបើកដៃពីមន្ត្រីជំនាញ បូករួមទាំងមន្ត្រី នៅក្នុងសហគមន៍ជាដើម លោកបញ្ជាក់ថា សម្រាប់ប្រជាពលរដ្ឋ នេសាទធម្មតា ពួកគាត់មានការខ្លាចរអា និងច្បាប់ណាស់ បើសិនគ្មានការបើកដៃ ពីសំណាក់មន្រ្តីជំនាញទេនោះ ។
លោកមានប្រសាសន៍ដូចគ្នា ទៅនិងបទល្មើសព្រៃដែរ ការរកស៊ីដឹកជញ្ជូនឈើប្រណីត គឺសុទ្ធសឹងជាមន្ត្រី កងកម្លាំងប្រដាប់អាវុធ ដែលមាន បុណ្យស័ក្តិធំ ក្នុងនោះក៏មានក្រុមហ៊ុនមួយចំនួន ដែលដេញថ្លៃបាន អាងខ្លួនមានច្បាប់ទម្លាប់ ដឹកផ្ទុកលើសទម្ងន់ ខុសពីច្បាប់ ដែលបានអនុញ្ញាតឲ្យ ។ រីឯជញ្ជីងសម្រាប់ថ្លឹងរថយន្ត គឺបានត្រឹមតែអង្គុយរាប់ក្បាលរថយន្ត យកលុយ មិនបានគិតអំពីតួនាទីរបស់ខ្លួនឡើយ កត្តានេះហើយ ដែលបង្កឲ្យ ផ្លូវថ្នល់ងាយទទួលរងនូវការខូចខាត ។
លោកឧបនាយករដ្ឋមន្រ្តី យឹម ឆៃលី បានស្នើឲ្យ គណៈបញ្ជាការឯកភាព ស្រុក ខេត្តទាំងប៉ុន្មាន រួមនិងបណ្តាក្រសួង មន្ទីរ អង្គភាព ដែលមានការពាក់ ព័ន្ធ ត្រូវចាប់ចាប់ផ្តើម ពង្រឹងនិងចាត់វិធានការ ដោយអនុវត្តឲ្យបាន បញ្ហាជាក់ស្តែងនូវរាល់បទល្មើសទាំងអស់ ដើម្បីធ្វើការទប់ស្កាត់ ឲ្យបាន និងបញ្ចៀសនូវការកាប់បំផ្លាញ រីករាលដាលនូវធនធានធម្មជាតិ ៕