ភ្នំពេញ ៖ ផ្ទះប្រជាពលរដ្ឋ មួយខ្នង ធ្វើអំពីឈើលើ ថ្មក្រោម ស្ថិតនៅផ្ទះលេខ ៧២៤ ក្រុមទី៦ ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ត្រូវ បានភ្លើងឆេះបំផ្លាញទាំងស្រុង កាលពីវេលាម៉ោង ប្រមាណ ២៖២០នាទីរសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០១៤នេះ ដោយសារឆ្លង ចរន្តអគ្គិសនី ។
សេចក្តីរាយការណ៍ ពីប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន បានឲ្យដឹងថា នៅ ម៉ោងកើតហេតុនោះ ស្រាប់តែមានផ្សែងហុយចេញ ពីផ្ទះរបស់ស្រ្តីឈ្មោះ ឱ អ៊ឹម អាយុ៤៩ឆ្នាំ មុខរបរធ្វើការ នៅរោងចក្រ ពេលនោះបង្កឲ្យមានការភ្ញាក់ ផ្អើល ទូរស័ព្ទរាយការណ៍ ជូនសមត្ថកិច្ច និងអាជ្ញាធរ មូលដ្ឋាន ដើម្បីចេញ ទៅជួយអន្តរាគមន៍។
ភ្លាមៗនោះ នាយការិយាល័យ ពន្លត់ និងបង្កាគ្រោះ អគ្គិភ័យ រាជធានីភ្នំពេញ លោក ព្រហ្ម យ៉ត បានបញ្ជូន រថយន្ត បាញ់ ពន្លត់ភ្លើង ទៅកាន់កន្លែងកើតហេតុ ចំនួន២គ្រឿង រហូតបាញ់រលត់ ទាំង ស្រុងតែម្តង ដោយមិនបណ្តាលឲ្យរីករាលដាល ដល់ផ្ទះ ប្រជាពលរដ្ឋ នៅក្បែរនោះឡើយ ។
នៅក្នុងហេតុការណ៍ ខាងលើនេះ គេសង្កេត ឃើញ ចៅសង្កាត់ស្ទឹងមានជ័យ លោក សេង សាញ់ និងអធិការនគរបាល ខណ្ឌមានជ័យ លោក តេង ទីណូ ក៏បានទៅជួយអន្តរាគមន៍ផងដែរ។
ទាំង សមត្ថកិច្ច និងអាជ្ញាធរ សូមអំពាវនាវ ដល់ប្រជាពលរដ្ឋ នៅក្នុងមូលដ្ឋាន ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះគ្រោះអគ្គិភ័យ ជាពិសេសនោះគឺ ត្រូវមាន ការត្រួតពិនិត្យ ប្រព័ន្ធភ្លើង មុនចេញ និងចូលផ្ទះ៕