ភ្នំពេញ ៖ ជនជាតិបារាំងម្នាក់ ត្រូវបានគេប្រទះឃើញ ដេកស្លាប់ ដោយមានកាំភ្លើង ម៉ាក K54 មួយដើម នៅក្បែរខ្លួន ហើយសព ស្អុយរលួយ ពេញក្នុងបន្ទប់ ដោយមានស្នាមបាញ់ និងចាក់សោបន្ទប់ជាប់ ។
ក្រោយបញ្ចប់ ការពិនិត្យ កោសល្យវិច័យរបស់ នគរបាលជំនាញ និងពេទ្យតុលាការ រួចមកនោះ បានបង្ហាញ ជនបរទេសរូប បានបាញ់សម្លាប់ខ្លួនឯងតែម្តង។ យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនបានបង្ហាញថា តើជនបរទេសរូបនេះ មាន កាំភ្លើងយ៉ាងដូចម្តេចនោះឡើយ? ភាពភ្ញាក់ផ្អើលខាងលើនេះ កើតឡើង នៅវេលាម៉ោង ០១ និង៣០នាទី ថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤ នៅក្នុង បន្ទប់លេខ៣០៤ ជាន់ទី២ ផ្ទះសំណាក់ «Khmer Stay» មានទីតាំង ស្ថិតនៅផ្ទះលេខ៩៩ ផ្លូវលេខ៦៣ ភូមិ៧ សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។
មន្រ្តីនគរបាល មូលដ្ឋានបានឲ្យដឹងថា បុរសបរទេស ដែលដេកស្លាប់ នៅក្នុងបន្ទប់ផ្ទះសំណាក់ខាងលើ ត្រូវបានស្គាល់ឈ្មោះ តាមលិខិតឆ្លងដែន ឈ្មោះ CHELKOFF CYRIL VICTOR អាយុ៤៧ ឆ្នាំ ជនជាតិបារាំង មុខ របរទេសចរណ៍ ស្នាក់នៅក្នុងផ្ទះសំណាក់ «Khmer Stay» កាន់លិខិតឆ្លង ដែនលេខ 13C158241 បានចូលស្នាក់នៅ កាលពីថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ២០១៤ ។
អ្នកគ្រប់គ្រងផ្ទះសំណាក់លោក ទឹម ចាន់ណាក់ អាយុ៣៤ឆ្នាំ បានឲ្យដឹងទៀតថា ដោយសារតែមិន បានឃើញជនបរទេសនោះសោះ ក៏បានឡើង ទៅមើល ធុំក្លិនស្អុយចេញពីក្នុងបន្ទប់ ទើបបបួល អ្នកធ្វើការជាមួយ នាំគ្នាយកសោ ទៅចាក់បើកទ្វារមើល ពិនិត្យមើលក៏ ឃើញបុរសដេកស្លាប់ ដោយមានក្លិនស្អុយទៅហើយ ក៏បានបិទទ្វារ រួចរាយការណ៍ ឲ្យសមត្ថកិច្ចតែម្តង ។
ភ្លាមៗនោះ សមត្ថកិច្ច បានបង្កើត គណៈកម្មការចម្រុះ ចុះពិនិត្យធ្វើ កោសល្យវិច័យ ដោយគ្រូពេទ្យ ក៏បានប្រទះឃើញកាំភ្លើងម៉ាក K54 មួយគ្រាប់ ដែលបានបញ្ចូលគ្រាប់ ជំនាញបានសម្រេច ។ គណៈកម្មការចម្រុះបានសន្និដ្ឋានជាជំហានដំបូងថា ជនរងគ្រោះស្លាប់ ដោយការធ្វើអត្តឃាតបាញ់ សម្លាប់ខ្លួនដោយ មិនដឹងពី មូលហេតុ ។
បច្ចុប្បន្ន សពត្រូវបានបញ្ជូនយកទៅតម្កល់ នៅវត្តស្ទឹងមានជ័យ ដើម្បីស្វែងរក ក្រុមគ្រួសារមកទទួលទៅធ្វើបុណ្យតាមប្រពៃណី៕