ភ្នំពេញ៖ ដើម្បីឲ្យកសិករទទួលបាន ទិន្នផលស្រូវខ្ពស់ជាប់ជានិច្ច និងកាត់បន្ថយនូវចំណាយ ពីការទិញជីពីខាងក្រៅ កសិករគួរតែប្រើប្រាស់ឡើងវិញ នូវអនុផលស្រូវ ដើម្បីប្រើធ្វើជា ជី ធម្មជាតិ ដូចជា ចំបើង ជញ្រ្ជាំង អង្កាម ក្នុងចំណោមអនុផលទាំងនោះ ជញ្រ្ជាំងជា ធនធានមួយ ដែលកសិករច្រើនគ្នាមិនសូវឲ្យតម្លៃ នេះ ជាការលើកឡើង របស់អង្គការសេដាក ជំនាញខាងវិស័យកសិកម្ម។
ជញ្ជ្រាំងស្រូវ ដែលមាននៅក្នុងដីស្រែ បន្ទាប់ពីការច្រូតកាត់របស់កសិករ គឺជាធនធាន មួយដ៏មានសារប្រយោជន៍ និងប្រកបដោយសក្តានុពលខ្ពស់បំផុត សំរាប់កសិករ ជាពិសេស វាជាជីធម្មជាតិដ៏ល្អ ដែលជួយឲ្យដីផុស និងផ្តល់ជីជាតិបន្ថែមដល់ស្រូវ។ ប៉ុន្តែគួរឲ្យស្តាយ កន្លងមកជញ្ជ្រាំង មិនត្រូវបានទទួលការថែរក្សាប៉ុន្មានទេ ក្នុងចំណោមប្រជាកសិករជាច្រើន រហតូដល់មានការដុតចោល ដោយចេតនា ឬអចេតនា។
លោកបណ្ឌិត យ៉ង សាំងកុមារ ប្រធានអង្គការសេដាក បានបញ្ចាក់ថា «ការដុតជញ្ជ្រាំងចោល ដោយចេតនាឬអចេតនា នាំមកនូវគុណវិបត្តិជាច្រើនដូចជាៈ បាត់បង់នូវសារធាតុសរីរាង្គ សំរាប់ប្រើជាជីជំនួយដល់ដី បាត់បង់នូវគំរបការពារដីពី កម្តៅថ្ងៃ ហើយចំហេះជញ្ជ្រាំង នាំមកនូវកម្តៅបន្ថែមនិងឧស្ម័នផ្សេងៗ ជាពិសេសឧស្ម័នកាបូនិច ដែលអាចបង្ក ឲ្យមានបំពុលដល់បរិយាកាស និងបង្កើតឲ្យមានអាកាសធាតុក្តៅ»។
លោក ពៅ កុសល្យ កសិកររស់នៅភូមិវាល ឃុំចាម ស្រុកកំពង់ត្របែក ខេត្តព្រៃវែងមាន ប្រសាសន៍ថា «បន្ទាប់ពីច្រូតកាត់រួច ខ្ញុំតែងតែធ្វើការភ្ជួរលុប ជញ្រ្ជាំងនៅក្នុងស្រែ ឃើញថាវា បានជួយអោយដីស្រែផុស និងមានជីជាតិល្អពីមួយឆ្នាំទៅមួយឆ្នាំ ដោយមិនចាំបាច់ចំណាយ និងនឿយហត់ក្នុងការប្រមូលជីដាក់ស្រែឡើយ»។
ដោយជញ្ជ្រាំងស្រូវ នាំមកនូវផលប្រយោជន៍ច្រើន ដល់កសិករនិងសង្គមជាតិ ទាំងផល ប្រយោជន៍ សេដ្ឋកិច្ច និងបរិស្ថាន អង្គការសេដាក សូមអំពាវនាវដល់កសិករ និងអ្នកពាក់ព័ន្ធ ជាពិសេសគ្រូបង្រៀន និងអាជ្ញាធរមូលដ្ឋាន ជួយចាត់វិធានការការពារ ធនធានធម្មជាតិ ដ៏សំខាន់នេះ ដូចខាងក្រោមៈ
-ជំរុញឲ្យកសិករភ្ជួរជញ្ជ្រាំង លុបទៅតាមលទ្ធភាពដែលអាចធ្វើបាន
-អប់រំឲ្យប្រជាកសិករ ជាពិសេសកុមារ និងយុវជន ឲ្យយល់ពីសារប្រយោជន៍ជញ្ជ្រាំង និងណែនាំ កុំឱ្យពួកគេដុតជញ្ជ្រាំង
-អាជ្ញាធរមូលដ្ឋាន គួរមានវិធានការផាកពិន័យ ក្នុងកំរិតណាមួយ ចំពោះជនណាដែលដុតជញ្ជ្រាំង និងចំបើងទុកតាមវាលស្រែដោយចេតនា៕