ភ្នំពេញ៖ រដ្ឋាភិបាលសហរដ្ឋអាម៉េរិក នឹងផ្តល់ថវិកាបន្ថែមចំនួន ៤៣,៥លានដុល្លារអាម៉េរិក ដែលជាជំនួយរបស់ទីភ្នាក់ងារសហរដ្ឋអាម៉េរិក ដើម្បីអភិវឌ្ឍអន្តរជាតិ (USAID) ដើម្បីជំរុញការអភិវឌ្ឍន៍ជាអទិភាព របស់ប្រទេសកម្ពុជាលើវិស័យកសិកម្ម បរិស្ថាន និងសុខាភិបាល និងគាំទ្រផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់ប្រទេសកម្ពុជា។
វិសោធនកម្មលើកិច្ចព្រមព្រៀងពីរដើម្បីផ្តល់ថវិកាបន្ថែម ត្រូវបានចុះហត្ថលេខានាពេលថ្មីៗនេះ ដោយទីភ្នាក់ងារ USAID ទីស្តីការគណៈរដ្ឋមន្ត្រី និង ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ របស់ប្រទេសកម្ពុជា។
កិច្ចព្រមព្រៀងទី១ ដែលបានចុះហត្ថលេខានៅថ្ងៃទី២៤ ខែវិចិ្ឆកា ផ្តល់ថវិកាចំនួន ១៧,៩លានដុល្លារដល់វិស័យកសិកម្ម ឱកាសសេដ្ឋកិច្ច និងការការពារបរិស្ថាននៅកម្ពុជា ដែលជាផ្នែកមួយនៃកម្មវិធី គំនិតផ្តួចផ្តើមដើម្បីចិញ្ចឹមអ្នកជំនាន់ក្រោយ និងបំរែបំរួលអាកាសធាតុសកល របស់លោកប្រធានាធិបតី Obama ។
សកម្មភាពក្នុងកិច្ចព្រមព្រៀងនេះ គាំទ្រគោលដៅរបស់ក្រសួងកសិកម្ម ព្រមទាំងក្រសួងបរិស្ថាន ដោយផ្តោតលើការកែលំអ សន្តិសុខស្បៀងសំរាប់ ប្រជាជនកម្ពុជានៅតាមជនបទចំនួន ៧០.០០០គ្រួសារ។ កិច្ចព្រមព្រៀងនេះ ក៏ផ្តល់ថវិកាផងដែរដល់ការអភិវឌ្ឍន៍ នូវដំណោះស្រាយត្រឹមត្រូវចំពោះ ផលិតកម្មកសិកម្មមិនល្អ ការខាតបង់ក្រោយពេលប្រមូលផល កង្វះអាហារូបត្ថម្ភ កង្វះលទ្ធភាពស្វែងរកទីផ្សារ និងការខូចខាតនៃបរិស្ថាន។
កិច្ចព្រមព្រៀងទី២ ដែលចុះហត្ថលេខាកាលពីថ្ងៃទី១ ខែធ្នូ ផ្តល់ថវិកាចំនួន ២៥,៦លានដុល្លារអាមេរិក ដើម្បីជួយសំរេចគោលដៅសុខភាព និងអាហារូបត្ថម្ភជាតិរបស់ប្រទេសកម្ពុជា ស្របតាមផែនការយុទ្ធសាស្ត្រវិស័យសុខាភិបាលជាតិ និងយុទ្ធសាស្ត្រសន្តិសុខ ស្បៀងនិងអាហា រូបត្ថម្ភរបស់ប្រទេសកម្ពុជា។ ថវិកានេះនឹងជួយពង្រឹងសេវាកម្ម សុខាភិបាលរបស់ប្រទេសកម្ពុជា ដោយបង្កើតការថែទាំ សុខភាពប្រសើរជាងមុន ដល់ប្រជាជនកម្ពុជា ដោយផ្តោតជាពិសេសលើប្រជាជនក្រីក្រ ស្ត្រី និងកុមារ។ ថវិកានេះប្រើប្រាស់សកម្មភាពច្នៃប្រឌិត និងបែបបុរាណផ្សេងៗគ្នា ដើម្បីសំរេចគោលដៅមួយចំនួន រួមមាន៖ ធ្វើឲ្យសុខភាពមាតា កុមារនិងទារកប្រសើរឡើង អាហារូបត្ថម្ភ កុមារនិងមាតា ការពន្យា កំណើតនិងសុខភាពបន្តពូជ កាត់បន្ថយការចម្លងនិងផលប៉ះពាល់ ពីមេរោគនិងជំងឺអេដស៍ បង្ការនិងគ្រប់គ្រងជំងឺរបេង និងគ្រុនចាញ់ ព្រមទាំងពង្រឹងប្រព័ន្ធសុខាភិបាលសាធារណៈ របស់ប្រទេសកម្ពុជា។
កិច្ចព្រមព្រៀងទាំងពីរនេះ បង្ហាញពីការតាំងចិត្តរបស់រដ្ឋាភិបាលអាម៉េរិក ក្នុងការបន្តជួយដល់ប្រជាជនកម្ពុជា ឲ្យរស់នៅមានសុខភាពកាន់តែប្រសើរ កាន់តែរីករាយ និងមានជីវិតកាន់តែសកម្មជាងមុន។ ចាប់តាំងពីឆ្នាំ១៩៩២ មក USAID បានផ្តល់ថវិកាប្រហែល ១ពាន់លានដុល្លារ ដើម្បី អភិវឌ្ឍន៍ប្រទេសកម្ពុជា រួមមានវិស័យកសិកម្ម ការអប់រំមូលដ្ឋាន សុខភាពមាតានិងកុមារ និង ការបង្ការនិងព្យាបាលជំងឺអេដស៍ជាដើម៕