ភ្នំពេញ៖ ប្រធានាធិបតីវៀតណាម លោក ជ្រឿង តឹងសាង បានស្នើប្រធានរដ្ឋសភាកម្ពុជា សម្តេច ហេង សំរិន ជួយគំាទ្រ និងមើលដល់ប្រជាជនវៀតណាម ដែលធ្វើការវិនិយោគរកស៊ីនៅក្នុងប្រទេសកម្ពុជា គ្រាដែលមួយរ យៈពេលចុងក្រោយនេះ សមត្ថកិច្ចកំពុងមានវិធានការរឹតបន្តឹងលើជនអន្តោប្រវេសន៍វៀតណាម រស់ដោយខុស ច្បាប់នៅកម្ពុជា។
យោងតាមលោក កែវ ពិសិដ្ឋ ប្រធានខុទ្ទការល័យសម្តេច ហេង សំរិន បានឲ្យដឹងថា នៅក្នុងជំនួបពិភាក្សារវាង សម្តេចប្រធានរដ្ឋសភា និងលោក ជ្រឿង តឹងសាន នាវិមានរដ្ឋសភា នារសៀលថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៤នេះ ប្រមុខរដ្ឋវៀតណាម បានស្នើដល់រដ្ឋសភា ក៏ដូចជារាជរដ្ឋាភិបាលខ្មែរ ជួយគាំទ្រការមករកស៊ីរបស់ប្រជាជនវៀត ណាមនៅកម្ពុជា។
បើតាមលោក កែវ ពិសិដ្ឋ លោកប្រធានាធិបតីបានបញ្ជាក់ថា ក្នុងពេលកន្លងមករដ្ឋសភាក្តី, ព្រឹទ្ធសភាក្តី រាជរដ្ឋា ភិបាលក្តី បានយកចិត្តទុកដាក់ ចំពោះប្រជាជនវៀតណាម ដែលរស់នៅ និងប្រកបរបរទទួលទាននៅកម្ពុជា ដោយជួយសម្រួលសព្វបែបយ៉ាង គឺក្នុងស្មារតីមិត្តភាព ធ្វើយ៉ាងណាឲ្យស្របតាមលក្ខណៈច្បាប់អន្តរជាតិ ហើយ ការយកចិត្តទុកដាក់នេះ គឺដូចជាការយកចិត្តទុកដាក់ចំពោះបរទេសដទៃ ដែលមករកស៊ីនៅកម្ពុជាផងដែរ។
លោកប្រធានរដ្ឋវៀតណាម បានបញ្ជាក់ថា វៀតណាមសន្យាជំរុញការបោះបង្គោលព្រំដែន នៃប្រទេសទាំងឲ្យ បានឆាប់រហ័ស និងទទួលយកបានសម្រាប់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ មិនឲ្យមានការអក់អនចិត្តរៀងខ្លួន និងធ្វើឲ្យព្រំដែននេះ ក្លាយទៅជាព្រំដែនសហប្រតិបត្តិការ, ពាណិជ្ជកម្ម, អភិវឌ្ឍសម្រាប់ជាប្រយោជន៍ដល់ប្រជា ជន នៃប្រទេសទាំងពីរកម្ពុជា និងវៀតណាម។
លោក កែវ ពិសិដ្ឋ បានលើកយកប្រសាសន៍សម្តេច ហេង សំរិន ថា សម្តេចមានការសប្បាយរីករាយក្នុងដំណើរ ទស្សនកិច្ចរបស់លោកប្រធានាធិបតីវៀតណាមមកកម្ពុជានេះ និងសូមអរគុណដល់ថ្នាក់ដឹកនាំប្រទេសវៀតណា ម ក៏ដូចជាប្រជាពលរដ្ឋវៀតណាម ដែលកន្លងមកបានលះបង់អាយុជីវិតខ្លួន ដើម្បីជួយរំដោះប្រជាពលរដ្ឋកម្ពុជា ឲ្យចេញពីរបប ប៉ុល ពត ទាំងមិនស្តាយស្រណោះជីវិត។
ជាចុងបញ្ចប់ លោក ជ្រឿង តឹងសាង ក៏បានអញ្ជើញសម្តេច ហេង សំរិន ទៅចូលរួមកិច្ចប្រជុំ IPU នៅក្នុងប្រទេសវៀតណាម ឆ្នាំ ២០១៥ ខាងមុខនេះផងដែរ ។
សូមបញ្ជាក់ថា លោកប្រធានាធីបតីវៀតណាម ជ្រឿង តឹងសាង បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម មក ធ្វើទស្សនកិច្ចនៅក្នុងប្រទេសកម្ពុជា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣-២៤ ខែធ្នូ ឆ្នាំ២០១៤ ដែលដំណើរទស្សន កិច្ចនេះ លោកនឹងចូលគាល់ព្រះមហាក្សត្រខ្មែរ សំណេះសំណាលការងារជាមួយសម្តេចតេជោ ហ៊ុន សែន, លោក សាយ ឈុំ និងសម្តេចព្រះសង្ឃទាំងពីរគណៈផងដែរ៕