ព្រៃវែងៈ ជនរងគ្រោះដែលជាអ្នកចញ្ចឹមទាម្នាក់ ត្រូវបានស្លាប់យ៉ាងអាណោចអាធម បន្ទាប់ពីត្រូវ បានជនសង្ស័យម្នាក់ យកពូថៅ និងតំបងវាយ បែកក្បាល មុខមាត់ខ្ទេច បណ្តាលឲ្យស្លាប់ភ្លាមៗ។ ហេតុការណ៍ខាងលើបង្កឡើងដោយ មានការខឹងគ្នារវាង ជនសង្ស័យ និងជនរងគ្រោះ រឿងច្រឡំទាគ្នា ប្រហែល១០០ក្បាល កាលពីយប់ឈានចូលថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ ខាងលិចភូមិ ប្រហែល២គីឡូម៉ែត្រ។
ជនសង្ស័យដែលកម្លាំងសមត្ថកិច្ចធ្វើការឃាត់ខ្លួន ហើយបាននាំយកមកសួរចម្លើយ នេះមានឈ្មោះ ឈាន សូនី ហៅណូ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅភូមិល្វា ឃុំសាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង ចំណែកជនរងគ្រោះមានឈ្មោះ ជីម អ៊ា ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិ ភូមិល្វា ឃុំសាងឃ្វាង ស្រុកកំចាយមារ ខេត្តព្រៃវែង ត្រូវបានជនសង្ស័យយកពូថៅ និងតំបងកាប់ និងវាយក្បាលខ្ទេច ។
ប្រភពព័ត៌មានពី ស្នងការរងនគរបាល ខេត្តព្រៃវែង លោក សេង សុភ័ក្រ បានឲ្យដឹងថា ក្រោយពីមានការបញ្ជា ពីលោកស្នងការខេត្តព្រៃវែង កម្លាំងរបស់លោកបានធ្វើការស្រាវជ្រាវ តាមចាប់ជនសង្ស័យខាងលើ ហើយបាននាំខ្លួន យកមកសួរនាំតែម្តង៕