ភ្នំពេញ : ក្នុងការអនុវត្ត សកម្មភាពមនុស្សធម៌ របស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំ ប្រកបដោយកិត្តិបណ្ឌិត សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសាខាកាកបាទក្រហម រាជធានីភ្នំពេញ នារសៀលថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤នេះ សាខាបានសម្រេចរៀបចំ ប្រកាសតែងតាំង ប្រធាន-អនុប្រធានកិត្តិយស និងទទួលស្គាល់ប្រធាន-អនុប្រធាន សមាជិក សមាជិកា គណ:កម្មាធិការអនុសាខា កាកបាទក្រហមកម្ពុជា និងក្រុម កាកបាទក្រហម សង្កាត់-ផ្សារ ក្នុងការឆ្លើយតបទៅនឹងតម្រូវការ ដឹកនាំរបស់អនុសាខាខណ្ឌមានជ័យ ។
ពិធីប្រកាសនេះ ធ្វើឡើងក្រោមវត្តមានលោកស្រី ឡោក ខេង អនុប្រធានគណ:កម្មាធិការសាខា កាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ តំណាងលោក ប៉ា សុជាតិវង្ស ប្រធានគណ: កម្មាធិការសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ព្រមទាំងមន្ត្រីកាកបាទក្រហមរាជធានី ជាច្រើនរូបទៀត ។
យោងតាមសេចក្តីសម្រេច បានប្រកាសតែងតាំងលោក ពេជ្រ កែវមុនី អភិបាលខណ្ឌមានជ័យ ជាប្រធានកិត្តិយសអនុសាខា កាកបាទក្រហមខណ្ឌមានជ័យ និង លោក ឌី រត្នខេមរុណ អភិបាលរងខណ្ឌ ជាប្រធាន គណ:កម្មាធិការអនុសាខា កាកបាទក្រហមខណ្ឌមានជ័យ ។ ជាមួយគ្នានេះ លោក ពេជ្រ កែវមុនី តាងនាម ប្រធានកិត្តិយស អនុសាខា កាកបាទក្រហមខណ្ឌមានជ័យ ក្នុងអាណត្តិទី៤នេះ ដើម្បីជាសក្ខីភាព ក្នុងការបំពេញបេសកកម្ម ដ៏ឧត្តុងឧត្តម ជាពិសេស ការផ្តល់ សេវាកម្មជួយជនរងគ្រោះ ប្រកបដោយជោគជ័យនោះ បានធ្វើការប្តេជ្ញាចិត្តប្រកាន់ ភ្ជាប់នូវគោលការណ៍គ្រឹះ ទាំង៧ប្រការ របស់ចលនា កាកបាទក្រហម អឌ្ឍចន្ទក្រហម គឺភាពមនុស្សធម៌ ភាពមិនលំអៀង អព្យាក្រិត្យភាព ឯករាជ្យភាព សេវាកម្មស្ម័គ្រចិត្ត ឯកភាព និងសកលភាព ។
ក្នុងឱកាសនោះដែរ លោកស្រី ឡោក ខេង បានសម្តែងសេចក្តីសាទរ ក្នុងការរៀបចំរចនាសម្ព័ន្ធ កាកបាទក្រហមកម្ពុជា និងជំរុញដល់អនុសាខា កាកបាទក្រហម ខណ្ឌមានជ័យ ត្រូវបន្តភារកុច្ច និងខិតខំបម្រើការងារមនុស្សធម៌ ឲ្យសមថាកាកបាទ ក្រហមកម្ពុជា គឺជាជំនួយការមនុស្សធម៌ដល់រាជរដ្ឋាភិបាល និងជាជំនួយការ ក្នុងការ កាត់បន្ថយភាពក្រីក្ររបស់ រាជរដ្ឋាភិបាលផងដែរ៕