កំពង់ឆ្នាំង ៖ ផលនេសាទ នៅក្នុងខ្នើត ខែបុស្ស ៥កើតនេះ ត្រូវនឹងថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០១៤នេះ ត្រីប្រហុក ប្រភេទលេខ៣ ចាប់ផ្តើមត្រូវបណ្តើរៗហើយ គឺចាប់ពីម៉ោង ៩ព្រឹក រហូតដល់ម៉ោង១១ថ្ងៃត្រង់ នៅទីតាំងដែននេសាទតំបន់ឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ។
ក្នុងដំណើរចុះពិនិត្យ ផលនេសាទពេញមួយថ្ងៃ ដែលដឹកនាំដោយលោក សេង ប៊ុនឈឿន នាយខណ្ឌរដ្ឋបាលជលផល ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ត្រីរៀល ត្រីលិញ សម្រាប់ធ្វើប្រហុក កាលពីថ្ងៃទី២៥ ម្សិលមិញ តម្លៃក្នុង១គីឡូក្រាម ១២០០រៀល និងថ្ងៃទី២៦នេះ តម្លៃត្រីក្នុង១គីឡូក្រាម១១០០រៀល ដោយឡែកត្រីច្រកែង តម្លៃ១គីឡូក្រាម៣៥០០រៀល ។
លោក សេង ប៊ុនឈឿន នាយខណ្ឌរដ្ឋបាលជលផលរូបនេះ បានបន្តឲ្យដឹងថា ត្រីធំៗថយចុះ មូលហេតុធ្លាក់ភ្លៀង នៅក្នុង រដូវខ្នើត ឆ្នាំ២០១៤នេះ ត្រីប្រហុកនឹងអាចត្រូវ ចាប់ពីថ្ងៃទី២៦ ទី២៧ បន្តទៀត ប្រសិនបើមេឃស្រឡះមិនប្រែប្រួល ។ ការប្រៀបធៀបទិន្នផលត្រី ទៅនឹងឆ្នាំ២០១៣កន្លងទៅនេះ លោក សេងប៊ុន ឈឿន បានបញ្ជាក់ថា ពុំទាន់អាចសន្និដ្ឋាន ឬកំណត់បាននៅឡើយទេ ។
លោក សេង ប៊ុនឈឿន បានឲ្យដឹងថា ត្រីប្រហុក ចាប់ពីខ្នើតខែបុស្ស (ខែធ្នូ)នេះទៅ នៅតាមដែននេសាទនានា ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ត្រីបានចាប់ផ្តើមត្រូវ ជាបណ្តើរៗ តែនៅមិនទាន់ត្រូវច្រើនទេ ។ ឆ្នាំនេះក៏ដូចជាឆ្នាំមុនៗដែរ ផ្នែកជំនាញរដ្ឋបាលជលផល បានសហការ ជាមួយអាជ្ញាធរដែនដីរៀបចំទីតាំង សម្រាប់ ប្រជាពលរដ្ឋ ចុះមកធ្វើប្រហុកផ្អក មាន៥កន្លែង ក្នុងនោះទី១-នៅចុងកោះ ក្នុងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង, ទី២-នៅព្រែករាំង ឃុំទឹកហូត ស្រុករលាប្អៀរ , ទី៣-នៅកំពង់ប្រាសាទ ក្នុងឃុំសែប ស្រុកកំពង់ត្រឡាច, ទី៤-នៅតាជេស ក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច និង ទី៥-នៅព្រែកគន្លង កំពង់ត្រឡាចក្រោម ក្នុង ស្រុកកំពង់ត្រឡាច៕