រតនគិរីៈ យុវសិស្សពីរនាក់ បងប្អូន បានលង់ទឹកស្លាប់ យ៉ាងអាណោច អាធម ខណៈទៅលេងទឹក នៅកន្លែងក្រុមហ៊ុន ទឹកស្អាត តាយ សេង បានលុង ហេតុកាលពីវេលា ម៉ោង២ និង៣០នាទី រសៀលថ្ងៃទី២៦ ខែធ្នូ នេះស្ថិតនៅ ក្នុងភូមិភ្នំស្វាយ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
បើយោងតាមសន្តិសុខ ក្រុមហ៊ុន ប្រាប់ឲ្យដឹងថា ក្នុងចំណោម ក្មេងៗ ៦-៧នាក់ ក្នុងនោះក្មេង ប្រុស២នាក់ បងប្អូននៅទីនោះ ដែល ហើយគ្រាដែល ក្មេងប្រុសត្រូវជាបងចុះមុជទឹក រួចលង់ដោយលើកដៃ ជាសញ្ញាឲ្យជួយ ខណៈនោះដែរ ក្មេងប្រុសត្រូវជាប្អូន លោតចុះទឹក ដើម្បីទៅជួយបង ទាំងមិនដោះ សំលៀកបំពាក់ ក៏លង់ទាំង២នាក់ បងប្អូនតែម្តង ស្របពេលដែលពុំមានមនុស្សចាស់នៅក្បែរនោះ ជួយសង្គ្រោះ។
សន្តិសុខក្រុមហ៊ុនប្រាប់បន្តថា ជម្រៅទឹកកន្លែងអាងទឹកស្អាតនេះ មានជម្រៅ៤,៥ម៉ែត្រ ឯណោះ ហើយជារៀងរាល់ថ្ងៃ សន្តិសុខតែងតែដេញក្មេងៗ មិនឲ្យលេងទឹកនៅទីនោះទេ។ ប៉ុន្តែជាការកត់សំគាល់ពុំ ឃើញមានស្លាកសញ្ញាហាមឃាត់ ទៅលេងទីនោះប្រយ័ត្ន គ្រោះថ្នាក់នោះទេ។ ភ្លាមៗនោះដែរសមត្ថកិច្ច មូលដ្ឋានចុះដល់កន្លែងកើតហេតុ បានធ្វើការត្រួតពិនិត្យសាកសព ក្មេងរងគ្រោះទាំង២នាក់នេះ។
សមត្ថកិច្ចមូលដ្ឋានប្រាប់ឲ្យដឹងថា ក្មេងរងគ្រោះត្រូវជាបងមានឈ្មោះ វុធ មករា អាយុ១៦ឆ្នាម និងប្អូនប្រុស ឈ្មោះ វុធ សីហា មានអាយុ១៤ឆ្នាំ និងមានឪពុកឈ្មោះ ខៃ វុធ អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរមេកាសំណង់ និងម្តាយឈ្មោះ រុន ណាវុធ អាយុ៤៣ឆ្នាំ មុខរបរមន្ត្រីរាជការសាលាខេត្តរតនគិរី មានទីលំនៅភូមិអូរកន្ទិល សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី។
បច្ចុប្បន្នសពក្មេងរងគ្រោះទាំង២នាក់ បងប្អូនត្រូវបានសមត្ថកិច្ច ប្រគល់ឲ្យគ្រួសារ យកមកធ្វើបុណ្យ នៅលំនៅដ្ឋានខាងលើដោយក្តីទុក្ខសោកក្រៃលែង៕