-ជនបង្កបោះសំដី សង៣០០ដុល្លារ បញ្ចប់រឿង តែស្នងការបញ្ជាឲ្យ បញ្ជូន ខ្លួនទៅកាន់តុលាការ ព្រោះឈឺចិត្ត ជាងឈឺកាយ
កំពង់ចាម ៖ កម្លាំងនគរបាល ការិយាល័យ ចរាចរណ៍ផ្លូវគោក នៃស្នង ការ ដ្ឋាននគរបាល ខេត្តកំពង់ចាម បានឃាត់ខ្លួន បុគ្គលិកធនាគារ AMK ម្នាក់ ក្រោយបើកម៉ូតូ បំបុកសមត្ថកិច្ច ខណៈពេលកំពុងចុះពង្រឹង និងត្រួតពិនិត្យ ច្បាប់ ចរាចរណ៍ផ្លូវគោក តាមគោលដៅ នៅក្នុងក្រុងកំពង់ចាម ។
មន្រ្តីនគរបាល ចរាចរ ខេត្តកំពង់ចាម បានឲ្យដឹងថា ហេតុការណ៍ក្មេងយូកូម បើកម៉ូតូ ទៅបំបុក សមត្ថកិច្ចចរាចរ ខាងលើនេះ បានកើតឡើង កាលពីវេលា ម៉ោងប្រមាណ ៩៖១០នាទី ព្រឹកថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅ តាម ដងផ្លូវ ក្នុងភូមិបឹងស្នាយ សង្កាត់សំបួរមាស ក្រុងកំពង់ចាម ខណៈកម្លាំង សមត្ថកិច្ច បានដាក់ប៉ុស្តិ៍ត្រួតពិនិត្យ ច្បាប់ចរាចរណ៍ផ្លូវគោក នៅតាមគោល ដៅ ។
ជនបង្ករូបនេះ បានបង្កបទល្មើសចំនួន៣គឺ មិនគោរច្បាប់ចរាចរណ៍ (បើកម៉ូតូ មិនពាក់មួកសុវត្ថិភាព និងមិនដាក់កញ្ចក់) រារាំងសមត្ថកិច្ច ពេលកំពុងបំពេញការងារ និងបទល្មើសព្រហ្មទណ្ឌ មួយទៀត គឺបង្ករបួស ស្នាមដល់មន្រ្តីនគរបាលយុត្តិធម៌។
បើតាមការបញ្ជាក់របស់មន្រ្តី នគរបាល ចរាចរ ចំពោះករណីខាងលើនេះ ស្នងការនគរបាល ខេត្តកំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន បានបញ្ជាឲ្យបញ្ជូន សំណុំរឿង និងបញ្ជូនខ្លួន ទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ បើទោះបីជននេះ បោះពាក្យសំដី និងយល់ព្រមសង សំណងយ៉ាងណាក៏ដោយនោះ។
មន្រ្តីនគរបាល ចរាចរ ខេត្តកំពង់ចាម បានបញ្ជាក់ថា កាលពីវេលាម៉ោងកើតហេតុ យុវជន ទំនើងរូបនេះ បានបើកម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ មួយគ្រឿង ដោយមិនពាក់ មួកសុវត្ថិភាព និងម៉ូតូមិនដាក់កញ្ចក់ តាមដងផ្លូវសាធារណៈ ស្រាប់តែដល់ គោលដៅ របស់កម្លាំងនគរបាល ចរាចរមួយក្រុម កំពុងធ្វើការត្រួតពិនិត្យ និងចាប់អ្នកល្មើសច្បាប់នោះ ជននេះបានបើកម៉ូតូគេសវេស។
ប៉ុន្តែនៅពេល បើកដល់គោលដៅទី២ របស់សមត្ថកិច្ច ចរចរណ៍គេចមិនរួច ក៏ត្រឡប់មក ក្រោយវិញ។ ពេលនោះមន្រ្តីនគរបាល ចរាចរ នៅគោលដៅទី១ ដដែល បានហៅឲ្យឈប់ តែរូបគេមិនស្តាប់ ។ ប៉ុន្តែភ្លាមៗ ខណៈនគរបាល ហៅឲ្យ ឈប់ ធ្វើឲ្យរូបនេះក្តៅក្រហាយ និងខឹង ក៏មូលហ្គែរបន្ថែមបំបុក មន្រ្តី នគរបាល ចរាចរម្នាក់ នៅពីមុខបណ្តាលឲ្យ រងរបួសផងដែរ ។
ក្រោយមាន រឿងនេះកើតឡើង ស្នងការនគរបាលខេត្ត បានបញ្ជាឲ្យបញ្ជូន យុវជនខាងលើមកកាន់ ស្នងការដ្ឋាន នគរបាលខេត្ត ដើម្បីធ្វើការសួរនាំ និងមានវិធាន ការណ៍តាមផ្លូវច្បាប់។ បើតាមការបញ្ជាក់របស់ លោក រស់ សំបូរ នាយការិយាល័យ ព្រហ្មទណ្ឌ កម្រិតស្រាល ខេត្តកំពង់ចាម ជននេះមាន ឈ្មោះ សេង បញ្ញា អាយុ២៣ឆ្នាំ រស់នៅភូមិសង្កែពង់ ឃុំស្រម៉រ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងបច្ចុប្បន្ន បម្រើការងារនៅធនាគារ AMK ។
ជុំវិញករណី បង្ករបួសស្នាម ដែលចេញមក ពីការមិនគោរព ច្បាប់ចរាចរណ៍ ខាងលើនេះ លោកឧត្តមស្នងការ នគរបាល ខេត្តកំពង់ចាម បែន រ័ត្ន បាន បញ្ជាក់ថា «នៅពេលដែលយក មកដល់ស្នងការ គេថាឲ្យ៣០០ដុល្លារ ដើម្បី បញ្ចប់រឿង នេះជាការប្រមាថ ដល់កិត្តិយស របស់កងកម្លាំង នគរបាលយើង ដូច្នេះ ខ្ញុំអត់ព្រមដាច់ខាត ហើយយើងអត់ទារថ្លៃទេ ពីព្រោះយើងឈឺចិត្ត ជាង ឈឺខ្លួន ចំពោះការបោះពាក្យ សំដីយ៉ាងដូច្នេះនោះ»។
បើតាម លោកស្នងការខេត្ត បច្ចុប្បន្នកម្លាំងសមត្ថកិច្ច របស់លោក កំពុងរៀបចំកសាង សំណុំរឿងបញ្ជូន ទៅកាន់តុលាការ ចាត់ការតាមផ្លូវច្បាប់ ដើម្បីកុំឲ្យ ក្មេងពាលដទៃទៀត យកគំរូតាម៕