បន្ទាយមានជ័យ ៖ កម្លាំងនគរបាល ទាំងថ្នាក់ស្នងការដ្ឋាន នគរបាលខេត្ត ទាំងនគរបាល តាមមូលដ្ឋាន នៅក្នុងខេត្តបន្ទាយមានជ័យ មិនត្រឹមតែ ចុះ ល្បាត និងយាមប្រចាំការ ការពារសន្តិសុខ នៅពេលថ្ងៃនោះទេ ប៉ុន្តែកម្លាំងទាំងនោះ បានធ្វើការកិច្ចការងារមួយនេះ នៅពេលយប់ រហូតដល់ព្រឹកទៀបភ្លឺ ទៀតផង។
មិនខុសពីបណ្តា អធិការដ្ឋាន នគរបាល តាមស្រុកនានានោះ តែសម្រាប់អធិការដ្ឋាន នគរបាល ក្រុងសិរីសោភ័ណ ជាទីរួមខេត្តនោះវិញ នគរបាល ជាច្រើននាក់ បានចុះល្បាត និងយាមប្រចាំការ នៅតាមគោលដៅ តាំងពីក្បាលល្ងាច រហូតដល់យប់ជ្រៅ និងបន្តរហូតដល់ព្រឹកទៀបភ្លឺទៀតផង តាមរយះ ការបែងចែក និងដាក់វេនគ្នាជាប្រចាំ ។
ជាក់ស្តែង នៅយប់ថ្ងៃ ទី២៧ ខែធ្នូ ឆ្នាំ២០១៤នេះ កម្លាំងនគរបាល ពាក់ព័ន្ធទាំងថ្នាក់ខេត្ត ថ្នាក់ក្រុង និងទាំងថ្នាក់ មូលដ្ឋាន បានយាមប្រចាំការ នៅចំណុចរង្វង់មូល ស្រីគ្រប់ លក្ខណ៍ ដើម្បីការពារ សន្តិសុខ និងសណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋ ជា ពិសេសនោះ ការទប់ស្កាត់ បទល្មើសនានា ដែលអាចកើតមានឡើង។
នៅយប់ថ្ងៃដដែលនេះ គេសង្កេតឃើញ ស្នងការនគរបាល ខេត្តបន្ទាយ មានជ័យ លោកឧត្តមសេនីយ៍ អាត់ ខែម បានអញ្ជើញចុះទៅ ពិនិត្យមើល កម្លាំងផ្ទាល់តែម្តង ដើម្បីពង្រឹងបន្ថែម និងណែនាំចំពោះការងារ សន្តិសុខ ជូនប្រជាពលរដ្ឋ ។
មន្រ្តីនគរបាល ខេត្តបន្ទាយមានជ័យ បានថ្លែងបញ្ជាក់ថា «លោកស្នងការ បានចុះមកមើល កម្លាំងយាមតាមគោលដៅ នៅរង្វង់មូល ស្រីគ្រប់លក្ខណ៍ ដើម្បីការពារ សន្តិសុខ ជូនប្រជាពលរដ្ឋយើង នៅពេលល្ងាច និងនៅពេលយប់ រហូតដល់យប់ជ្រៅ និងកម្លាំងខ្លះទៀត បន្តរហូត ដល់ទៀបភ្លឺតែម្តង»។
នៅចំពោះមុខ មន្រ្តីនគរបាល ទាំងនេះ លោកឧត្តម សេនីយ៍ស្នងការ បានធ្វើការណែនាំ និងជំរុញឲ្យបង្កើន ការយកចិត្តទុកដាក់ កុំធ្វេសប្រហែស ដើម្បីបង្ហាញ និងផ្តល់ជំនឿចិត្ត ជូនប្រជាពលរដ្ឋ រស់នៅ ទីរួមខេត្តនេះ ។
លោកស្នងការបាន លើកឡើងទៀតថា នៅពេលកម្លាំង ចុះល្បាត និងយាមប្រចាំការ ទាំងថ្ងៃ ទាំងយប់ ធ្វើឲ្យជនល្មើសខ្លះ មិនអាចធ្វើសកម្មភាព បាននោះទេ ហើយម្យ៉ាងទៀត នៅពេលមានបទល្មើស អ្វីមួយកើតឡើង កម្លាំងរបស់យើង នឹងអាចជួយអន្តរាគមន៍ភ្លាមៗផងដែរ៕
ស្នងការខេត្តបន្ទាយមានជ័យ (រូបឆ្វេងបំផុត) កំពុងផ្តល់មតិណែនាំ ដល់កម្លាំងនគរបាល