-អ្នកកាសែត រួមអាជីព (មុខរបរមិនអាច ក្លាយជាអ្នកមាន) និងសប្បុរសជន នាំគ្នាបរិច្ចាគ ឧបត្ថម្ភជូន លោក ឌី រៀ សម្រាប់ការព្យាបាលជំងឺ
ភ្នំពេញ ៖ លោក ឌី រៀ អាយុជាង៤០ឆ្នាំ ជាអ្នកយកព័ត៌មាន នៃស្ថាប័ន កាសែតកម្ពុជាថ្មី បានឡើងឈាមខ្លាំង ហើយសន្លប់បាត់ស្មារតីឈឹង តាំងពី នៅខេត្តកំពត រហូតដឹកយកមកសង្គ្រោះ នៅមន្ទីរពេទ្យកាល់ម៉ែត នារសៀល និងល្ងាចថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤នេះ ។
រហូតមកដល់យប់ ថ្ងៃដដែលនេះ អ្នកយកព័ត៌មាន កាសែតកម្ពុជាថ្មី ប្រចាំនៅខណ្ឌឫស្សីកែវ និង ខណ្ឌជ្រោយ ចង្វារ ហៅ ម៉ាប់ ហៅទំពែក បាន និងកំពុងបន្តសង្គ្រោះ និងព្យាបាល នៅឡើយ នៅមន្ទីរកាល់ម៉ែត។
កូនស្រីរបស់ លោក ឌី រៀ បាននិយាយថា កាលពីរសៀលថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ខណៈកំពុងឈប់ រថយន្តដើម្បី ទិញផ្លែឈើ អាងត្រឡប់មកភ្នំពេញវិញនោះ ស្រាប់តែ លោកវិលមុខ និងសន្លប់ បាត់ស្មារតីតែម្តង។ ភ្លាមៗនោះ ក្រុមគ្រួសារ បានប្រញ៉ាប់ប្រញ៉ាល់ ដឹកយកទៅ មន្ទីរពេទ្យឯកជន នៅក្រុងកំពត ដើម្បីធ្វើការជួយ សង្គ្រោះជា ជំហានដំបូងសិន ។
កូនស្រីរបស់លោក បានបន្តទៀតថា ក្រោយពេល គ្រូពេទ្យពិនិត្យ និងស្ទង់ឈាមនោះ បានបង្ហាញថា លោក ឌី រៀ លើសឈាម យ៉ាងខ្ពស់ ដែលធ្វើ មានអាការៈបែបនេះ ។ បន្ទាប់ពីធ្វើការ ជួយសង្គ្រោះនៅទីនោះ មួយសន្ទុះធំ ក្រុមគ្រួសារ ដោយមានការលើកទឹកចិត្ត និងការផ្តល់យោបល់ពី សំណាក់មិត្តរួមអាជីពនោះ បានដឹកយក លោក ឌី រៀ ឆ្ពោះមកកាន់ មន្ទីរពេទ្យកាល់ម៉ែត នៅក្នុងរាជធានីភ្នំពេញ ។
រហូតមកដល់ យប់ថ្ងៃដដែលនេះ ស្ថានភាព សុខភាព របស់អ្នកយកព័ត៌មានរូបនេះ ស្ថិតក្រោមការតាមដាន របស់គ្រូពេទ្យ នៅឡើយ។
ជាមួយគ្នានេះ ដោយសារតែមាន ចិត្តស្រឡាញ់គ្នា ក្នុងនាមជាអ្នក សារព័ត៌មាន ដែលជាមុខរបរ មិនអាចក្លាយជាអ្នកមាននោះ បានចំណាយថវិកា បន្តិចបន្តួច តាមលទ្ធភាពរបស់ខ្លួន ដែលបានមកពី ការទៅយកព័ត៌មាន ចូលរួម ឧបត្ថម្ភដល់លោក ឌី រៀ ដើម្បីចេញថ្លៃការព្យាបាល នៅមន្ទីរពេទ្យ ដែលមាន តម្លៃខ្ពស់មួយនេះ។
ដោយឡែក ថ្នាក់ដឹកនាំអាជ្ញាធរ ថ្នាក់ដឹកនាំ នគរបាល រាជធានីភ្នំពេញ និងក្រសួងមហាផ្ទៃ ព្រមទាំងមន្រ្តីរាជការមួយចំនួន ទៀតក៏បានចូលរួមឧបត្ថម្ភផងដែរ៕