ភ្នំពេញ ៖ អតីតមន្រ្តីនគរបាលក្រសួងមហាផ្ទៃម្នាក់ ដែលតុលាការរាជធានីភ្នំពេញ សម្រេចធ្វើការចោទប្រកាន់ និងឃុំ ខ្លួន ពីបទ ឆបោកប្រាក់ឧកញ៉ាម្នាក់មានចំនួនជាង ១លានដុល្លារកន្លះ ឥឡូវតុលាការកំពូល បានធ្វើការជំនុំជម្រះ និង សម្រេចចេញសាលដីកាបង្គាប់ឲ្យឃុំខ្លួនជាបន្តទៀត ខណៈជនជាប់ចោទខាងលើ បានប្តឹងទៅសាលាឧទ្ធរណ៍ និងបន្ត ទៅតុលាការកំពូល សុំនៅក្រៅឃុំ ។
នៅព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ នេះ តុលាការកំពូលបានប្រកាសសាលដីកា សម្រេចបន្តឃុំខ្លួនអតីតមន្រ្តីនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ ឈ្មោះ ប៉ិច ហ៊ី ជាបន្តទៀត ខណៈដែលជនជាប់ចោទរូបនេះ បានប្តឹងសុំនៅក្រៅឃុំ បន្ទាប់ពីតុលាការ បញ្ជាឲ្យឃុំខ្លួនជាបណ្តោះអាសន្ន កាលពីពាក់កណ្តាលខែកក្កដា ឆ្នាំ២០១៤ កន្លងទៅនេះ ។
ជនជាប់ចោទខាងលើ ត្រូវបានគេស្គាល់ ឈ្មោះ ប៉ិច ហ៊ី ភេទប្រុស អាយុ ៣៥ឆ្នាំ មានទីលំនៅមុនពេលចាប់ខ្លួន ស្នាក់នៅផ្ទះលេខ ៦៧ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ត្រូវបានចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅនេះ ក្រោមការចោទប្រកាន់ ពីបទ រំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅរាជធានីភ្នំពេញ កាលពីខែកញ្ញា ឆ្នាំ២០០៩ តាមបញ្ញត្តិមាត្រា ៣៩១ និង៣៩២ នៃក្រមព្រហ្មទណ្ឌ ។
ពាក់ព័ន្ធទៅនឹងករណីខាងលើនេះ ត្រូវបានគេដឹងថា ផ្តើមចេញពីរឿងមួយ គឺកាលពីឆ្នាំ ២០០៦ ក្រុមហ៊ុនកសិកម្មសុវត្ថិភាព បានចាត់តាំងឲ្យឈ្មោះ ប៉ិច ហ៊ី ដែលជាបុគ្គលិករបស់ក្រុមហ៊ុន រៀបចំធ្វើការប្រមូលទិញដីនៅតំបន់ ភូមិ បារ៉ុង ភូមិវិហារសួគ៌ ភូមិព្រៃចាស់ ភូមិសន្លុង ភូមិឈូក ស្ថិតក្នុងខ្សាច់កណ្តាល ខេត្តកណ្តាល ដោយរាល់ការប្រមូល ទិញដី ឈ្មោះ ប៉ិច ហ៊ី ជាអ្នករៀបចំឯកសារទិញ-លក់ កាត់ផ្ទេរឈ្មោះ និងទូទាត់ប្រាក់ទៅឲ្យម្ចាស់ដី ជួសមុខឲ្យក្រុម ហ៊ុនទាំងស្រុង ។ ក្នុងនោះក្រុមហ៊ុនក៏បានប្រគល់លុយទៅឈ្មោះ ប៉ិច ហ៊ី ក្នុងការប្រមូលទិញដីធ្លីខាងលើនេះ សរុប ចំនួន ១.៥២៧.៦៥១ ដុល្លារសហរដ្ឋអាមេរិក តែក្រោយពីយកលុយទៅទិញដីហើយ ឈ្មោះ ប៉ិច ហ៊ី មិនបានប្រគល់ ឯកសារទិញ-លក់ ទាំងអស់នោះមកឲ្យក្រុមហ៊ុននោះឡើយ ។ ក្រោយមកក្រុមហ៊ុនក៏បានឲ្យឈ្មោះ ប៉ិច ហ៊ី ចូលខ្លួន មកធ្វើការដោះស្រាយជាមួយក្រុមហ៊ុន តែឈ្មោះនេះគេចវេស ទើបក្រុមហ៊ុនសម្រេចដាក់ពាក្យបណ្តឹងទៅតុលាការ ប្តឹងធ្វើការចោទប្រកាន់ និងចាប់ខ្លួនទៅតាមផ្លូវច្បាប់តែម្តងទៅ ៕