ភ្នំពេញ ៖ គម្រោងរបស់សាលារាជធានីភ្នំពេញ តាំងពីសម័យលោក កែប ជុតិមា នៅជាអភិបាល ដោយផ្តួចផ្តើមធ្វើឲ្យ កើតចេញជារូបរាងសួនច្បារ នៅតាមដងទន្លេសាប ចាប់ពីគល់ស្ពានជ្រោយចង្វារ ត្រើយខាងលិច និងខាងជើងស្ពាន រហូតទៅដល់ឃ្លាំងសាំងសូគីម៉ិចនោះ រហូតមកដល់ពេលនេះ សាលារាជធានីភ្នំពេញ នៅតែមិនទាន់មានផែនការធ្វើ ការកសាងពិតប្រាកដនៅឡើយនោះទេ ថ្វីត្បិតតែគម្រោងប្លង់ ត្រូវបានគេគូចេញជារូបរាងហើយក៏ដោយ ។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យ សាលារាជធានីភ្នំពេញ បានថ្លែងប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅល្ងាចថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៤ ថា ផែនការកសាងសួនច្បារ នៅតាមច្រាំងទន្លេសាប ប៉ែកខាងលិចចាប់ពីខាងជើងគល់ស្ពាន ជ្រោយចង្វារ រហូតទៅដល់មុខឃ្លាំងសាំងសូគីម៉ិចនោះ គឺសាលារាជធានីភ្នំពេញ នៅមិនទាន់មានផែនការកសាងពិត ប្រាកដនៅឡើយនោះទេ គឺគ្រាន់តែស្ថិតនៅក្នុងគម្រោងរបស់សាលារាជធានីភ្នំពេញតែប៉ុណ្ណោះ ។
យោងតាមគម្រោងប្លង់ ដែលគេគូព្រាងឡើង ស្តីពីការកសាងសួនច្បារនៅតាមដងទន្លេសាប តាមបណ្តោយផ្លូវជាតិ លេខ ៥ ខាងលើនេះ គឺសាលារាជធានីភ្នំពេញ មានផែនការកសាងសួនច្បារដ៏ល្អប្រណីតមួយដោយបង្កើតចេញជា តំបន់ផ្សេងៗគ្នា ដូចជាតំបន់កំសាន្តសួនផ្កា តំបន់កំសាន្តសួនទឹក អាងទឹក តំបន់ស្ថានីយកាណូតអ្នកដំណើរ តំបន់ កាណូតទេសចរណ៍ តំបន់សម្តែងសិល្បៈកំសាន្តទីវាល តំបន់ពិព័រណ៍ទូក តំបន់លក់ភេជ្ជៈ ហាងទំនិញ វត្ថុអនុស្សាវរីយ៍ តំបន់ចំណតរថយន្ត តំបន់រោងជ្រកកំដៅថ្ងៃ និងភ្លៀង តំបន់ហាត់កីឡា និងតំបន់ក្មេងកំសាន្តជាដើម ។ ប៉ុន្តែ ក្រោយ សាលារាជធានីភ្នំពេញ សម័យលោក កែប ជុតិមា នៅជាអភិបាល ប្រកាសនូវផែនការខាងលើ បានធ្វើឲ្យប្រជាពលរដ្ឋ រាប់រយគ្រួសារ ដែលមានលំនៅដ្ឋាន និងកន្លែងប្រកបរបរអាជីវកម្មផ្សេងៗនាំគ្នាបញ្ចេញប្រតិកម្ម ព្រោះផែនការនេះ នឹងធ្វើឲ្យប៉ះពាល់ដល់លំនៅដ្ឋាន និងកន្លែងប្រកបអាជីវកម្មរបស់ពួកគាត់ ។
ក្រោយសាលារាជធានី ប្រកាសផែនការខាងលើ ក្រុមអ្នកឃ្លាំមើល បាននាំគ្នាវាយតម្លៃថា គម្រោងការខាងលើនេះ នឹង មិនអាចចេញឆាប់ និងប្រព្រឹត្តទៅដោយរលូននោះឡើយ ព្រោះធ្វើឲ្យប៉ះពាល់ដល់ផ្ទះ និងដីកម្មសិទ្ធិរបស់ប្រជាពលរដ្ឋរាប់រយគ្រួសារ ជាពិសេសផ្ទះប្រជាពលរដ្ឋ ដែលស្ថិតនៅចាប់ពីខាងជើងគល់ស្ពាន រហូតទៅដល់ចំណុចប៉ុស្តិ៍ រដ្ឋបាលនគរបាលទួលសង្កែតែម្តង ដែលមានប្រជាពលរដ្ឋរស់នៅច្រើន និងរស់នៅជាយូរឆ្នាំមកហើយ រួមទាំងផ្ទះខ្លះ គឺបានធ្វើការសាងសង់តាំងពីសម័យសង្គមរាស្រ្តនិយមមកម្ល៉េះ ។ អ្វីដែលកាន់តែឲ្យគេមើលឃើញថា គម្រោងការនេះ នឹងមិនអាចចេញរួចនោះ គឺសំណង់សណ្ឋាគារដ៏ធំមួយ ដែលមានទីតាំងស្ថិតនៅប្រមាណជាជាង ១០០ម៉ែត្រ ខាង ជើងគល់ស្ពានជ្រោយចង្វារតែម្តង ដោយនៅក្នុងប្លង់គឺគេមិនបានមានផែនការយកចេញនោះឡើយ ដែលជាហេតុធ្វើ ឲ្យប្រជាពលរដ្ឋ កាន់តែបញ្ចេញប្រតិកម្មថា ដេញតែផ្ទះប្រជាពលរដ្ឋ តែសណ្ឋាគាររបស់អ្នកមានអំណាច មានលុយ បែរជាមិនដេញចេញឲ្យស្មើភាពគ្នាទៅវិញ ។
ក្រុមអ្នកសង្កេតការណ៍ បាននាំគ្នាវាយតម្លៃថា មហិច្ឆតាបណ្តេញប្រជាពលរដ្ឋចេញទាំងស្រុង ដើម្បីយកដីធ្វើសួនច្បារ នោះ គឺពិបាកនឹងទៅរួចណាស់ ៕