ភ្នំពេញ : បុរសម្នាក់ ដែលមានប្រពន្ធ និងកូនស្រីម្នាក់ បានដាច់ចិត្ត ចងកសម្លាប់ខ្លួនចោលប្រពន្ធ និងកូនស្រីជាទី ស្រឡាញ់ ដោយសារវិបត្តិផ្លូវចិត្ត មានជំងឺប្រចាំកាយ បង្កការភ្ញាក់ផ្អើល ដល់អ្នកភូមិ និងសមត្ថកិច្ច ចោមរោម ពិនិត្យ មើល កាលពីវេលាម៉ោង ២និង៣០នាទី រសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតនៅបន្ទប់ជួល ភូមិត្នោតជ្រុំ៤ ក្រុម១ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ។
សមត្ថកិច្ចបានឲ្យដឹងថា បុរសរងគ្រោះ ឈ្មោះ ហាយ គ្រៀត អាយុ ៣៥ឆ្នាំ ស្នាក់នៅបន្ទប់កើតហេតុ ដែលមានប្រពន្ធ ឈ្មោះ ស ភ្លាញ អាយុ ៣៥ឆ្នាំ ជាកម្មការិនីរោងចក្រ កាត់ដេរ និងកូនស្រីម្នាក់ អាយុ ៩ឆ្នាំ ។ ប្តីប្រពន្ធនេះ មានស្រុក កំណើត នៅភូមិទួលសិលា ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង ។
បើតាមសំដីរបស់ប្រពន្ធ គឺនាង ស ភ្លាញ បាននិយាយថា ប៉ុន្មានថ្ងៃមុនកើតហេតុនេះ ប្តីចេះតែរអ៊ូថា រត់ម៉ូតូឌុប មិនសូវ បាន មិនចង់រស់នៅលើលោកនេះទេ ហើយប្រពន្ធបានលួងលោមថា កុំគិតចឹង ចាំថ្ងៃអាទិត្យនេះ ខ្ញុំយកទៅស្រុក ដើម្បី ស្រោចទឹកចេញ ។ នាង ស ភ្លាញ បានបន្តថា នៅថ្ងៃកើតហេតុ គាត់បានចេញទៅធ្វើការដូចសព្វដង ប៉ុន្តែនៅវេលា ម៉ោង ២រសៀល ខ្លួនបានទូរស័ព្ទមក រកប្តីជាច្រើនដង តែទូរស័ព្ទមិនលើក ទើបខ្លួនបានទូរស័ព្ទ ប្រាប់បងថ្លៃប្រុសឲ្យ មកមើល ហើយក៏ឃើញទ្វារបន្ទប់ជាប់សោរ ខណ:នោះបងប្រុស ក៏បានអើតមើលតាមប្រឡោះខ្យល់ ទើបឃើញថា ជនរងគ្រោះចងកនឹងប្រឡោះខ្យល់ ហើយក៏ស្រែកឆោឡោ ប្តឹងទៅសមត្ថកិច្ច និងបានទូរស័ព្ទប្រាប់ប្រពន្ធ ជនរងគ្រោះ ថា បងប្រុសចងកស្លាប់ហើយ ។
ក្រោយសមត្ថកិច្ចចុះពិនិត្យ និងធ្វើកោសល្យវិច្ច័យ រួចសន្និដ្ឋានថា ករណីអត្តឃាត ចងកសម្លាប់ ខ្លួនឯង ដោយយក ក្រម៉ា ចងទៅលើនឹងធ្នឹងឈើដំបូលបន្ទប់ ។ បន្ទាប់មកសមត្ថកិច្ច ក៏ប្រគល់សពទៅឲ្យប្រពន្ធ និងកូន យកទៅធ្វើបុណ្យ នៅស្រុកកំណើត ខេត្តស្វាយរៀង ៕