ភ្នំពេញ៖ សាលាខណ្ឌដង្កោ កាលពីព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ បានរៀបចំ ពិធីចែកអត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរជូនដល់ ប្រជាពលរដ្ឋចំនួន៤០០នាក់ ក្នុងសង្កាត់ដង្កោ ខណ្ឌដង្កោ ក្រោមអធិបតីភាព លោក នុត ពុធដារ៉ា អភិបាល នៃគណៈអភិបាល ខណ្ឌដង្កោ។
ក្នុងឱកាសនោះ លោក នុត ពុធដារ៉ា បានលើកឡើងពី ការអភិវឌ្ឍរីកចម្រើន របស់មូលដ្ឋាន ខណ្ឌដង្កោ ទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត និងអរូបវ័ន្ត ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី។
លោកអភិបាល ក៏បានណែនាំដល់បងប្អូន ប្រជាពលរដ្ឋ ដែលបានមកទទួលយក អត្តសញ្ញាណប័ណ្ណ សញ្ជាតិខ្មែរនាថ្ងៃនេះ រក្សាទុកអត្តសញ្ញាណប័ណ្ណ ឲ្យបានត្រឹមត្រូវ ជៀសវាងការខូចខាត នានា ព្រោះអត្តសញ្ញាណប័ណ្ណ មានប្រយោជន៍ណាស់ សម្រាប់ការរស់នៅរបស់បងប្អូន ដើម្បីប្រើប្រាស់ ក្នុងតម្រូវការចាំបាច់នានា ហើយប្រសិនបើមានការបាត់បង់ ដោយប្រការផ្សេងៗ សូមទំនាក់ទំនង មកប៉ុស្តិ៍នគរបាលសង្កាត់ ដើម្បីរៀបចំបែបបទ ធ្វើអត្តសញ្ញាណប័ណ្ណឡើងវិញ។
រីឯប្អូនៗដែលគ្រប់អាយុ ត្រូវធ្វើអត្តសញ្ញាណប័ណ្ណ ត្រូវមកធ្វើអត្តសញ្ញាណប័ណ្ណឲ្យ បានគ្រប់គ្រប់គ្នា តាមការអញ្ជើញ របស់អធិការដ្ឋាន នគរបាលខណ្ឌ៕