Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

គណបក្សរាជានិយម ចាប់ផ្តើមទំព័រថ្មី

$
0
0

ភ្នំពេញ៖ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥នេះ គណបក្សរាជានិយម ដែលដឹកនាំដោយសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិនិងព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី ដែលជាបងប្អូនបង្កើត ម្តាយទីទៃពីគ្នា ព្រះអង្គទាំងទ្វេបានសព្វព្រះរាជហប្ញទ័យ យល់ព្រមឲ្យមានគណបក្សរាជានិយម តែមួយ នោះគឺគណបក្សរាជានិយម ហ៊្វុនស៊ិនប៉ិច ដែលជាស្នាព្រះហស្ថមិនអាចកាត់ថ្លៃបានរបស់សម្តេចព្រះបរម រតនកោដ្ឋ នរោត្តម សីហនុ ដែលឆ្លងតាមរយៈនៃ ហ៊្វុនស៉ិនប៉ិច នឹងរៀបចំសមាជវិសាមញ្ញ នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ខាងមុននេះ ដោយយាងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ទៅគង់ជាព្រះប្រធាន។

យោងតាមលិខិតចុះថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ របស់ព្រះអង្គម្ចាស់ក្សត្រី នរោត្តម អរុណរស្មី ប្រធានគណបក្សហ្វ៊ិនស៊ិនប៉ិច និងលោក ញឹក ប៊ុនឆៃ អគ្គលេខាធិការ គណបក្ស បានសុំយាងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ មកគង់ជាព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច។ ចំណែកសម្តេចក្រុមព្រះ បច្ចុប្បន្នជាព្រះប្រធាន គណបក្សសង្គមរាជាធិបតេយ្យ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ដូចគ្នានេះដែរ បានឆ្លើយទៅនឹងថ្នាក់ដឹកនាំគណបក្សហ៊្វុនស៊ិនប៉ិច ដោយសព្វព្រះរាជហប្ញទ័យ ទទួលនូវការស្នើសុំយាងទៅគង់ ជាព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច ។

យោងតាមលិខិត របស់សម្តេចព្រះរាជបុត្រី អរុណរស្មី ដោយមានចុះហត្ថលេខាអមពីលោក ញឹក ប៊ុនឆៃ អគ្គលេខាធិការ គណបក្សផង បានមានព្រះសុវណ្ណីថា «សម្តេចក្រុមព្រះជាទីគោរពដ៏ខ្ពង់ខ្ពស់ ! យោងស្មារតីបង្រួបបង្រួមជាតិ អ្នករាជានិយម និងអ្នកសីហនុនិយម, យោងស្មារតីកិច្ចប្រជុំ គណៈកម្មាធិការគ្រប់គ្រង អចិន្រៃ្តយ៍ គណបក្សហ៊្វុនស៊ិនប៉ិច ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥។ ខ្ញុំម្ចាស់មានកិត្តិយស សូមទូលថ្វាយ សម្តេចក្រុមព្រះ មេត្តាជ្រាបថា គណបក្សហ៊្វុនស៊ិនប៉ិច សូមយាងសម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ មកធ្វើជាប្រធានគណបក្សហ៊្វុនស៉ិនប៉ិច។ ការជ្រើសតាំងជាផ្លូវការ សម្តេចក្រុមព្រះ ក្នុងតួនាទីខាងលើនេះ នឹងធ្វើតាមរយៈ សមាជគណបក្សហ៊្វុនស៉ិនប៉ិច នាពេលខាងមុននេះ»៕

នៅក្នុងលិខិតឆ្លើយតបថ្វាយ សម្តេចព្រះរាជបុត្រី នរោត្តម អារុណរស្មី និងលោក ញ៉ឹក ប៊ុនឆៃ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ ដដែល សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ មានព្រះរាជបន្ទូលថា «ខ្ញុំបានទទួលរួច ហើយនូវលិខិតរបស់សម្តេច និងឯកឧត្តម ចុះថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ ស្តីពីការយាងខ្ញុំ មកធ្វើជាប្រធានគណបក្សហ្វ៊ិនស៊ិនប៉ិច។ ខ្ញុំមានមហាកិត្តិយស និងសេចក្តីរីករាយ យល់ព្រមមកធ្វើជាប្រធាន គណបក្សហ្វ៊ិនស៊ិនប៉ិច តាមសំណើររបស់សម្តេច និងឯកឧត្តម ដើម្បីបន្តដឹកនាំគណបក្សយើងឡើងវិញ» ៕

សូមបញ្ជាក់ថា សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ គ្រោងរៀបចំសមាជគណបក្សរបស់ព្រះអង្គ នៅថ្ងៃទី១៩ ខែមករា ខាងមុខនេះ ដូច្នេះព្រោះតែស្ថានការណ៍នយោបាយ នៃគណបក្សរាជានិយមទាំងពីរ វិវឌ្ឍន៌លឿនដូចភ្នែកបន្ទរ ហើយរួមទាំងអ្នកវិភាគរកគិតមិនទាន់នោះ តាមទំនងប្រហែលជាយកថ្ងៃទី១៩នេះ សម្រាប់គណបក្សហ៊្វុនស៊ិនប៉ិច ក្នុងការរៀបចំសមាជវិសាមញ្ញា ដើម្បីយាងសម្តេចក្រុមព្រះ គង់ជាព្រះប្រធាន របស់គណបក្ស ហ៊្វុនស៊ិនប៉ិច ។ គណបក្ស ហ៊្វុនស៊ិនប៉ិច ជាស្នាព្រះហស្ថរបស់សម្តេចឪ នរោត្តម សីហនុ ដែលបានបង្កើតឡើងនៅទីក្រុង ព្យុងយ៉ាង កូរ៉េខាងជើង នាថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៨២ ។ នៅពេលនោះក្នុងនាមចលនា តស៊ូ។

នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ១៩៩២ ចលនាហ៊្វុនស៊ិនប៉ិចបានក្លាយទៅជាគណបក្ស តាមរយៈនៃការរៀបចំសមាជ នៅរំចង់ ខេត្តឧត្តរមានជ័យ អតីតតំបន់តស៊ូ នៅជាយដែន ដែលនៅពេលនោះ សម្តេចក្រុមព្រះ នរោត្តម រណប្ញទ្ធិ ត្រូវបានអង្គសមាជ បោះឆ្នោតថ្វាយជាព្រះប្រធាន។ នៅឆ្នាំ១៩៩៣ គណបក្ស ហ៊្វុនស៊ិនប៉ិច បានចូលរួមបោះឆ្នោត រៀបចំដោយអង្គការសហប្រជាជាតិ ទទួលបានអាសនៈ ៥៨ សម្តេចក្រុមព្រះបានក្លាយជានាយករដ្ឋមន្រ្តីទី១ នៅក្នុងការបោះឆ្នោតឆ្នាំ១៩៩៨ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានអាសនៈ ៤៣ សម្តេចក្រុមព្រះ ក្លាយជាព្រះប្រធានរដ្ឋសភា នៅក្នុងការបោះឆ្នោតឆ្នាំ២០០៣ គណបក្សហ៊្វុនស៊ិនប៉ិច ទទួលបានអាសនៈ ២៦ សម្តេចក្រុមព្រះ ក៏នៅបន្តតំណែងជាព្រះប្រធានរដ្ឋសភា ។

នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០០៦ យុគ្គសម័យកាល ខ្មៅងងឹត ដោយលាយឡំជាមួយខ្យល់ព្យុះវាយកម្ទេច គណបក្ស ហ៊្វុនស៊ិនប៉ិច ធ្វើឲ្យគណបក្សនេះធ្លាក់ទៅក្នុងពិភពអន្តកាល ពុះជ្រៀកទៅជា២ ហើយសម្តេចក្រុមព្រះ លែងជាព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច ចាប់ពីពេលនោះមក។

នៅមុនកាលបោះឆ្នោត ២០១៣ ថ្នាក់ដឹកនាំគណបក្សរាជានិយមទាំងពីរ បានព្យាយាមបង្រួបបង្រួម រហូតបានចុះកិច្ចព្រមព្រៀង នៅខែមេសា ឆ្នាំ២០១២ ដោយក្នុងនោះព្រះអង្គ នរោត្តម រណប្ញទ្ធិ ដែលពេលនោះ សម្តេចក្រុមព្រះ គ្រោងនឹងយាងទៅជាព្រះប្រធានគណបក្ស ហ៊្វុនស៊ិនប៉ិច ម្តងរួចទៅហើយ ប៉ុន្តែដោយសារពពកខ្មៅ មិនទាន់រលត់អស់

ទើបអ្នកទាំងពីររស់នៅ កណ្តោចកណ្តែងទីទៃពីគ្នា ។ ប៉ុន្តែចូលមកដល់ថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ នេះ ទើបពន្លឺព្រះច័ន្ទ បានបញ្ចេញរស្មីឡើងវិញ ធ្វើឲ្យបងប្អូនអ្នករាជានិយមទាំងពីរ រួបរួមគ្នា ចាប់ពីពេលនេះតទៅ ដែលយើងអាចនិយាយថា រាត្រីថ្ងៃព្រហស្បតិ័ ទី០១ ខែមករា ឆ្នាំ២០១៥ ជារាត្រីដ៏មានន័យ មហាត្រចេះត្រចង់ដែលបងប្អូនរាជានិយមទាំងពីរ បានបញ្ចប់នូវភាពឈឺចាប់៕ 

www.freshnews.com


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>