បាត់ដំបង៖ ក្រុមចោរប្រដាប់កាំភ្លើងវែងខ្លី ៣នាក់ បានជិះ ម៉ូតូចូលប្លន់ផ្ទះអាជីវករប្តូរប្រាក់ លក់មាស និងវេរលុយ (វីង) យកលុយដុល្លារ និងលុយបាត សរុបជិត ៦ពាន់ដុល្លារ និងមាសជាង ៦តម្លឹង នាវេលាម៉ោង ៦ និង៥០នាទី ល្ងាចថ្ងៃទី០១ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅភូមិហៃសាន ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
យោងតាមប្រភពពីសមត្ថកិច្ច បានឲ្យដឹងថា នៅម៉ោងកើតហេតុខាងលើ ក្រុមចោរមានគ្នា ៣នាក់ ប្រដាប់កាំភ្លើង អាការស្វាយបត់ និងកាំភ្លើងខ្លី បានជិះម៉ូតូមកដល់ផ្ទះជនរងគ្រោះ ហើយចូលភ្ជង់ម្ចាស់ផ្ទះវាយបំបែកទូដាក់មាស ប្រមូលយកមាស ព្រមទាំងសំឡុតប្រមូលយកលុយដុល្លារ និងលុយបាត ហើយជិះម៉ូតូគេចខ្លួនទៅបាត់ដោយ សុវត្ថិភាព។
សមត្ថកិច្ចបញ្ជាក់ថា ទ្រព្យសម្បត្តិ ដែលក្រុមចោរប្លន់ទៅនោះ មានលុយដុល្លារ ៣.៩០០ដុល្លារ, លុយបាត ៦០.០០០បាត និងមាសទម្ងន់ ៦តម្លឹង ៣ជី។ ម្ចាស់ផ្ទះជាជនរងគ្រោះ មានឈ្មោះ ចាន់ ឈាងហាប់ ភេទប្រុស អាយុជាង ៥០ឆ្នាំ។
ទោះបីជាយ៉ាងអំពើប្លន់ប្រដាប់អាវុធលើកដំបូងក្នុងឆ្នាំ២០១៥នេះ មិនបង្កឲ្យម្ចាស់រងគ្រោះថ្នាក់នោះទេ។
ក្រោយកើតហេតុកម្លាំងសមត្ថកិច្ច បានចុះទៅកាន់កន្លែងកើតហេតុ ព្រមទាំងសាកសួរព័ត៌មាន ដើម្បីកំណត់មុខ សញ្ញាចោរប្លន់ និងស្រាវជ្រាវតាមចាប់យកផ្តន្ទាទោសទៅតាមច្បាប់៕