ព្រះសីហនុ ៖ នគរបាលចរាចរផ្លូវគោក ខេត្តព្រះសីហនុ បានបញ្ជូន បុរសជនជាតិរុស្សីម្នាក់ ទៅសាលា ដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ ដោយសារតែបានបង្កគ្រោះថ្នាក់ចរាចរណ៍ ដល់រថយន្តអ្នកដទៃ ព្រោះតែក្នុងខ្លួនផ្ទុកជាតិអាល់កុលហួសកំរិត ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២ ខែមករា ឆ្នាំ២០១៥នេះ នគរបាលចរាចរណ៍ខេត្តព្រះសីហនុបាន ចាប់បញ្ជូនខ្លួនបុរសជនជាតិរុស្សីម្នាក់ឈ្មោះ VICTOR STUPAIKOV ភេទប្រុស អាយុ២៥ឆ្នាំ ជាជនជាតិរុស្សី បើកបររថយន្តម៉ាក PRELUDE ពណ៌ស ពាក់ស្លាកលេខ ព្រះសីហនុ 2A4670 ស្នាក់ នៅបណ្តោះអាសន្ន ក្នុងសង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ ទៅសាលាដំបូងខេត្ត ពីបទស្រវឹងស្រា ផ្ទុកជាតិអាល់កុលក្នុងខ្លួន ០,៩៣ ហើយបានបង្កគ្រោះ ថ្នាក់ចរាចរណ៍ដល់អ្នកដទៃទៀតផង ។
លោកវរសេនីយ៍ឯក ព្រហ្ម ពៅ នាយការិយាល័យ នគរបាល ចរាចរណ៍ផ្លូវគោក បានឲ្យដឹងថា កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ វេលាម៉ោង ៩និង៣០នាទីព្រឹក នៅតាមបណ្តោយផ្លូវឯករាជ្យ សង្កាត់លេខ៤ ក្រុងព្រះសីហនុ បុរសជនបរទេសរូបនេះ បានបើកបររថយន្តចេញ ពីហាងផឹកស៊ីមួយកន្លែង ក្នុងអាការៈស្រវឹងជោក ចេញពីរង្វង់មូលតោពីរ ក្នុងទិសដៅចូល មកផ្សារលើ លុះមកដល់មុខហាងស៊ុប ណាក់ណាក់ ជនបង្កបានបើកបុករថយន្តភ្ញៀវ ទេសចរណ៍មកពីក្រុងភ្នំពេញ ម៉ាកតូយ៉ូតាកាមរី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2X 9363 បើកបរដោយឈ្មោះ ឡាំ ឆាយ៉ា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរលក់ដូរ មានទីលំ នៅក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ បណ្តាលឲ្យខូចខាតមួយចំហៀង នៅចំណុចខាងលើ ហើយពុំមាននរណារងរបួសឡើយ ។
ក្នុងបទល្មើសចរាចរណ៍មួយនេះ នគរបាលបានបញ្ជូនខ្លួនជនជាតិរុស្សីម្នាក់ ទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមច្បាប់ រីឯវត្ថុតាងត្រូវបានរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ ខេត្តព្រះសីហនុបណ្តោះអាសន្នដើម្បីរង់ចាំម្ចាស់ រថយន្តរងគ្រោះចូល មកដោះស្រាយ នៅពេលក្រោយ ។ គេសង្កេតឃើញថា បច្ចុប្បន្ននេះនៅក្រុងព្រះសីហនុ ជនបរទេសជាច្រើន បានហូប គ្រឿងស្រវឹង ហើយបើកបរមិនគោរព ច្បាប់ខ្មែរប៉ុន្មាននោះទេ ដែលបញ្ហានេះធ្វើឲ្យអ្នកធ្វើ ដំណើរ ក្នុងក្រុង ព្រះសីហនុ មានការក្តៅក្រហាយយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់ពួកគេ ព្រោះប្រជាពលរដ្ឋ ទាំងនេះ បារម្មណ៍ខ្លាចមាន គ្រោះថ្នាក់ចរាចរណ៍ ជាយថា ហេតុណាមួយមកលើកូន ចៅរបស់ពួកគាត់ ។
ដូច្នេះការ បញ្ជូនជនបរទេសរូបនេះ គឺជាការព្រមានមួយដល់ជនបរទេស ឯទៀតឲ្យគោរពច្បាប់ ចរាចរណ៍ របស់ខ្មែរផងដែរ ដើម្បីកុំអាងតែមានលុយ ដើរផឹកស៊ី ហើយបើកបរមិនគោរពច្បាប់នោះ ។ ប្រជាពលរដ្ឋសង្ឃឹមថា សាលាដំបូងខេត្តព្រះសីហនុ និងមានចំនាត់ការយ៉ាង ស័ក្តិសម ចំពោះជនល្មើស ច្បាប់ចរាចរណ៍រូបនេះ ៕