តូក្យូ៖ នៅថ្ងៃសុក្រ ទី០២ ខែមករា ឆ្នាំ២០១៥ នេះ ព្រះចៅអធិរាជជប៉ុន អាគីហ៊ីតុ បានមាន ព្រះរាជហរទ័យអបអរសាទរ ស្វាគមន៍ពិធីចូលឆ្នាំសកល ២០១៥ ក្នុងទិវាជាតិមួយនៅ ព្រះបរមរាជវាំង ស្ថិតនៅកណ្តាលទីក្រុងតូក្យូ ហើយក្នុងឱកាសនោះដែរ ព្រះអង្គបានបួងសួង សុំសន្តិភាព សម្រាប់ប្រទេសជប៉ុន និង សកលលោកទាំងមូល។
ទីភ្នាក់ងារព័ត៌មានជប៉ុន ក្យូដូ ចេញផ្សាយនៅថ្ងៃសុក្រ ទី០២ ខែមករា នេះដោយលើកឡើង ពីព្រះរាជបន្ទូលនៃព្រះចៅ អាគីហ៊ីតុ ទៀតថា “នៅក្នុងថ្ងៃចាប់ផ្តើមនៃឆ្នាំថ្មីនេះ ខ្ញុំសូមបួងសួង ឲ្យមានសន្តិភាព និង សុភមង្គល សម្រាប់ប្រជាជននៃប្រទេសជប៉ុន និង ប្រជាជនទាំងអស់ របស់សកលលោក។ ពិភពលោកគួរតែរៀនសូត្រពីប្រវត្តិសាស្ត្រនៃឆ្នាំ ២០១៥ នេះ ដែលជា ពេលត្រូវរំឭកខូបទី ៧០ឆ្នាំ នៃការបញ្ចប់សង្គ្រាមលោកលើកទីពីរនោះ។”
គួរបញ្ជាក់ថា កាលពីសម័យសង្គ្រាមលោកលើកទីពីរ ប្រទេសជប៉ុនបានទទួលរងគ្រោះខ្លាំង បំផុតដោយសារតែការទម្លាក់គ្រាប់បែកបរមាណូ ពីសហរដ្ឋអាម៉េរិក នៅទីក្រុងហ៊ីរ៉ូស៊ីម៉ា និង ណាហ្គាសាគី ដែលបានបណ្តាលឲ្យមនុស្សរាប់សែននាក់បាត់បង់ជីវិត និង ជាថ្ងៃនៃការបញ្ចប់ សង្គ្រាមលោក កាលពីឆ្នាំ ១៩៤៥នោះដែរ។
ប្រការនេះ នាំឲ្យប្រទេសជិតខាងជប៉ុន នាំគ្នា តាមដានពីការវិវឌ្ឍនយោបាយរបស់ជប៉ុនជានិច្ច ក្នុងនាមជាអតីតចក្រពត្តិមួយ ដែលធ្លាប់មាន ឥទ្ធិពលគ្របដណ្តប់នៅតំបន់អាស៊ីបូព៌ា ទាំងមូលកាលពីសម័យសង្គ្រាមលោកទាំងពីរលើក៕