ភ្នំពេញ៖ ក្រុមអង្គការសង្គមស៊ីវិល និងសហជីពនៅកម្ពុជា បានរួមគ្នារៀបចំពិធីសូត្រ តាមបែបសាសនា និងបង្សុកូលដល់អ្នកដែលបានស្លាប់ នៅលើកំណាត់ផ្លូវវ៉េងស្រេង ក្នុងព្រឹត្តិការណ៍ផ្ទុះបាតុកម្ម និងកូដកម្មកាលពីចុងឆ្នាំ២០១៣ និងដើមឆ្នាំ២០១៤។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានថ្លែងឲ្យដឹងថា នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០១៥ស្អែកនេះ គឺជាខួបមួយឆ្នាំរបស់ ក្រុមកម្មករដែលបានស្លាប់ ក្នុងហេតុការណ៍បាតុកម្មនៅ ទូទាំងប្រទេសកាលពីឆ្នាំមុន ដែលមានអ្នកស្លាប់ចំនួន ៤នាក់។ លោកថា ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធពួកគេនោះ បានជាអង្គការសង្គមស៊ីវិល និងសហជីពរួម គ្នាបង្សុកូលឧទ្ទិកុសលដល់ពួកគេ។
សូមបញ្ជាក់ថា នៅថ្ងៃទី៤ មករា គណបក្សសង្រ្គោះជាតិ ក៏នឹងប្រាព្ធកម្មវិធីនេះដូចគ្នាដែរ នៅលើទីលានប្រជាធិបតេយ្យ ក្បែររមណីយដ្ឋានវត្តភ្នំ៕