ភ្នំពេញ៖ ក្រុមការងារ របស់គណបក្សប្រជាជនកម្ពុជា (CPP) និងគណបក្សសង្គ្រោះជាតិ (CNRP) នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៤នេះ នៅតែបន្តពិភាក្សាគ្នានៅក្នុងជំពូកទី៦ នៃច្បាប់ថបោះឆ្នោត ស្របពេលដែលនៅមាន ៤ចំណុចទៀត ដែលកំពុងខ្វែងគំនិងគ្នា។
ថ្លែងបន្ទាប់ពីបញ្ចប់កិច្ចពិភាក្សាគ្នារវាងក្រុមការងារ នៃគណបក្សទាំង នាវិមានរដ្ឋសភា ប្រធានក្រុមការងារ និងជាសមាជិកសភា មកពីCNRP លោក គួយ ប៊ុនរឿន បានមានប្រសាសន៍ថា ការពិភាក្សាច្បាប់បោះឆ្នោតនេះ នៅសល់ចំណុច ៤ដែលមិនទាន់បានស្រុះស្រួលគ្នានៅឡើយទេ។
លោកថា “ចំណុចដែលមិនទាន់បានស្រុះស្រួលគ្នានោះ មានទី១. ការដៅអត្តសញ្ញាណរបស់អ្នកបោះឆ្នោត, ទី២. ការកំណត់ពេលវេលា សម្រាប់ចុះឈ្នោះបោះឆ្នោត, ទី៣. មិនទាន់បានកំណត់ភាពច្បាស់លាស់ណាមួយសម្រាប់ឯកសារចុះឈ្មោះបោះឆ្នោត និងទី៤. ការកំណត់អាសនៈនៅក្នុងរដ្ឋសភារបស់អ្នកតំណាងរាស្ត្រ”។
ប្រធានក្រុមការងារ និងជាសមាជិករដ្ឋសភា មកពី CPP លោក ប៊ិន ឈិន បានមានប្រសាសន៍ថា សម្រាប់គណបក្សប្រជាជនកម្ពុជា នៅតែប្រកាន់ជំហរឲ្យអ្នកបោះឆ្នោត ត្រឹមតែមានអត្តសញ្ញាណប័ណ្ណបានហើយ។
លោកបន្តថា “កត្តាដែលគណបក្សប្រជាជនប្រកាន់ជំហរដូចនេះ ព្រោះមិនចង់ឲ្យមានការចំណាយថវិកាជាតិសម្រាប់ធ្វើប័ណ្ណបោះឆ្នោតថែមទៀត អីចឹងត្រឹមតែមានអត្តសញ្ញាណប័ត្របាន និងមានការងាយស្រួលសម្រាប់បងប្អូនប្រជាពលរដ្ឋសម្រាប់ទុកដាក់”។
សូមបញ្ជាក់ថា មកដល់ពេលនេះ ក្រុមការងារ នៃគណបក្សទាំងពីរនៅតែបន្តពិភាក្សាត្រង់ជំពូកទី៦ នៃច្បាប់បោះឆ្នោតដដែល ប៉ុន្តែបានមកដល់មាត្រាទី៥៣ចាស់ និយាយពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតត្រូវធ្វើប្រតិភូកម្មអំណាចដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ឲ្យបំពេញតួនាទីតំណាងខ្លួន ក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត និងសៀវភៅបញ្ជីឈ្មោះបោះឆ្នោតសម្រាប់ឃុំ សង្កាត់ និងមាត្រា៥៤ចាស់ និយាយពីដើម្បីទៅចុះឈ្មោះបោះឆ្នោត ប្រជាពលរដ្ឋត្រូវបង្ហាញអត្តសញ្ញាប័ណ្ណ ដល់ក្រុមអ្នកចុះឈ្មោះបោះឆ្នោត៕