បាត់ដំបង ៖ ស្រ្តីរងគ្រោះម្នាក់ មានមុខរបរ ជាអ្នករត់ម៉ូតូឌុប ដែលបុរសឃាតក ២នាក់ បានយកខ្សែរឹតក សម្លាប់ចោល ក្នុងចំការ ប្លន់យកម៉ូតូ កាលពីវេលាល្ងាចថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ ស្ថិតក្នុង ភូមិអូរឃុំ ពេជ្រចិន្តា ស្រុកភ្នំព្រឹក កន្លងទៅ ហើយត្រូវប្រជាពលរដ្ឋ ប្រទះឃើញ កាលពីវេលាម៉ោង ៤និង៣០នាទី ល្ងាចថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ ឥឡូវត្រូវបាន សមត្ថកិច្ចនគរបាល ស្រុកភ្នំព្រឹកស្គាល់ អត្តសញ្ញាណជនរងគ្រោះហើយ។
លោក សារ៉េត វិសេដ្ឋ អធិការរង នគរបាលស្រុកភ្នំព្រឹក បានឲ្យដឹងថា ជនរងគ្រោះដែលត្រូវ ចោរ២នាក់ ប្លន់សម្លាប់យកម៉ូតូបាត់នោះ មានឈ្មោះ ខែម វណ្ណា ហៅ វិត ភេទស្រីអាយុ ៤៦ឆ្នាំ មុខរបរ ជាអ្នករត់ ម៉ូតូឌុប មានទីលំនៅក្រុមទី១០ ភូមិដូង ឃុំបឹងរាំងស្រុកកំរៀង។
លោក សារ៉េត វិសេដ្ឋ បានបញ្ជាក់ថា តាមសម្តីកូនស្រីរបស់ជនរង គ្រោះបានរៀបរាប់ ក្នុងពាក្យបណ្តឹង កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០១៤ នៅអធិការដ្ឋាន នគរបាលស្រុកកំរៀង បានឲ្យដឹងថា នៅថ្ងៃបាត់ ខ្លួនម្តាយរបស់នាង មានគេឃើញគាត់ ឌុបបុរស២នាក់ ពីស្រុកកំរៀង សំដៅមកស្រុកភ្នំព្រឹក ដល់ ពេល ល្ងាចមិនឃើញម្តាយ (ជនរងគ្រោះ) ត្រឡប់មកផ្ទះវិញ ក៏សង្ស័យខ្លាចមាន ចោរប្លន់សម្លាប់ យកម៉ូតូ នៅទីណាមួយ ។ បន្ទាប់ពីសមត្ថកិច្ចស្រុកកំរៀង បានទទួលពាក្យបណ្តឹងហើយ លុះដល់ថ្ងៃទី២៦ ខែធ្នូ កម្លាំងសមត្ថកិច្ចក៏បានចុះស្រាវជ្រាវ ក៏ឃើញមានបុរស២នាក់ ជិះម៉ូតូយកទៅទុកចោល នៅម្តុំក្លឹប ស៊ីធី ក៏ដេញ តាមចាប់មិនទាន់ រួចជនសង្ស័យទាំង២នាក់ បានរត់ឆ្លងអូរទៅទឹកដីថៃបាត់ ហើយកម្លាំង នគរបាល ក៏បានក៏បានយកម៉ូតូនោះមករក្សាទុក នៅអធិការស្រុកបណ្តោះអាសន្ន រងចាំម្ចាស់ មកទទួលយកទៅវិញ ។
លុះដល់វេលាម៉ោង៤និង៣០នាទីល្ងាច ថ្ងៃទី១ ខែមករាឆ្នាំ២០១៥ ស្រាប់តែមាន ប្រជាពលរដ្ឋ ជាម្ចាស់ ចម្ការ បានប្រទះឃើញសាកសព ស្អុយរលួយសល់តែឆ្អឹង ស្លាប់នៅក្នុងចម្ការរបស់គាត់ ស្ថិតក្នុងភូមិអូរ ឃុំពេជ្រចិន្តាស្រុកភ្នំព្រឹក ហើយសមត្ថកិច្ចស្រុកភ្នំព្រឹក បានសហការជាមួយសមត្ថកិច្ច ស្រុកកំរៀង ចុះមក ពិនិត្យកន្លែងកើតហេតុ និងផ្អែកលើពាក្យ បណ្តឹងរបសកូនជនរងគ្រោះព្រមទាំងភិនភាគសព ដែលក្រុម គ្រួសារ មកឃើញស្គាល់ ទើបសមត្ថកិច្ចបានស្គាល់ឈ្មោះ ជនរងគ្រោះ។ ដោយសមត្ថកិច្ចបាន ពិនិត្យនៅ កន្លែងឃើញមានបន្សល់វត្ថុតាង មានខ្សែពួដែលឃាតកទុកនៅជិតនោះ សមត្ថកិច្ចបានសន្និដ្ឋានថា ឃាតក ទាំង២នាក់នោះបានយកខ្សែរឹតក.សម្លាប់ចោល ប្លន់យកម៉ូតូរួចគេចខ្លួនបាត់ ។
បច្ចុប្បន្នសម្ថកិច្ចបានប្រគល់សាកសព ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណី និងប្រគល់ ម៉ូតូជន រង គ្រោះ ឲ្យទៅសាច់ញាតវិញ រួចរាល់ហើយ ។ ចំណែកជនសង្ស័យទាំង២នាក់ដែលបានរត់ខ្លួនបាត់នោះ សមត្ថកិច្ចកំពុងស្វែករងចាប់ខ្លួន យកមកផ្តន្ទោទោសតាមច្បាប់ នៅពេលក្រោយ ៕