ស្ទឹងត្រែង៖ ប្រជាពលរដ្ឋម្នាក់ បានឃើញ សាកសពបុរសម្នាក់ ដេកស្លាប់ សល់តែលលាដ៏ក្បាល និង ស្បែកដណ្តប់ឆ្អឹង យ៉ាងអាណោចអាធ័ម កាលពីវេលាម៉ោង ៩ និង២០នាទី ព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ ២០១៥ នៅចំនុចដុងក្រឡ ក្បែរស្នាក់ការបន្ទាយប៉េអឹម ចំងាយប្រមាណ៣០០ម៉ែត្រ ភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង ។
ការភ្ញាក់ផ្អើលដ៏រន្ធត់នេះ ធ្វើឲ្យមានការសង្ស័យថា ស្លាប់ដោយអំពើឃាតកម្ម ហើយបាន រាយការណ៍ ជូនសមត្ថកិច្ច។
លោក ដួង ស៊ីវត្ថា នាយការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាន នគរបាលខេត្ត បានឲ្យដឹងថា តាមការសន្និដ្ឋាន ជំហានដំបូង គឺស្លាប់ដោយសារខ្យល់គ ។ ព្រោះជាជនពនេចរគ្មានគោលដៅ ផ្អែក តាមវត្ថុតាង ដែលជាសម្ភារៈផ្ទាល់ខ្លួន របស់សាកសព មានដូចជា ក្រដាស់ក្មេងលេង មានកាំភ្លើង ជ័រ២ដើម ក្រដាស់សំរាប់ចិនសែន អាវរងារ ស្បែកជើង ផ្ទាត់១គូ ។ ល ។ គឺជាមនុស្សវិក លចរិក។សាក សពមាន សភាពស្អុយរលួយ អាចស្លាប់នៅចន្លោះ ថ្ងៃទី០៥ ដល់ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០១៤។
ប្រជាពលរដ្ឋនៅក្បែរ កន្លែងកើតហេតុបានឲ្យដឹងថា ជារៀងរាល់ថ្ងៃគេឃើញ ជនវិកលចរិក ម្នាក់ អាយុ ប្រមាណជាង៤០ឆ្នាំ មិនស្កាល់អត្តសញ្ញាណ តែដឹងថា មកពីខេត្តតាកែវ តែងតែមក ដេកស្នាក់នៅ កន្លែងអ្នកតា តែរយៈពេលជាង១០ថ្ងៃមកហើយ មិនដែលឃើញរូបគាត់ ដែលគេ សង្ស័យ ថា ចេញពីភូមិ ចំណុចកើតហេតុ បាត់ទៅហើយ តែមិនស្មានថា មកដេកស្លាប់ នៅក្នុងព្រៃអីចឹងសោះ។
ក្រោយពីមានការសន្និដ្ឋាន ពីសមត្ថកិច្ច និងមានសាក្សី បានរៀបរាប់រួចមក គេសន្និដ្ឋានមិនមែន កើតឡើង ដោយអំពើឃាតកម្មទេ ព្រោះនៅពេលចេញពីភូមិនោះ ប្រហែលជាអត់បាយ ធ្វើឲ្យខ្យល់គ ដេកដួលស្លាប់ ក្នុងព្រៃគ្មានអ្នកឃើញតែម្តង ៕