ភ្នំពេញ ៖ តាមសេចក្តីរាយការណ៍ ពីមន្រ្តីមានសមត្ថកិច្ច នៅខេត្តព្រៃវែង បានឲ្យដឹងថា មានករណីភ្ញាក់ ផ្អើល មួយបានកើតមានឡើងដោយគ្រាប់ ដែលដាក់ដើម្បីបំផ្ទុះភ្នំសល់ពីមុនមក ខ្ទាតត្រូវយុវជនម្នាក់ ដែលកំពុងឈរមើល ត្រូវពោះវៀនស្លាប់យ៉ាងវេទនា។
ហេតុការណ៍នេះ បានកើតឡើងនៅម៉ោង ប្រមាណជា១០និង៣០នាទីព្រឹកថ្ងៃទី៤ ខែមករា ឆ្នាំ២០១៥ នៅត្រង់ ចំណុចការដ្ឋាន ឡុង ណាំ ក្នុងភូមិស្វាយ៣០ ឃុំជើងភ្នំ ស្រុកបាភ្នំ ខេត្តព្រៃវែង។
សេចក្តីរាយការណ៍ ខាងលើបានឲ្យដឹងទៀតថា យុវជនដែលស្លាប់នោះមានឈ្មោះ ប៉ុក ចយ អាយុ២៦ឆ្នាំ នៅ ស្រុកបាណន់ ខេត្តបាត់ដំបង បច្ចុប្បន្នជា កម្មករនៅក្រុមហ៊ុន ខាង ខួង ដែលជាក្រុមហ៊ុនរកស៊ីបំផ្ទុះគ្រាប់យកថ្ម។
គ្រាប់ ដែលផ្ទុះឡើង បានកប់តាំងពីថ្ងៃទី២៧ ខែធ្នូមកម្ល៉េះ ដោយវាមិនទាន់ផ្ទុះអស់ ទើបជាហេតុនៅថ្ងៃនេះ មានករណីបែបនេះកើតឡើងតែម្តងទៅ។
តាមការសន្តិដ្ឋានរបស់មន្រ្តីផ្នែកស្ថិតិអាវុធជាតិផ្ទុះថា មិនមែនផ្ទុះគីបរំសេវ បាញ់ថ្មនោះទេ ប៉ុន្តែការផ្ទុះនេះ អាចគ្រាប់នៅសល់ពីមុន៕