បន្ទាយមានជ័យៈ កម្លាំងអាជ្ញាធរ និងកម្លាំងនគរបាល ស្រុកព្រះនេត្រព្រះជាច្រើននាក់ កាលពីព្រឹកថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥ បានបញ្ចេញការងារ មនុស្សធម៌ចុះ ទៅជួយជួសជុល និងសាងសង់ផ្ទះប្រជាពលរដ្ឋ ដែលមានវ័យចាស់ជរា ជួបការលំបាក ក្នុងជីវភាព ស្ថិតនៅក្នុងភូមិ ភ្នំលៀបកើត ឃុំលៀបកើត ស្រុកព្រះនេត្រព្រះ បន្ទាប់ពី អាជ្ញាធរ មានសមត្ថកិច្ច បានទទួលព័ត៌មានដ៏កំសត់មួយនេះ។
ការចុះទៅយជួយសាងសង់ផ្ទះប្រជាពលរដ្ឋ ទំហំ៤គុណនិង ៥ម៉ែត្រ ធ្វើពី ឈើប្រកស័ង្កសី ជញ្ជាំងស័ង្កសី ខាងលើនេះដឹកនាំ ដោយអភិបាលស្រុកព្រះនេត្រព្រះ អធិការនគរបាលស្រុកព្រះនេត្រព្រះ និងមន្ត្រីអាជ្ញាធរ សមត្ថកិច្ចពាក់ព័ន្ធមួយចំនួនទៀត។
អធិការស្រុកព្រះនេត្រព្រះ លោក មាស ឫទ្ធី បានថ្លែងឲ្យដឹងថា អធិការដែលយកទៅសាងសង់ផ្ទះជូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ខាងលើនេះបានមកពីការចូលរួម បរិច្ចាគពីមន្ត្រីរាជការនៅក្នុងស្រុក អាជីវករលក់ដូរ និងប្រជាពលរដ្ឋ ដែលបង្ហាញពីទឹកចិត្តអាណិតស្រឡាញ់ ចំពោះគ្រួសារមួយនេះ។
លោកអធិការស្រុកព្រះនេតព្រះ បានបញ្ជាក់ទៀតថា ក្រោយទទួលបានព័ត៌មានស្តីពីប្រជាពលរដ្ឋមូលដ្ឋាន គ្មានផ្ទះសំបែងស្នាក់នៅលោកបានសុំគោលការណ៍ ណែនាំពីសំណាក់ស្នងការនគរបាលខេត្តក្នុងការដឹក នាំកម្លាំងចុះទៅជួយសាងសង់ ជូនគ្រួសារមួយនេះ ដើម្បីបំពេញតាមសេចក្តីត្រូវការរបស់ពួកគាត់។
មន្ត្រីនគរបាលមូលដ្ឋានបានបញ្ជាក់ថា ម្ចាស់ផ្ទះជាស្រី្តវ័យចំណាស់ អាយុ៧៣ឆ្នាំ មានឈ្មោះ ឯម ដុះ និងមាន កូនបង្កើត កូនប្រសារ៣នាក់ នៅក្នុងបន្ទុក ១ឈ្មោះ ហ៊ិន ហាន់ ភេទស្រី អាយុ៤៨ឆ្នាំ ទី២ឈ្មោះ ហ៊ិន ហេ ភេទស្រី អាយុ៤៥ ជាជនពិការភ្នែកទាំងសង្ខាង និងទី៣ ឈ្មោះ ជុច ចេង ភេទប្រុស អាយុ៤៤ឆ្នាំ ជាកូនប្រសា។
ជាមួយគ្នានេះ ក្រោយបញ្ចប់ការសាងសង់ផ្ទះរួចមក អាជ្ញាធរ និងសមត្ថកិច្ច ក៏បានឧបត្ថម្ភ ថវិកា និងអំណោយ មួយចំនួនជូនក្រុមគ្រួសារមួយនេះ ដើម្បីជួយកាត់បន្ថយជីវភាពប្រចាំថ្ងៃផងដែរ៕