ព្រះសីហនុ៖ កាលពីថ្ងៃទី០៣ ខែមករា ឆ្នាំ២០១៥ នៅទីក្រុងកំពង់ផែ ឧកញ៉ា ម៉ុង ឫទ្ធី ស្ថិតក្នុងភូមិឫទ្ធី១ ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ មានរៀបចំពិធី ប្រគល់វិញ្ញាបនបត្រ បញ្ចប់ការសិក្សា ដល់សិក្ខាកាមចំនួន១៥១នាក់ ក្រោយពីបានបញ្ចប់ការសិក្សា នៅសាលាកសិកម្មឧកញ៉ា ម៉ុង ឫទ្ធី ក្រោមអធិបតីភាព លោកឧកញ៉ា ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា និងលោកស្រី ម៉ែន ស៊ុន ជាស្ថាបនិកសាលា កសិកម្ម ព្រមទាំងប្រធាន អនុប្រធានមន្ទីរ តំណាងមន្រ្តីរាជការ អង្គភាពនានា ចំណុះសាលាខេត្តព្រះសីហនុ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋ ជាច្រើនរូបទៀត ។
ថ្លែងក្នុងឱកាសនោះ លោកសាស្រ្តាចារ្យបណ្ឌិត មាស សុទ្ធី នាយកសាលាកសិកម្ម ឧកញ៉ា ម៉ុង ឫទ្ធី បាន អោយដឹងថា នាយកសាលាកសិកម្ម ឧកញ៉ា ម៉ុង ឫទ្ធី បានដាក់សម្ពោធ ឲ្យប្រើប្រាស់នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៤ ដើម្បីបើកទូលាយ ដល់សិស្ស និស្សិត ប្រជាពលរដ្ឋទូទៅ បានទទួលយក នូវចំណេះដឹង ពិតប្រាកដ ស្រប ទៅតាមនិយាមបទដ្ឋានបច្ចេកទេស ត្រឹមត្រូវក្នុងការ ប្រកបរបរកសិកម្ម និងចិញ្ចឹម សត្វតាមលក្ខណៈ បច្ចេកទេស ទំនើបនាសម័យបច្ចុប្បន្ន ។ ហើយក៏ជាកន្លែងចែករំលែក បទពិសោធន៍ចំណេះដឹង និងការ អនុវត្តផ្ទាល់លើការ ប្រកបរបរ កសិកម្ម និងចិញ្ចឹមសត្វ។
លោកសាស្រ្តាចារ្យបានបន្តទៀតថា ក្រោយពេលបញ្ចប់វគ្គបណ្តុះបណ្តាលរយៈពេល៣ខែ ៦ខែ ឬ១ឆ្នាំ សិក្ខាកាម ដែលជា ប្រជាកសិករ ឬជានិស្សិត អាចស្វែងរកការងារ ធ្វើនៅតាមកសិដ្ឋាន ក្រុមហ៊ុនឯកជន និងអន្តរជាតិ (ជប៉ុន) ព្រមទាំងអាច ប្រកបអាជីវកម្មដោយខ្លួនឯងបានផងដែរ ។
អធិរាជកសិកម្ម លោកឧកញ៉ា ម៉ុង ឫទ្ធី បានថ្លែងក្នុងឱកាសនោះថា សាលាកសិកម្ម នេះមាន លក្ខណៈខុសពី សាលា កសិកម្ម ឯទៀត ក្នុងព្រះរាជាណាចក្រកម្ពុជា យើងដែលបានបង្កើត ឡើងជាច្រើន និងយូរមកហើយ ។ ដោយសាលា កសិកម្មនេះប្រកាន់យកទ្រឹស្តីតិច តែអនុវត្តច្រើន ដោយក្នុងនោះយើងមានផ្ទៃដីជិត៣ម៉ឺនហិចតា ទំនប់ ប្រលាយទឹក និងផ្លូវគមនាគមន៍ ខ្វាត់ខ្វែងប្រមាណ ១៦០០គីឡូម៉ែត្រ ជាច្រើនទៀត ទុកសំរាប់អោយសិស្ស និស្សិតអនុវត្ត ជាក់ស្តែងងាយស្រួលចាំជាងទ្រឹស្តី ។
លោកបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី ក៏បានសំណូមពរអោយសិស្ស និស្សិត ក្រោយពេល បញ្ចប់ការ សិក្សាត្រូវ យក ចំណេះដឹងនេះ ទៅបំរើជាតិ បំរើប្រជាជន ដូចលោកបណ្ឌិតឧកញ៉ា ជាគំរូស្រាប់ ដោយមិនត្រូវ យកចំណេះនេះ ទៅធ្វើការនៅប៊ុយរ៉ូ នៅភ្នំពេញនោះទេ ។
លោកបណ្ឌិតឧកញ៉ា ម៉ុង ឫទ្ធី បានបញ្ជាក់បន្ថែមទៀតថា សំរាប់ឆ្នាំ២០១៥ នេះក្រុមហ៊ុនមានគំរោងសាងសង់ ផ្ទះថ្មចំនួន ៣០ខ្នង ស្មើនិង៦០គ្រួសារ សំរាប់បុគ្គលិក កម្មករស្នាក់នៅបំរើការងារនៅតំបន់អភិវឌ្ឍនេះ ។ ហើយ ក្នុងនោះក៏បានត្រៀមផ្ទៃដី រួចហើយសំរាប់សាងសង់ រោងចក្រកែច្នៃកសិផល ពីស្បែកជ្រូក ស្បែកគោ ទៅជា ស្បែកពូកឡាន ដ៏ប្រណីតបំផុត ដែលមិនធ្លាប់មានក្នុងព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីក្រុម ហ៊ុនបាននាំយកជ្រូក ប្រភេទយ៉កសៀរ (Yorkshire) និងស្វាយពូជអាយវិន ពីតៃវ៉ាន់ មុនគេចូល មកក្នុងព្រះរាជាណាចក្រកម្ពុជា ។
ក្រោយពីបានប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាមចំនួន១៥១នាក់ លោកបណ្ឌិតឧកញ៉ា និងលោកស្រីក៏បាន រៀបចំ កម្មវិធីហូបបាយជប់លៀង និងរាំលេងកំសាន្តដល់សិក្ខាកាម ក្រុមកីឡាករបាល់ទាត់ លោកគ្រូ អ្នកគ្រូ បុគ្គលិក កម្មករ និងប្រជាពលរដ្ឋផងដែរ ៕