ថ្មីៗនេះក្រុមមន្ត្រី សិទ្ធិមនុស្ស និងអ្នកសង្កេតការណ៍ មួយចំនួន បានបង្ហាញនូវសេចក្តី ព្រួយបារម្ភយ៉ាងខ្លាំង ពាក់ព័ន្ធទៅ នឹងការ បដិសេធ របស់សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា មិនជួប ពិភាក្សាជាមួយ លោក សុរិយា ស៊ូបេឌី អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា ។ ទទ្ទឹមនឹងនេះ ក្នុងសន្និសីទកាសែត កាលពីថ្ងៃសុក្រ ចុងសប្តាហ៍មុន ក្រោយពេលបញ្ចប់ បេសកកម្មលើក ទី៨របស់ ខ្លួនលោក សុរិយា ស៊ូបេឌី ក៏បានលើកឡើងដែរថា លោកនៅមាន សេចក្តីព្រួយបារម្ភយ៉ាងខ្លាំង អំពីវប្បធម៌ និរទណ្ឌភាព និងស្ថានភាព នៃសេរីភាព ក្នុង ការបញ្ចេញមតិ នៅប្រទេសកម្ពុជា ។ ជាពិសេសមន្ត្រីអង្គការសហប្រជាជាតិរូបនេះ បានសម្តែង នូវការសោកស្តាយ និងការ ភ្ញាក់ផ្អើលផងដែរ ដោយសារមិនបាន ជួបតំណាងជាន់ខ្ពស់ ណាម្នាក់ របស់ រដ្ឋាភិបាលកម្ពុជា ក្នុងដំណើរទស្សនកិច្ច របស់ លោក រយៈពេលមួយសប្តាហ៍នៅក្នុងប្រទេសនេះ ។ ប៉ុន្តែក្រុមអ្នកតាមដានស្ថានការណ៍ មួយចំនួន បានលើកឡើងថា លោក សុរិយា ស៊ូបេឌី មិនគួរព្រួយបារម្ភ ខ្លាំងពេកទេ ចំពោះស្ថានការណ៍ ទាំងឡាយនៅក្នុងប្រទេសកម្ពុជា ។
មន្រ្តីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល កម្ពុជា បានបញ្ជាក់ថា លោក សុរិយា ស៊ូបេឌី អ្នករាយការណ៍ពិសេស អង្គការសហ ប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស ប្រចាំកម្ពុជា មិនគួរ ព្រួយបារម្ភខ្លាំងពេកទេ អំពីបញ្ហា នៅក្នុងប្រទេសនេះ ។ ដោយហេតុថា ចាប់តាំង ពីក្រោយ ពេលបោះឆ្នោតអាណត្តិទី១ ឆ្នាំ១៩៩៣ ប្រទេសកម្ពុជា បានខិតខំយ៉ាងខ្លាំង ដើម្បីពង្រឹងការ គោរពសិទ្ធិមនុស្ស ពង្រឹងលទ្ធិប្រជាធិបតេយ្យ ពង្រឹងសេរីភាព នៃការបញ្ចេញមតិ កែទម្រង់ ប្រព័ន្ធតុលាការ និងកែទម្រង់រដ្ឋបាលសាធារណៈ ជាដើម ។ ដូច្នេះមន្ត្រីអង្គការសហប្រជាជាតិ គួរពិនិត្យមើលបញ្ហានេះ ហើយគួរទទួល ស្គាល់ ថា កម្ពុជាយកចិត្តទុកដាក់ អនុវត្តន៍តាម អនុសាសន៍ របស់អង្គការសហប្រជាជាតិ និងសហគមន៍អន្តរជាតិ ។ ដោយសារតែកម្ពុជា ធ្វើការកែទម្រង់ សព្វបែបយ៉ាងនោះហើយ ទើបកម្ពុជាមានការរីកចម្រើន លើគ្រប់វិស័យ និងមានអ្នក វិយោគទុន បរទេស ចូលមករកស៊ី ក្នុងប្រទេសកម្ពុជា កាន់តែច្រើនឡើងៗ ពីមួយឆ្នាំទៅមួយឆ្នាំ ហើយជីវភាពប្រជាពលរដ្ឋ កាន់តែធូរធារជាលំដាប់ ។
មជ្ឈដ្ឋានជាច្រើន បានគូសបញ្ជាក់ថា បច្ចុប្បន្ននេះ ប្រទេសកម្ពុជា មានការរីកចម្រើន លើគ្រប់វិស័យ ទាំងបញ្ហាគោរព សិទ្ធិមនុស្ស ទាំងលទ្ធិប្រជាធិបតេយ្យ ទាំងការដោះស្រាយ វិបត្ដិដីធ្លី ទាំងសិទ្ធិសេរីភាពក្នុងការធ្វើនយោបាយ និងដំណើរ ការ បោះឆ្នោត ។ នៅក្នុង ប្រទេសកម្ពុជា ពុំមានអំពើរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ ដូចអ្វីដែលមាននៅក្នុងរបាយការណ៍ របស់មន្ដ្រី អង្គការសហប្រជាជាតិ និងរបាយការណ៍របស់មន្ដ្រីអង្គការសិទ្ធិមនុស្សក្នុងស្រុក ក៏ ដូចជារបាយការណ៍ របស់អង្គការ សិទ្ធិមនុស្ស អន្ដរជាតិនោះឡើយ ។ បើនិយាយពីសេរីភាព ក្នុងការបញ្ចេញមតិ គឺមានលក្ខណៈទូលំទូលាយ ព្រោះលោកសុរិយា ស៊ូបេឌី ខ្លួនឯង បានមក បំពេញបេសកកម្ម ៨លើកហើយ នៅក្នុងប្រទេសកម្ពុជា ដោយលោកអាច ដើរកាន់ក្បាលមីក្រូ និយាយ គ្រប់ច្រកល្ហក ក្នុងប្រទេសកម្ពុជា ។ ប្រសិនបើកម្ពុជា ពុំមានសេរីភាពក្នុងការបញ្ចេញមតិ គឺ លោកសុរិយា ស៊ូបេឌី មិនអាច បំពេញការងាររបស់ខ្ល្លួន បានដោយរលូនទេ ហើយប្រជាពល រដ្ឋ ក៏មិនអាចធ្វើការតវ៉ានិង ផ្ដល់កិច្ច សម្ភាសន៍ ជាមួយលោក បានដែរ ។
ក្រុមអ្នកតាមដានស្ថានការណ៍បានលើកឡើងថា បើនិយាយពីការបោះឆ្នោតវិញ គឺការ បោះឆ្នោតជាច្រើនអាណត្ដិ កន្លងទៅនេះ ប្រព្រឹត្ដទៅដោយសេរីត្រឹមត្រូវ និងយុត្ដិធម៌ ស្រប តាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស យ៉ាង ពិតប្រាកដ និងមាន ការទទួលស្គាល់ ពីសហគមន៍អន្ដរជាតិផងដែរ ។ ជាការពិតនៅរាល់ ពេលបោះឆ្នោតម្ដង មានគណបក្ស នយោ បាយជាច្រើន ចូលរួមប្រកួតប្រជែង ប្រកបដោយតម្លាភាព ហើយប្រជាពលរដ្ឋ មានសិទ្ធិ សព្វបែបយ៉ាងក្នុងការ ជ្រើសរើសគណបក្ស នយោបាយ ដែលខ្លួនពេញចិត្ដ ។ ដូច្នេះការផ្ដល់ អនុសាសន៍របស់លោកសុរិយា ស៊ូបេឌី ឱ្យមានការកែទម្រង់ ប្រព័ន្ធបោះឆ្នោត និងផ្លាស់ប្ដូរ សមាសភាពថ្នាក់ដឹកនាំគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត មិនមែនជារឿងចាំបាច់ ប៉ុន្មានទេ ព្រោះការ បោះឆ្នោតប្រព្រឹត្ដទៅដោយរលូន រួចទៅហើយ ។ មន្ដ្រីអង្គការសហប្រជាជាតិ មិនត្រូវជឿទៅលើការរិះគន់ របស់គណបក្ស ប្រឆាំង និងមន្ដ្រីសង្គមស៊ីវិលមួយចំនួននោះទេ ហើយត្រូវតែពិនិត្យមើលការពិត ឱ្យបានគ្រប់ជ្រុងជ្រោយ ។
សរុបសេចក្ដីមក មន្ដ្រីអង្គការសហប្រជាជាតិ មិនត្រូវព្រួយបារម្ភខ្លាំងពេកទេ ចំពោះ បញ្ហាសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ ប្រព័ន្ធយុត្ដិធម៌ និងដំណើរការបោះឆ្នោតនៅក្នុង ប្រទេសកម្ពុជា ចាប់តាំងពីក្រោយពេលបោះឆ្នោត ឆ្នាំ១៩៩៣ រហូតមកដល់ បច្ចុប្បន្ន ។ ជា ពិសេសពាក់ព័ន្ធនឹងបញ្ហាដីធ្លី រាជរដ្ឋាភិបាលកម្ពុជា កំពុងចាត់វិធានការដោះស្រាយ ប្រកប ដោយប្រសិទ្ធភាព តាមរយៈការអនុវត្ដគោលនយោបាយចាស់ សកម្មភាពថ្មី វាស់វែងដីធ្លី ធ្វើ ប័ណ្ណកម្មសិទ្ធិ ជូនប្រជាពលរដ្ឋ នៅទូទាំងប្រទេស ។ ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល បានដក ហូតដីសម្បទានសេដ្ឋកិច្ច ពីក្រុមហ៊ុនទាំងឡាយណា ដែលអនុវត្ដន៍មិនបានត្រឹមត្រូវ តាម កិច្ចសន្យាជាមួយរាជរដ្ឋាភិបាល និងបានផ្អាកការផ្ដល់ដីសម្បទាន សេដ្ឋកិច្ចជាបណ្ដោះ អាសន្ន ផងដែរ ។ មានន័យថា ស្ថានការណ៍ ក្នុងប្រទេសកម្ពុជា មានលក្ខណៈល្អប្រសើរសព្វបែបយ៉ាង ដោយសារតែ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដឹកនាំ ប្រទេសកម្ពុជា លើផ្លូវត្រូវស្របតាម សេចក្ដីត្រូវការ របស់ប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេស និងមានការគាំទ្រកាន់តែច្រើន ពីសហគមន៍អន្ដរជាតិ ៕