ឧត្តរមានជ័យៈ កាលពីថ្ងៃទី០៥ ខែមករា ឆ្នាំ២០១៥ កន្លងទៅនេះ លោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានដឹកនាំមន្រ្តី ចុះទៅសាកសួរសុខទុក្ខ និងនាំយកអំណោយ សម្ភារបរិក្ខារថវិកា គ្រឿងឧបភោគ បរិភោគ ជូនវីរយុទ្ធជន ក្នុងអង្គភាពសម្ព័ន្ធមេត្រីភាព វរៈសេនាតូច លេខ៤១៥ នៃកងពលតូចថ្មើរជើងលេខ៤១ ដឹកនាំដោយ មេបញ្ជាការវីរសេនីយឯក ធឿង ធា នៅលើភ្នំ ច្រកជាំ (ព្រំដែនកម្ពុជា-ថៃ) ស្រុកអន្លង់វែង និងវរៈសេនាតូចលេខ៤២៥ នៃកងពលតូចថ្មើរជើងលេខ ៤២ ដឹកនាំដោយមេបញ្ជាការវីរៈសេនីយឯក តន់ ញាន នៅសង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ។
នៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខនេះដែរ លោកមេបញ្ជាការទាំងពីរ បានបញ្ជាក់ថា ទោះបីជា សភាពការណ៍យោធាសន្តិសុខ តាមបណ្តោយព្រំដែន មិនមានភាពតានតឹង ដូចឆ្នាំកន្លងទៅក្តី ក៏ប៉ុន្តែមហិច្ឆិតាលោភលន់ របស់ប្រទេសសៀម នៅតែមានគំនិតរំលោភឈ្លានពាន លើអធិបតេយ្យភាព ដែនដីកម្ពុជា តាមរយៈសកម្មភាពយោធា ដែលយើងពិនិត្យឃើញ មានភាពមិនប្រក្រតីមួយចំនួនតាម ខ្សែបន្ទាត់ព្រំដែន ដូចជាចាប់ដាក់ ពន្ធនាគារ និងបាញ់សម្លាប់ប្រជាពលរដ្ឋខ្មែរ ដែលឆ្លងដែនទៅរកស៊ីនៅ ក្នុងប្រទេសសៀម ដោយពុំមានការដោះស្រាយ តាមផ្លូវច្បាប់ របស់ប្រទេសទាំងពីរ ។ ទោះបីជាមាននូវ សភាពការណ៍ខាងលើក៏ដោយ ក៏អង្គភាពទាំងពីរបានអនុវត្ត តាមការណែនាំរបស់អគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ពិសេសមេបញ្ជាការយោធភូមិភាគទី៤ ខិតខំធ្វើការ អត់ធ្មត់ ទំនាក់ទំនងសហប្រតិបត្តិការល្អ ជាមួយប្រទេសជិតខាង ដោះស្រាយបញ្ហាមិនប្រក្រតី ដែលកើត ឡើងក្នុងភូមិសាស្ត្រ ទទួលខុសត្រូវ ដោយសន្តិវិធី គ្មានការផ្ទុះអាវុធ ធ្វើឱ្យតំបន់ព្រំដែនមានសន្តិភាព និង ការអភិវឌ្ឍ ការពារបានបូរណភាពទឹកដី និងអាយុជីវិតប្រជាពលរដ្ឋ ។
ថ្លែងក្នុងឱកាសដ៏ប្រពៃនោះ លោក តូច ចាន់កុសល បានបញ្ជាក់ថា គណៈប្រតិភូក្រសួង ជាសមរភូមិក្រោយ មិនដែលភ្លេចសោះឡើយ ពីសេចក្តីសុខទុក្ខ របស់បងប្អូន សមរភូមិមុខ ដែលបាននឹង កំពុងឈរជើងការពារទឹកដី ពីការរំលោភឈ្លានពានរបស់សត្រូវ ដើម្បីការពារបូរណភាពទឹកដី និងអធិបតេយ្យភាព នៃដែនកម្ពុជរដ្ឋ នៃយើងគ្រប់គ្នា។ លោកបានបន្ថែមថា «បេះដូងយើងខ្ញុំទាំងអស់គ្នា សូមកោតសរសើរ និងវាយតម្លៃ ខ្ពស់ចំពោះវីរភាពដ៏ថ្លៃថ្លាដែល ឯកឧត្តម អស់លោក លោកស្រី សុខចិត្តបូរជាសាច់ ស្រស់ឈាមស្រស់ និងចាកឆ្ងាយពីក្រុមគ្រួសារមកបំពេញ ភារកិច្ចក្នុងបុព្វហេតុជាតិ មាតុភូមិនាពេលនេះ។ ដោយសុឆន្ទៈ ដ៏រឹងមាំនេះហើយទើប បើកឱកាស ឲ្យកម្ពុជា ធ្វើការអភិវឌ្ឍរីកចម្រើនដូចសព្វថ្ងៃ និងកំពុងបន្តជម្រុញ ពន្លឿនការអភិវឌ្ឍដោយចីរកម្ម នាពេលអនាគត ស្របតាមយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី៣ នៃ រាជរដ្ឋាភិបាលកម្ពុជា និងឈានទៅដល់ការកាត់បន្ថយ ភាពក្រីក្ររបស់ពលរដ្ឋ បានយ៉ាងពិតប្រាកដ»។
ឆ្លៀតក្នុងឱកាសនេះដែរ លោក តូច ចាន់កុសល បានរំលឹកឡើងថា ៣៦ឆ្នាំ នៃការប្រឹងប្រែង និង ជ័យជម្នះប្រកបដោយ មោទនភាព របស់ប្រជាជនកម្ពុជា ក្រោមការ ដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ដែល មាន សម្តេចទាំងបី ជាប្រមុខដ៏ឈ្លាសវៃ ប្រជាជនដែលនៅរស់រាន រួចផុតពីរបបប៉ុល ពត បានរួមសាមគ្គី កៀក ស្មាគ្នា ដើម្បីប្រយុទ្ធទប់ស្កាត់ ការប៉ុនប៉ងវិលត្រឡប់មកវិញ នៃរបបដ៏យង់ឃ្នងនេះ និងស្តារសេដ្ឋកិច្ច សង្គមឡើងវិញ តាំងពីលេខសូន្យ ឱ្យមានការរីកចម្រើនជាជំហានៗ ។
លោក តូច ចាន់កុសល ក៏បានផ្តាំផ្ញើដល់បងប្អូន យុទ្ធជនក្នុងអង្គភាពការពារព្រំដែន យកចិត្ត ទុកដាក់បន្ថែមទៀត ក្នុងការថែរក្សាសុខភាព រស់នៅស្អាត ហូបស្អាត ទឹកស្អាត ស្នាក់អាស្រ័យ ពេលយប់ សម្រាក និងគេងត្រូវដាក់មុង ការពារមូស កុំឱ្យកើតជំងឺគ្រុនចាញ់ ជាពិសេសត្រូវលេងកីឡា ដើម្បីពង្រឹង កាយសម្បទា របស់ យើងទាំងអស់គ្នាឱ្យរឹងមាំ និងរហ័សរហួន ព្រមទាំងបាន បាននាំយកមក នូវអំណោយ ជាសម្ភារ ថវិកាកំដរដៃ ជូនដល់បងប្អូនវីរយុទ្ធជន យុទ្ធនារី វរៈសេនាតូច លេខ៤១៥ និង៤២៥ តាម អង្គភាពនីមួយៗរួមមាន៖ ១)-អង្ករ ៥០បាវ ២)-មី ៥០កេស ៣)-ទឹកត្រី ៥០យួរ ៤)-ទឹកស៊ីអ៊ីវ ៥០យួរ ៥)-ទឹកបរិសុទ្ធ ២០០យួរ ៦)-ថវិកា ជូនវរៈយុទ្ធជន យុទ្ធនារីម្នាក់ៗ ចំនួន២០.០០០៛(ពីរម៉ឺនរៀល) ៨)-ថវិកាជូនអង្គភាពនីមួយៗទទួល បាន ៤.០០០.០០០៛ (បួនលានរៀល) និងជូនកំព្យូទ័រ និងអាគុយ ៧០អំពែរ ចំនួន ០២គ្រឿងដល់វរៈសេនាតូចលេខ៤២៥ បន្ថែមទៀត ៕