ភ្នំពេញ៖ លោក ហ្រ្វង់ស័រតាន់ ដែលជាអ្នកសារព័ត៌មានដ៏ល្បីមួយរូបនៅប្រទេសកម្ពុជា បានស្នើសុំឲ្យអ្នកនយោបាយទាំងពីរគណបក្ស គឺបក្សប្រជាជនកម្ពុជា និងសង្រ្គោះជាតិ កុំអួតជ្រុល និងកុំទទួលខុសជ្រុល នៅក្នុងទិវា៧មករា ដែលជាថ្ងៃរំដោះខ្មែរចេញពីរបបខ្មែរក្រហម។
ក្នុងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ លោក ហ្រ្វង់ស័រតាន់ នៅថ្ងៃទី៧ មករា ឆ្នាំ២០១៥នេះ ដែលជាថ្ងៃខួបលើកទី៣៦ឆ្នាំ នៃការរំដោះខ្មែរចេញពីរបប ខ្មៅងងឹតយង់ខ្នងប៉ុលពតនោះ បានឲ្យដឹងថា «សូមអ្នកនយោបាយទាំងសងខាងកុំអួតជ្រុល និងកុំ"ទទួលខុស" ជ្រុល។ តាមពិតកម្ពុជាបានរលាយហិនហោច ក៏ដោយហេតុតែមានបរទេសរួមចំណែក ហើយតាមពិត កម្ពុជាបានស្គាល់សន្តិភាពនិងវឌ្ឍនភាព ក៏ដោយសារតែមានបរទេស រួមចំណែក។ ល្មមដល់ពេលខ្មែរត្រូវគ្នាហើយ គ្មានអ្នកណាស្រឡាញ់កម្ពុជាជាងខ្មែរទេ»។
ក្នុងបណ្តាញសង្គមរបស់លោកបានបញ្ជាក់ថា «រៀងរាល់ឆ្នាំ តែដល់ថ្ងៃ៧មករា ខ្ញុំចង់ឡប់ សតិ ។ ចង់ឡប់សតិ ដ្បិតធុញនឹង ស្តាប់ការបកស្រាយយកត្រូវរៀងខ្លួន របស់អ្នកនយោបាយ ទាំងសងខាង ។ ចង់ឡប់សតិ ដ្បិតខ្មាស់អ្នកស្រាវជ្រាវបរទេស ជំនាញខាងបញ្ហាខ្មែរ ក្រហម ក្រោយ ពេលដែលបានស្តាប់ និងបានអានការបកស្រាយ ប៉ាតណាប៉ាតណី របស់"អ្នកចេះដឹងខ្មែរ"បច្ចុប្បន្ន។
លោក ហ្រ្វង់ស័រតាន់ បានបន្ថែមថា «ខ្ញុំមិនមែនជាប្រវត្តិវិទូទេ តែជាអ្នករួចជីវិតពី របបខ្មែរក្រហម ជាអ្នកបានអានហើយនៅ បន្តអានលទ្ធផលស្រាវជ្រាវរបស់អ្នកជំនាញ (ជនជាតិបរទេស) ខាងបញ្ហាខ្មែរមួយចំនួន រួមមានជាអាទិ៍ David P. Chandler, Stephen Heder, Ben Kiernan, Elizabeth Becker, Nicolas Regaud...។ ពេលអស់លោកបកស្រាយព្រឹត្តិការណ៍កម្ពុជា មេត្តាកុំភ្លេចតួនាទីរបស់បរទេស របស់បណ្តាមហាអំណាច បរិបទតំបន់និងអន្តរជាតិសម័យនោះ។ បើខ្មែរច្បាំងតែជាមួយខ្មែរ បើខ្មែរចរចាតែជាមួយខ្មែរ
(គ្មានលោកខាងលិច គ្មានចិន គ្មានសូវៀត គ្មានវៀតណាម គ្មានថៃ...) ប្រវត្តិសាស្ត្រកម្ពុជាមិនអាចមានដំណើរដូចអ៊ីចឹងទៅកើតទេ។
បើគ្មានបរិបទសង្គ្រាមត្រជាក់ទេ គ្មានទេរដ្ឋប្រហារឆ្នាំ១៩៧០ គ្មានទេរបបខ្មែរក្រហម គ្មានទេ៧មករា ហើយបើសិនជាគ្មានបរិបទចប់សង្គ្រាម
ត្រជាក់ទេ គ្មានទេកិច្ចព្រមព្រៀងប៉ារីស»៕