បន្ទាយមានជ័យ ៖ មន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ ជាច្រើននាក់ រួមទាំងពលរដ្ឋ រាប់ពាន់ នាក់នៅក្នុង ក្រុងប៉ោយប៉ែត បានប្រារព្ធ ថ្ងៃជ័យជំនះ៧មករា ឆ្នាំ១៩៧៩ នៅក្នុងក្រុងប៉ោយប៉ែត ។ ការប្រារព្ធពិធីនេះ នៅក្នុងទីស្នាក់ការ គណបក្សប្រជាជនកម្ពុជា ប្រចាំក្រុងប៉ោយប៉ែត នៅវេលាម៉ោង២ និង២៤នាទីរសៀល ថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៥ ស្ថិតនៅភូមិស្ទឹងបត់ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
កិច្ចអបអរនេះ លោកអ៊ុង អឿន សមាជិកគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា និងជាប្រធានគណបក្សខេត្ត លោកគោស៊ុំ សារឿត អនុសប្រធានគណបក្សខេត្ត និងជាប្រធានក្រុមចុះជួយក្រុងប៉ោយប៉ែត លោកង៉ោ ម៉េងជ្រួន ប្រធានគណបក្ស ក្រុងប៉ោយប៉ែត និងមន្ត្រីរាជការ គ្រប់លំដាប់ថ្នាក់ និងមានការចូលរួមភាគីថៃ គឺ អភិបាលស្រុកអារ័ញ្ញ និងមន្ត្រីគ្រប់ស្ថាប័ន ជាច្រើនរូបមកចូលអបអរសាទរខួបរំលឹកថ្ងៃ៧ មករា ផងដែរ ជាពិសេសប្រជាពលរដ្ឋរស់នៅក្នុង ក្រុងប៉ោយប៉ែត រាប់ពាន់នាក់ផងដែរ។
លោកង៉ោ ម៉េងជ្រួន ប្រធានណគបក្សក្រុងប៉ោយប៉ែត បានថ្លែងឲ្យដឹងថា ក្នុងនាមខ្ញុំសូមសំដែងនូវការគោរព ស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការគាំទ្រផ្នែកស្មារតី យ៉ាងមុតស្រួច សម្រាប់លើកទឹកចិត្តអោយក្រុមការងារ យុវជនបក្ស បានបំពេញការងារ បានល្អប្រសើរកន្លមមកនេះ។
លោកបាន បន្តថា នេះជាថ្ងៃខួបអនុស្សារីយ៍លើកទី៣៦ នៃទិវាជ័យជំនះថ្ងៃ៧មករា ឆ្នាំ១៩៧៩ ដែលបាន ផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុលពត ធ្វើអោយប្រជាជាតិរស់រៀងឡើងវិញ។ លោកបានបន្ថែមថា ទាំងអស់នេះ គឺក្រោមការដឹកនាំប្រទេសដ៏ប្រពៃ នៃគណបក្សប្រជាជនកម្ពុជា ជាពិសេសនោះគឺ មានសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី នៃព្រះជាណាចក្រកម្ពុជា បានកសាងសង អភិវឌ្ឍន៍ទាំងប្រទេសកម្ពុជា ជាក់ស្តែងការអភិវឌ្ឍន៍ និងរចនាសម្ព័នផ្លូវគមនាគមន៍ សំណងតូចធំជាច្រើននៅក្នុងប្រទេស ជាច្រើនផងដែរ លើសពីនោះ ការរឹតចង់ណងមិត្តភាពនៅតាមប្រទេសជិតខាង បានកាន់តែល្អប្រសើរ ។
ក្នុងឱកាសក៏មានពិធីប្រកាសបញ្ចូលឈ្មោះជាសមាជិក ក្រុមយុវជនបក្សប្រជាជនកម្ពុជា ចំនួន៥៥រូបផងដែរ ព្រមទាំងមានការ ប្រគំឥន្ត្រីកំសាន្តនៅពេលរាត្រី មានចំនួន២កន្លែង ទី១ ប្រគុំតន្ត្រីនៅក្នុងភូមិសាមគ្គីមានជ័យ ចូលរួម ដោយសេរី ទី២ ប្រគុំតន្ត្រីនៅក្នុងទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាប្រចាំក្រុងប៉ោយប៉ែត ដើម្បីអោយ ពលរដ្ឋចូលរួមកំសាន្តផងដែរ ៕