លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី បានអញ្ជើញ ជាអធិបតីក្នុងពិធីសម្ពោធផ្ទះ០៩ខ្នង របស់អង្គការ មូលនិធិកុមារកម្ពុជា (Cambodian Children’s fund) នៅក្នុងសហគមន៍ភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ដែលពិធីមានការ ចូលរួមពីថ្នាក់ គណៈគ្រប់គ្រង បុគ្គលិក អង្គការ មូលនិធិកុមារកម្ពុជា និងប្រជាពលរដ្ឋ ជាច្រើននាក់ផងដែរ។
លោក Scott Neeson នាយយកអង្គការ បានមានប្រសាសន៍ថា បងប្អូនមានជីវិតថ្មីជាមួយការរស់នៅក្នុងផ្ទះថ្មី នៅសហគមន៍នេះ ដូច្នេះបងប្អូនត្រូវចូលរួមថែរក្សាផ្ទះទាំងអស់នេះ ឱ្យបានស្អាតដើម្បីសុខភាពគ្រួសារ ហើយត្រូវ បញ្ជូនកូនៗទៅសាលារៀន ដើម្បីអនាគតដ៍ប្រសើររបស់ពួកគេ។
លោក ហ៊ុន ម៉ាណែត បានអបអរសាទរជាមួយ ប្រជាពលរដ្ឋនៅក្នុងសហគមន៍ភូមិឬស្សី ដែលបានទទួលផ្ទះ០៩ខ្នង បន្ថែមទៀត ដែលនេះគឺជាការ ធ្វើឱ្យប្រសើរឡើងដល់ការ រស់នៅរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុង សហគមន៍នេះ ដែលទាំងអស់នេះ បានការយកចិត្តដាក់ពី គណៈគ្រប់គ្រង បុគ្គលិក របស់អង្គការ សប្បុរសជននិង អាជ្ញាធរដែនដី ដែលបានធ្វើឱ្យពួកគាត់មានការស់នៅសមរម្យ។
លោក និងលោកស្រី បានបង្ហាញពីការយកចិត្តទុកដាក់ចំពោះជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ ទាំងមូល និងសំដែងនូវភាពស្និទ្ធស្នាល ជាមួយពួកគាត់នៅក្នុងសហគមននេះតាមរយៈការសាកសួរសុខទុក្ខ ប្រជាពលរដ្ឋតាមផ្ទះនិមួយ។
ប្រជាពលរដ្ឋនៅក្នុងសហគមន៍នេះ ដែលបានទទួលផ្ទះថ្មី បានបង្ហាញអារម្មណ៍ត្រេកអរ សប្បាយរីករាយដែលបាន ទទួលផ្ទះថ្មី និងបានថ្លែងអំណរគុណ គណៈគ្រប់គ្រង បុគ្គលិក របស់អង្គការ សប្បុរសជននិងអជ្ញាធរដែនដី ដែលបានធ្វើឱ្យពួកគាត់ មានការស់នៅ សមរម្យ និងសុវត្ថិភាព។
សូមបញ្ជាក់ថា ផ្ទះក្នុងសហគមន៍ភូមិឬស្សីនេះ បានកសាងបានចំនួន២០០ផ្ទះរួចមកហើយនិង គ្រោងសាងសង់ផ្ទះ ចំនួន៣០០ខ្នងបន្ថែមទៀតក្រោមការ ឧបត្ថម្ភថវិកាដោយអង្គការ World House និងកសាងដោយអង្គការមូលនិធិកុមារ កម្ពុជា (Cambodian Children’s fund) ដែលដឹកនាំដោយលោក Scott Neeson។