Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

មណ្ឌលសង្រ្គោះ ជនអស់សង្ឃឹម ផ្តល់ពន្លឺជីវិតថ្មី ជូនកុមារកំព្រា និងទុរគត របស់កម្ពុជា (មានវីដេអូ)

$
0
0

បន្ទាយមានជ័យ ៖ កុមារកំព្រា ទុរគត គ្មានទីពឹង និរាសព្រាត់ប្រាស់ ពីក្រុមគ្រួសារ ដែលជីវិតរបស់ពួកគេនឹងត្រូវធ្លាក់ ទៅក្នុងភពអវិជ្ជា ពោរពេញដោយភាពខ្មៅងងិត ដូចក្នុងស្បៃអន្ធកាលទៅហើយនោះ តែប្រែជាមានពន្លឺរស្មីនៃជីវិត ឡើងវិញ បន្ទាប់ពី «មណ្ឌលសង្រ្គោះជនអស់សង្ឃឹម» បានយកពួកគេ មកចិញ្ចឹមបីបមថ្នមថ្នាក់ ផ្តល់កំដៅ និងពន្លឺជីវិត ថ្មី ផ្តល់ជម្រកស្នាក់នៅ ចំណីអាហារ និងការសិក្សារហូតបញ្ចប់មហាវិទ្យាល័យថែមទៀតផង ។

«មណ្ឌលសង្រ្គោះជនអស់សង្ឃឹម» ដែលប្រៀបដូចជា ឋានសួគ៌លោកិយ សម្រាប់កុមារា កុមារីកម្ពុជា ដែលអស់ សង្ឃឹមក្នុងជីវិតនេះ មានទីតាំង ស្ថិតនៅក្នុងភូមិឬស្សីក្រោក ឃុំឬស្សីក្រោក ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ មាន ចម្ងាយប្រមាណជា ៣០០គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ។ មជ្ឈមណ្ឌលមួយនេះ ត្រូវបានបង្កើតឡើង នៅអំឡុងឆ្នាំ ២០១៤ ដោយប្រមូលក្មេងៗប្រមាណ ៦២នាក់ ស្រី ៣៥នាក់ មកចិញ្ចឹមបីបាច់ថែរក្សា និង ផ្តល់ការសិក្សាដល់ពួក គេ ។ ក្មេងៗ ដែលនាំយកមករស់នៅក្នុងមណ្ឌលនេះ គឺជាក្មេងកំព្រា ឪពុក-ម្តាយ និងមានស្ថានភាពគ្រួសារក្រីក្រលំបាក ដោយរស់នៅជាមួយជីដូនចាស់ជរា និងក្មេងខ្លះទៀត ដើរធ្វើការស៊ីឈ្នួលទាំងខ្លួននៅក្មេង ពុំបានសិក្សារៀនសូត្រ ជា ពិសេសពួកគេ ត្រូវបានបង្ខំឲ្យធ្វើការខុសពីសីលធម៌សង្គម ។

លោក រិន ប៊ុនឈួយ នាយកមណ្ឌលសង្រ្គោះ ជនអស់សង្ឃឹម បានថ្លែងរៀបរាប់ប្រាប់លោក សយ សុភាព អគ្គនាយកមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល គ្រាចុះទៅយកព័ត៌មានក្នុងមណ្ឌលនេះថា មណ្ឌលផ្តល់ពន្លឺជីវិតថ្មី សម្រាប់កុមារកំព្រា ទីទ័លក្រ និងទុរគតនេះ បានចាប់ផ្តើមដំណើរការឡើង ជាមួយផ្ទះចំនួន ៣ខ្នងធ្វើពីឬស្សី ដំបូល ប្រក់ស្បូវ និងជួបការខ្វះខាត ចំណីអាហារផ្គត់ផ្គង់ ការហូបចុករបស់កុមារជាខ្លាំង ។

មកដល់បច្ចុប្បន្ន ក្រោមការជួយឧបត្ថម្ភ ពីសប្បុរសជនក្នុង និងក្រៅប្រទេសប្រទេស ជាពិសេស អ្នកស្រី ម៉ារី អែន តំណាងឲ្យម្ចាស់ជំនួយ បានស្វះស្វែងរកប្រភពចំណូលពីសប្បុរសជនក្រៅប្រទេស គ្រប់ទីកន្លែង ដើម្បីផ្គត់ផ្គង់នៅក្នុង មណ្ឌល រហូតមានលទ្ធភាពសាងសង់អគារចំនួន ១៤ខ្នង ។ ក្នុងនោះ អគារសម្រាប់ស្នាក់នៅរបស់ក្មេងមាន ១១ខ្នង ចែកជា១២បន្ទប់ អគារសាលប្រជុំ១ខ្នង អគារការិយាល័យ ១ខ្នង អគារបណ្ណាល័យ ១ខ្នង និងទីលានបាល់ទះ ១ កន្លែង ។

លោក រិន ប៊ុនឈួយ បានថ្លែងរៀបរាប់ថា ការកកើតមណ្ឌលនេះ គឺផ្តើមចេញពីជីវិតរបស់លោក ដែលជាក្មេងកំព្រា ហែលឆ្លងគ្រប់ឧបសគ្គ ការលំបាកក្នុងជីវិត ទើបសម្រេចបង្កើតមណ្ឌលនេះឡើង ដើម្បីជួយដល់ក្មេងៗកំព្រា គ្រប់ទី កន្លែងនៅកម្ពុជា ។

លោកបានថ្លែងយ៉ាងដូច្នេះថា «មូលហេតុ គឺពីដើមឡើយ ខ្ញុំគឺជាអ្នកដែលក្រលំបាក កំព្រា ដែលខ្លួនឯងលំបាក ក៏នឹក ឃើញចង់ជួយដល់ក្មេងៗ ទុរគត ក្មេងកំព្រា គ្មានទីពឹង»។

នាយកមណ្ឌលសង្រ្គោះជនអស់សង្ឃឹម បានឲ្យដឹងថា ក្មេងកំពុងរស់នៅ និងរៀនសូត្រ ក្នុងមណ្ឌលនាពេលបច្ចុប្បន្ន មានចំនួន ១៤២នាក់ ក្នុងនោះក្មេងស្រីមានចំនួន ៦០នាក់ ចាប់ពីអាយុ ១ឆ្នាំឡើងទៅ ។ ក្មេងៗទាំងអស់ គឺខាង មណ្ឌលរបស់លោក យកទៅដោយផ្ទាល់ ពីគ្រប់បណ្តាខេត្ត តាមរយៈអាជ្ញាធរ អង្គការនានា និង មន្ទីរសង្គមកិច្ចផង ដែរ។

លោកបានថ្លែងយ៉ាងដូច្នេះ «ក្មេងនេះ យើងយកមកពីតាមបណ្តាខេត្ត គ្រប់ខេត្តទាំងអស់ នៅក្នុងប្រទេសកម្ពុជា តាម រយៈអាជ្ញាធរ តាមរយៈខេត្ត តាមរយៈមន្ទីរសង្គមកិច្ច សាលាស្រុក ដែលគេបានដឹងដំណឹង គេខលប្រាប់ថា អូរ! ក្មេង ម្តាយបោះបង់ចោលនៅប៉ោយប៉ែត ចឹងយើងឡើងទៅយកទៅ»។

លោក រិន ប៊ុនឈួយ បានបន្តថា ក្មេងៗទាំងអស់ ត្រូវបានមណ្ឌលឲ្យទៅសិក្សា នៅតាមសាលារដ្ឋ ចាប់ពីថ្នាក់ទី១ រហូតដល់ចប់មហាវិទ្យាល័យ ដោយមណ្ឌលជាអ្នកផ្តល់ជម្រក ការហូបចុក និងសម្លៀកបំពាក់។ ក្រៅពីនោះ មណ្ឌល ផ្តល់សិក្សាបំប៉នបន្ថែម ផ្នែកភាសាអង់គ្លេស ភាសាខ្មែរ គណិតវិទ្យា និងកុំព្យូទ័រ ព្រមទាំងជំនាញវិជ្ជាជីវៈ កាត់ដេរជា ដើម ។

បើតាមលោក រិន ប៊ុនឈួយ មជ្ឈមណ្ឌលសង្រ្គោះ ជនអស់សង្ឃឹម បានចំណាយថវិកាប្រមាណជា ៧ពាន់ដុល្លារ ក្នុង មួយខែៗ ដើម្បីទ្រទ្រង់ការរស់នៅ ហូបចុក សេវាសុខភាព និងការសិក្សារបស់ក្មេងៗ ។ ថវិកាទាំងអស់ ទទួលបានពី ការជួយឧបត្ថម្ភពីសប្បុរសជន និងការខិតខំធ្វើការរកប្រាក់កម្រៃដោយផ្ទាល់របស់លោក រិន ប៊ុនឈួយ ។

លោក រិន ប៊ុនឈួយ បានអះអាង ជាមួយការប្តេជ្ញាចិត្តថា ទោះបីរូបលោកត្រូវទូលរែកនូវភាពលំបាកយ៉ាងណាក្តី ក៏រូប លោកត្រូវតែពុះពារគ្រប់ឧបសគ្គ ដើម្បីផ្តល់ពន្លឺជីវិតដល់ក្មេងៗ ដ៏កម្សត់ទាំងអស់នោះ ។

ក្មេងៗនៅក្នុងមណ្ឌលសង្រ្គោះជនអស់សង្ឃឹម មានក្មេងខ្លះមិនមានឪពុក-ម្តាយ ហើយក៏មិនដឹងថា មុខឪពុក-ម្តាយ សាច់ញាតិរបស់ពួកគេយ៉ាងម៉េចនោះដែរ ព្រោះពួកគេត្រូវបានមណ្ឌលរើសមកចិញ្ចឹមតាំងពីកូនង៉ាក៏មាន។ ទោះបីជា យ៉ាងណា ក្មេងៗមួយចំនួនធំ បានពេញរូបពេញរាង និងកំពុងចាប់យកការសិក្សាតាំងពីថ្នាក់បឋមរហូតដល់មហា វិទ្យាល័យ ។

ពួកគេបានសម្តែងការសប្បាយរីករាយ ជាមួយមណ្ឌលសង្រ្គោះជនអស់សង្ឃឹម ដែលបានផ្តល់នូវពន្លឺ ពន្លកជីវិតថ្មី សម្រាប់ពួកគេ ។ ពួកគេសុទ្ធតែតាំងចិត្ត ខិតខំសិក្សាក្រេបយកចំណេះដឹង យកមកបម្រើសង្គម ជាពិសេសជួយបន្ត និរន្តភាព នៃការសង្រ្គោះដល់កុមារឥតទីពឹងរបស់កម្ពុជា នៅក្នុង «មណ្ឌលសង្រ្គោះជនអស់សង្ឃឹម» ។

លោក ប៊ុន ឈួយ ក៏បានធ្វើការអំពាវនាវ និងរំពឹងទទួលបានការជួយឧបត្ថម្ភជ្រោមជ្រែង ពីសប្បុរសជនជនជាតិ ខ្មែរ បរទេសទាំងក្នុងស្រុក និងក្រៅស្រុក ដើម្បីរួមគ្នាផ្តល់ពន្លឺ និងគុណភាព នៃជីវិត ដល់កុមារៗ ដែលកំពុងជួប ភាព កម្សត់នៅក្នុងប្រទេសកម្ពុជា ៕


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>