Quantcast
Channel: ព័ត៌មានថ្មីបំផុត
Viewing all articles
Browse latest Browse all 8042

ក្រសួងសុខាភិបាល ល្មមចាត់ការ អ្នកបង្ខូចឈ្មោះ ប្រធាន មន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុហើយ

$
0
0

ព្រះសីហនុៈ លោកវេជ្ជបណ្ឌិត សេង ណុង ប្រធានមន្ទីរពេទ្យបង្អែក ខេត្តព្រះសីហនុ (មន្ទីរពេទ្យចំការចេក) ដែលមានទីតាំង ស្ថិតនៅផ្លូវឯករាជ្យ ក្នុងសង្កាត់លេខ៤ ក្រុងខេត្តព្រះសីហនុ កំពុងរងនូវភាពអយុត្តិធម៌យ៉ាងខ្លាំង ពីមន្រ្តីខិលខូច ដែលតែងតែ ព្យាយាមមូលបង្កាច់ ម្តងហើយម្តងទៀត ថាបានប្រព្រឹត្តអំពើពុករលួយ ខណៈដែលរូបលោក បានធ្វើឲ្យមន្ទីរពេទ្យរបស់រដ្ឋ មួយនេះ កាន់តែប្រសើរឡើង បន្ទាប់ពីរូបលោកបានឡើងកាន់ដំណែង ជាប្រធានមន្ទីរពេទ្យ នាប៉ុន្មានឆ្នាំចុងក្រោយនេះ ។

ប្រភពពីវេជ្ជបណ្ឌិត គ្រូពេទ្យ  បុគ្គលិក មន្រ្តីរាជការ ដែលបំរើការងារ ក្នុងមន្ទីរពេទ្យភាគច្រើន ក៏ដូចជាប្រជាពលរដ្ឋ ដែលបានចូលមកព្យាបាលជំងឺ បានថ្លែងការគាំទ្រ ចំពោះលោកប្រធានមន្ទីរពេទ្យថ្មី ដែលបានដឹកនាំមន្ទីរពេទ្យ របស់ រដ្ឋមួយនេះ ឲ្យមានភាពប្រសើរឡើង ជាងអ្នកដឹកនាំមុនៗ ។ ទន្ទឹមនឹងនេះ ការកែទម្រង់ស៊ីជម្រៅ របស់រាជរដ្ឋាភិបាល អាណត្តិទី៥ ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំ ក្នុងនោះវិស័យសុខាភិបាល ជាវិស័យមួយ ដែលស្ថិតនៅលំដាប់អត្ថិភាព ដែលត្រូវធ្វើការកែទម្រង់ស៊ីជម្រៅ ក្រសួងសុខាភិបាល ដែលមានលោកសាស្រ្តាចារ្យ វេជ្ជបណ្ឌិត ម៉ម ប៊ុនហេង ជាអ្នកដឹកនាំ ផ្ទាល់លើវិស័យនេះ បានដាក់ចេញនូវសារាចរណែនាំ លេខ០៤៣ អបស.មព ចុះថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០១៤ ស្តីពីការពង្រឹងវិន័យ មន្រ្តីសុខាភិបាល ហើយមន្ទីរសុខាភិបាល ខេត្តព្រះសីហនុ ក៏ដូចជាមន្ទីរពេទ្យបង្អែកខេត្ត តែងតែខិតខំ ពង្រឹងគុណភាព ក៏ដូចជាវិន័យរបស់មន្រ្តីរាជការ ដែលបំរើការក្នុងវិស័យសុខាភិបាល តាមសារាចរណែនាំ ក៏ដូចជា បទបញ្ជាផ្ទៃក្នុង សម្រាប់អនុវត្តក្នុងមន្ទីរពេទ្យអង្អែក ខេត្តព្រះសីហនុជាដើម ។

ទន្ទឹមនិងបញ្ហាកែទម្រង់ស៊ីជម្រៅ ក្នុងន័យធ្វើឲ្យមន្ទីរពេទ្យ របស់រដ្ឋដំណើរការល្អឡើងវិញ វាបានធ្វើឲ្យវេជ្ជបណ្ឌិត និងគ្រូពេទ្យមួយចំនួនមិនពេញចិត្ត ព្រោះតែវេជ្ជបណ្ឌិត និងគ្រូពេទ្យទាំងនោះ មិនមានពេលវេលាគ្រប់គ្រាន់ ក្នុងការប្រកប របររកស៊ីផ្ទាល់ខ្លួន ដែលជាហេតុ មិនអាចមកបំពេញការងាររដ្ឋ បានពេញលេញ ហើយបែរជាធ្វើការ ចោទប្រកាន់ប្រធានមន្ទីរពេទ្យ ក៏ដូចជាថ្នាក់នាំមន្ទីរសុខាភិបាលថា បក្ខពួកនិយមជាដើម ។

អ្នកដឹងរឿង ភាពអយុត្តិធម៌ របស់លោកប្រធានមន្ទីរពេទ្យ ដែលអត់ទ្រាំមិនបាន បានព្រលយប្រាប់ឲ្យដឹងថា មេខ្លោងក្នុង ការអុជអាល មួលបង្កាច់ចោទប្រកាន់ លោកប្រធានមន្ទីរពេទ្យ គឺលោកវេជ្ជបណ្ឌិត លិ គីមហួរ ដែលជាម្ចាស់គ្លីនិក ដ៏ធំជាងគេ ក្នុងខេត្តព្រះសីហនុ គឺមន្ទីរពហុព្យាបាលសេតេ ស្ថិតនៅផ្លូវបុរីកម្មករ ក្នុងសង្កាត់លេខ២ ក្រុងខេត្តព្រះសីហនុ ។

ប្រភពពីអ្នកស្គាល់ លោកវេជ្ជបណ្ឌិតរូបនេះ តាំងពីក្មេងៗមក ក៏បានប្រាប់ឲ្យដឹងដែរថា លោកវេជ្ជបណ្ឌិតរូបនេះ តាំងពីក្មេងមករៀនមិនពូកែនោះទេ ហើយឧស្សាហ៍គេចសាលាថែមទៀត ប៉ុន្តែក្រោយពីបែកគ្នាប៉ុន្មានឆ្នាំក្រោយមក ស្រាប់តែឃើញ មកធ្វើការនៅមន្ទីរពេទ្យបង្អែកខេត្ត ហើយតាំងខ្លួនជាវេជ្ជបណ្ឌិតទៅទៀត ។

ប្រភពដដែល បានព្រលយបន្ថែមទៀតថា ប្រសិនបើគាត់ឈឺ ក៏គាត់មិនហ៊ានទៅរកវេជ្ជបណ្ឌិតរូបនេះ ចាក់ថ្នាំឲ្យគាត់ឡើយ ។ ប្រភពដដែល ក៏បានឲ្យដឹងបន្ថែមទៀតថា ទំនងជាមកពីភាពវ័យឆ្លាត និងពូកែអែបអបអ្នកធំហើយ បានជាធ្វើឲ្យវេជ្ជបណ្ឌិត រូបនេះ មានលទ្ធភាពបើកគ្លីនិកដ៏ធំ ហើយគាត់មានការបារម្ភ ខ្លាចមន្ទីរពេទ្យបង្អែកខេត្តដំណើរល្អ ធ្វើឲ្យគ្លីនិកឯកជន របស់គាត់ ប្រឈមនិងការបាត់បង់អតិថិជននៅថ្ងៃក្រោយ ។

ប្រភពដដែល បានរៀបរាប់ប្រាប់ថា ដប់ឆ្នាំកន្លងមក លោកវេជ្ជបណ្ឌិតរូបនេះ មិនសូវចូលមកធ្វើការ នៅមន្ទីពេទ្យរដ្ឋប៉ុន្មានទេ មិនតែប៉ុណ្ណោះ គាត់ថែមទាំងបានអូសទាញ វេជ្ជបណ្ឌិតជំនាញខាង វះកាត់ ខាងថ្នាំសណ្តំ និងវេជ្ជបណ្ឌិត និងគ្រួពេទ្យជំនាញ ផ្សេងៗប្រមាណជាង ២០នាក់ ទៅបំរើការងារក្នុងគ្លីនិករបស់ខ្លួន និងគ្រូពេទ្យអត់វិន័យប្រមាណ ១០នាក់ ទៀត ដែលចេញទៅធ្វើការឯកជនខាងក្រៅ ដែលជាហេតុធ្វើឲ្យមន្ទីរពេទ្យរដ្ឋ តែងមានបញ្ហាកន្លងមករហូត ។

ប៉ុន្តែបន្ទាប់ពី លោកវេជ្ជបណ្ឌិត សេង ណុង ឡើងគ្រប់គ្រងជាប្រធានមន្ទីរពេទ្យម្តង លោកបានធ្វើការកែប្រែ និងអនុវត្តបទបញ្ជាផ្ទៃក្នុង របស់មន្ទីរពេទ្យ ដោយតម្រូវឲ្យវេជ្ជបណ្ឌិត ដែលបើកប្រាក់ខែរដ្ឋ ត្រូវតែមកបំរើការងារ តាមពេលវេលាដែលបានកំណត់ ។ ដូច្នេះ មូលហេតុអស់ទាំងនេះហើយ ដែលធ្វើឲ្យអស់លោកប៉ុន្មាននាក់នេះ មិនសប្បាយចិត្ត ។  

ប្រភពដដែល ក៏បានអំពាវនាវ ឲ្យក្រសួងសុខាភិបាល សូមធ្វើការត្រួតពិនិត្យ បុគ្គលិកលក្ខណៈ របស់ក្រុមវេជ្ជបណ្ឌិត និងអ្នកខិលខូចទាំងនោះ គួរតែដាក់វិន័យ ប្រសិនពិនិត្យឃើញថា មានកំហុសមែននោះ ។ ប៉ុន្តែទោះបីជាយ៉ាងណា ក៏ប្រភពដដែលសុំស្នើថា លោកវេជ្ជបណ្ឌិត គ្រូពេទ្យទាំងអស់ គួរតែមានសតិសម្បជញ្ញៈ និងការទទួលខុសត្រូវ ដោយស្រប តាមវិជ្ជាជីវៈ និងរក្សាបាននូវភាពថ្លៃថ្នូររបស់ខ្លួន ដោយមិនត្រូវបិទបាំងកំហុសរបស់ខ្លួន ហើយធ្វើការចោទប្រកាន់គេនោះទេ ។
ហើយគប្បីចូលរួមចំណែក ក្នុងការធ្វើឲ្យប្រសើរឡើង ក្នុងវិស័យសុខាភិបាល របស់រាជរដ្ឋាភិបាលអាណត្តិទី៥ វិលមកគោរព វិន័យតាមបទបញ្ជាផ្ទៃក្នុង របស់មន្ទីរពេទ្យ និងសារាចរណែនាំ របស់ក្រសួងសុខាភិបាល និងសារាចរណែនាំ របស់សាលាខេត្តព្រះសីហនុជាដើម ។ ហើយជាងនេះទៅទៀត មិនត្រូវភ្លេចប្រសាសន៍ របស់សម្តេចតេជោ ហ៊ុន សែន ដែលបានថ្លែង ក្នុងពិធីប្រជុំគណៈរដ្ឋមន្ដ្រីលើកដំបូង សម្រាប់នីតិកាលទី៥ នៃរដ្ឋសភាជាតិ នៅវិមានសន្ដិភាពនៅព្រឹក ថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ២០១៣ថា “ទី១.ត្រូវឆ្លុះកញ្ចក់មើលខ្លួនឯង, ទី២.ត្រូវងូតទឹកសម្អាតខ្លួន, ទី៣.ត្រូវដុសក្អែលចេញ ពេលងូតទឹកនោះ និង ទី៤.ត្រូវព្យាបាលជំងឺ បើវាមានជំងឺ” បើពុំដូច្នោះទេ សម្ដេចនឹងចាត់វិធានការក្ដៅអាចរហូតដល់ការដកតំណែងទៀតផង ។ ជុំវិញការចោទប្រកាន់ថា លោកវេជ្ជបណ្ឌិត លិ គីមហួរ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល មិនអាចសុំការបំភ្លឺបានឡើយ ព្រោះគ្មានលេខទូរស័ព្ទ ៕

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News

Photo by DAP-News


Viewing all articles
Browse latest Browse all 8042

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>