-សំណងរដ្ឋប្បវេណី អាស្រ័យលើ ជនរងគ្រោះ តែជនបង្កមាន ទោសឧក្រិដ្ឋ ត្រូវចាប់ខ្លួន បញ្ជូនទៅតុលាការ
កំពង់ចាម ៖ ចំពោះករណី ដ៏ក្តៅគគុកមួយទៀត ស្នងការនគរបាល ខេត្ត កំពង់ចាម លោកឧត្តមសេនីយ៍ បែន រ័ត្ន មិនបាននៅស្ងៀមនោះទេ ពោលបាន បញ្ជាទៅ នគរបាលជំនាញ និងនគរបាល ក្រុងកំពង់ចាម ត្រូវតាមចាប់ខ្លួន ជនបង្កម្នាក់ ដែលជាកូនចៅ ឫដៃជើង របស់ឧកញ៉ា លី ឈុនអ៊ូ ដែល ជាប់ពាក់ព័ន្ធ និងទង្វើវាយធ្វើបាប គំរាមសម្លាប់ និងចាប់រំរលោភ លើនារី ជាអ្នកបម្រើ នៅហាងខារ៉ាអូខេ សម័យទំនើប បណ្តាលឲ្យរងរបួស និង មានស្នាមជាំ នៅលើរាងកាយ ជាច្រើនកន្លែង ។
លោកឧត្តមសេនីយ៍ស្នងការថែមទាំងបានសង្កត់ធ្ងន់ថា ចំពោះរឿងរដ្ឋប្បវេណី អាស្រ័យលើជនរងគ្រោះ ជាអ្នកទាមទារ តែសម្រាប់បទល្មើសព្រហ្មទណ្ឌ លោកដាច់ខាតមិនលើក លែងឲ្យ ជាដាច់ខាត ត្រូវតែចាត់វិធានការ តាមផ្លូវច្បាប់ជាធរមាន។
អធិការ នគរបាល ក្រុងកំពង់ចាម លោក សម ផា បានថ្លែងឲ្យដឹងថា តាមពិត ករណីខាងលើនេះ បានកើតឡើងតាំងតែយប់ថ្ងៃទី៧ ខែមករា និង ឆ្លង ចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥មកម៉្លេះ តែម្ចាស់ហាងមិនបានជូនដំណឹង មកសមត្ថកិច្ចរបស់លោកនោះទេ ទើបតែនារីរងគ្រោះ បានមកដាក់ ពាក្យបណ្តឹង កាលពីរសៀលថ្ងៃទី១០ ខែមករា ឆ្នាំ២០១៥។
លោក សម ផា បានបញ្ជាក់ថា «រសៀលថ្ងៃនេះ ខ្ញុំទើបទទួលបានពាក្យបណ្តឹង ពីជនរងគ្រោះ ឈ្មោះ តី បម្រើការងារ នៅហាងខារ៉ាអូខេ សម័យទំនើប រឿងហេតុនេះ គឺធ្ងន់ធ្ងរ ណាស់ ករណីបង្ខំ វាយដំច្រំធាក់ ធ្វើឲ្យរបួសស្នាមហើយ ភ្ជង់កាំភ្លើង យកទៅ ដេកជាមួយ នៅខាងទន្លេបិទទៀត តែម្ចាស់អាជីវកម្ម មិនបាន រាយការណ៍ឲ្យយើងទេ ខ្ញុំទើបតែទទួលរបាយការណ៍»។
បើតាម អធិការ នគរបាល ក្រុងកំពង់ចាម នៅរសៀល ថ្ងៃដដែលនេះ លោក បានកោះហៅ ថៅកែ ខារ៉ាអូខេ ឈ្មោះ ណុល មេកា និងនារី បម្រើខារ៉ាអូខេ ដែលដឹងរឿង ដើម្បីធ្វើការសាកសួរ ចាត់ការបន្តទៀត តាមផ្លូវច្បាប់។ សម្រាប់ករណីដ៏គួរឲ្យថ្កោលទោស ចំពោះទង្វើ អសីលធម៌ និងអាងអំណាចបែបនេះ ស្នងការ នគរបាល ខេត្តកំពង់ចាម បានបញ្ជាក់ថា «សំណុំរឿងមួយនេះខ្ញុំគ្មាន ការយោគយល់នោះទេ ហើយដាច់ខាតគ្មាន ការសម្របសម្រួល តាម រូបភាពណាក៏ដោយ ។
ខ្ញុំនឹងតាមមើលរឿងនេះ ដោយផ្ទាល់ និងត្រូវតាម ចាប់ជនល្មើស បញ្ជូនទៅតុលាការ ហើយការទាមទារសំណង ជារឿង រដ្ឋប្បវេណី ឯរឿងបង្ករបួសស្នាម ដោយចេតនា និងរំលោភ វាជាបទឧក្រិដ្ឋ»។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ស្នងការ ក៏បានថ្លែងបញ្ជាក់ថា រឿងហេតុ ពិតប្រាកដ គឺកើតឡើងនៅ ចំណុចទន្លេបិទ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ឯណោះទេ ប៉ុន្តែដោយសារនារីរងគ្រោះ បានដាក់ពាក្យបណ្តឹង នៅ ក្រុងកំពង់ចាមទើប លោកចេញវិធានការភ្លាមៗតែម្តង ។
ដោយឡែក មន្រ្តីនគរបាល ស្រុកត្បូងឃ្មុំ បានថ្លែងឲ្យដឹងថា មិនបានទទួល ព័ត៌មាន ខាងលើនេះទេ ដោយសារតែជនរងគ្រោះ មិនបានដាក់ពាក្យបណ្តឹង នៅទីនោះ ។ សូមបញ្ជាក់ថា នារីរងគ្រោះ ស៊ិន តី អាយុ២៨ឆ្នាំ រស់នៅ ក្រុងកំពង់ចាម និងបម្រើការងារ នៅហាងខារ៉ាអូខេ សម័យទំនើប បានរៀប រាប់ថា ត្រូវបានជនបង្ក ឈ្មោះ ជឿន ហេង អាយុ៣៤ឆ្នាំ ជាកូនចៅ របស់ឧកញ៉ា លី ឈុនអ៊ូ វាយធ្វើបាប គំរាមសម្លាប់ និងបង្ខំចាប់រំលោភ បានសម្រេច បណ្តាលឲ្យនារីរងគ្រោះ រងរបួសលើដងខ្លួន ដោយមានស្នាមជាំ ទៀតផង កាលពីយប់រំលងអាធ្រាត្រ ចូលថ្ងៃទី៨ ខែមករា ឆ្នាំ២០១៥ កន្លងទៅ។
នារីរងគ្រោះ បានថ្លែងថា កាលពីពេលកន្លងទៅ ជននេះដែលធ្លាប់ ទំនងទំនងជាមួយនាងនោះ ក៏បានធ្វើបាបផងដែរ តែមិនហ៊ានប្តឹងទេ ពីព្រោះ ខ្លាចអំណាច ទើបតែនៅពេលនេះ វាយធ្វើបាប និងគំរាម បាញ់សម្លាប់ចោល ទើបដាច់ ចិត្តដាក់ពាក្យបណ្តឹងតែម្តង ។
គេមិនទាន់ដឹងថា តើជនបង្ក ដែល អាងអំណាច មេកើយរបស់ខ្លួន ដ៏មានឥទ្ធិពល នៅខេត្តកំពង់ចាមនោះ រត់គេចខ្លួន ទៅដល់ទីណានោះទេ តែយ៉ាងណាក៏ដោយ ទោះបីរត់ទៅដល់ ឃើញមេឃ ក៏មិនអាចគេចផុតពី កណ្តាប់ដៃ របស់នគរបាល ខេត្តកំពង់ចាម ឡើយ៕