កំពង់ធំៈ លោក សុខ លូ អភិបាលរងខេត្ត និងជាប្រធាន ក្រុមការងារ ចុះជួយស្រុកសណ្តាន់ថ្ងៃទី ១១ខែ មករា ឆ្នាំ ២០១៥ បានអញ្ជើញជួបសំណេះសំណាល ជាមួយបងប្អូន ប្រជាពលរដ្ឋ មកពីឃុំមានជ័យ នៃស្រុក សណ្តាន់ខេត្តកំពង់ធំ ។ ក្នុងឱកាសនោះ លោកសុខ លូ បានពាំនាំនូការសាកសុខទុក្ខ ពីសំណាក់ សម្តេចទាំងបី ដែលសម្តេចតែងតែបានគិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋនៅគ្រប់មូលដ្ឋាន ទូទាំងប្រទេស ។
លោកបានចាត់ទុកថា ថ្ងៃ៧កមរា គឺជាថ្ងៃកំណើត ទី២ ដែលធ្វើឲ្យប្រជាពលរដ្ឋកម្ពុជា មិនអាចបំភ្លេចបាន ដោយ សារ មានថ្ងៃរំដោះ៧មករា ទើបប្រជាពលរដ្ឋកម្ពុជាយើង អាចរស់រានមាន ជីវិតឡើងវិញ និងមាន សេរីភាព រហូត មកបច្ចុប្បន្ននេះ។ ស្មារតី៧មករា គឺជាស្មារតីអមតស្ថិត នៅក្នុងជម្រៅចិត្ត របស់ប្រជាជនកម្ពុជាជាប់ជានិច្ច ។ ដូចនេះហើយបានជាថ្ងៃ៧មករា ត្រូវបានគេកំណត់ជាថ្ងៃ ទិវា សម្រាប់ ជាតិទាំងមូលទាំងមន្ដ្រីរាជការបុគ្គលិក កម្មករ ក្រុមហ៊ុន ទាំងអស់ ដែលបំពេញការងារនៅកម្ពុជា។
ដោយសារការដឹកនាំ របស់គណបក្ស ប្រជាជនកម្ពុជា បានធ្វើឲ្យប្រទេសជាតិ មានការវិវឌ្ឍន៍រីកចម្រើនលើ គ្រប់វិស័យ ហើយសមិទ្ធផលនានា ត្រូវបានកកើតឡើង ពាសពេញ ផ្ទៃប្រទេស។ លោកបាន ណែនាំដល់ មន្ដ្រីក្រោមឱវាទទាំងអស់ រំលឹកនូវការដឹងគុណផងដែរ ដល់វីរៈជនស្នេហាជាតិ គ្រប់ទិសទី ដែលបានពលី ជីវិត រំដោះ ប្រជាជាតិ ឲ្យបានរួចផុតពីរបបដ៏យង់ខ្នងនេះ ហើយតទៅយើងត្រូវខិតខំ បំពេញការងារ ទៅតាមតួនាទី រៀងៗខ្លួន ដើម្បីបម្រើ សំណូមពរ និង សេចក្ដីត្រូវការជូន ប្រជាពលរដ្ឋ រួមសាមគ្គីគ្នា ការពារសមិទ្ធផលទាំង ឡាយ ឲ្យបានស្ថិតស្ថេរគង់វង្ស និងជំរុញអោយបងប្អូនប្រជាពលរដ្ឋ ក្រោយពីប្រមូលផលស្រូវ វស្សាហើយត្រូវ បន្តដាំដំណាំរួមផ្សំបន្ថែមទៀត ដើម្បីអោយជីវភាពរបស់បងប្អូនមានការកើនឡើងជាលំដាប់៕